បំពាក់អាវុធ​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស តែ​ក៏​គួរ​បង្កើន​កិច្ចសហការ​នៅ​សហគមន៍​ដែរ​!

527
ចែករម្លែក

ទីបំផុត​ក្រសួងបរិស្ថាន បានសម្រេច​បំពាក់អាវុធ ជា​កាំភ្លើង​វែង សេ​កា​សេ​(CKC ) ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជាង ១២០០​នាក់ នៅ​ទូទាំងប្រទេស​ដើម្បី​ប្រើប្រាស់​ពេល ដើរល្បាត នៅ​តំបន់ការពារធម្មជាតិ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង បរិស្ថាន​។ ក្រៅពី​មេបញ្ជាការ​កងទ័ព​ផ្តល់​ការហ្វឹកហាត់​ពី​របៀប​ប្រើប្រាស់​កាំភ្លើង ហើយ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏​បានចេញ​សេចក្តីណែនាំ ដែលមាន ១១​ចំណុច ស្តីពី ការគ្រប់គ្រង និង​ប្រើប្រាស់​អាវុធ​នៅ​តំបន់​ការពារ ធម្មជាតិ​ទាំងនោះ​ផងដែរ​។​

​ក្រសួងបរិស្ថាន កំពុង​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ចំនួន ៥៧ កន្លែង មាន​ទំហំ ប្រមាណ ៧ ២៤៩ ០២៤ ហិកតា ដែល​ក្នុងនោះ មាន​ឧទ្យាន​ជាតិ​ចំនួន ១២ កន្លែង ដែនជម្រកសត្វព្រៃ​ចំនួន ២០ កន្លែង តំបន់ការពារទេសភាព​ចំនួន ១២ កន្លែង​តំបន់ ប្រើប្រាស់​ច្រើនយ៉ាង​ចំនួន ៨ កន្លែង តំបន់​រ៉ា​ម​សារ​ចំនួន ៥ កន្លែង​តំបន់​បេតិកភណ្ឌ ធម្មជាតិ​ចំនួន ២ កន្លែង និង​របៀង​អភិរក្ស​ជីវសាស្ត្រ​ចម្រុះ​ចំនួន ៣ កន្លែង​។

​ក្នុងការ​ការពារ និង​អ​ភ​រិ​ក្ស​តំបន់ការពារធម្មជាតិ​ទាំងនេះ ក្រសួងបរិស្ថាន​មាន​មន្ត្រី ឧ​ទ្យា​នុ​រក្ស​ចំនួន ១.២២០ នាក់ ដែល​កំពុង​ឈរជើង​ការពារ​ធនធាន​ធម្មជាតិ​នៅក្នុង តំបន់​ទាំងនោះ​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​កាន់​អាវុធ​ពេលនេះ​បានការ​បង្វឹក​ពី​យោធាចា​រ្យ នៅតាម​បណ្តា​ភូមិភាគ ដើម្បី​ប្រើប្រាស់ ថែទាំ និង​គ្រប់គ្រង​អាវុធ​ប្រភេទ សេ​កា​សេ​។​

​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា អាវុធ​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​អាច​ប្រើប្រាស់​បានតែ​ក្នុង ពេល​ចុះ​បំពេញបេសកកម្ម​ល្បាត ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ គ្រប់​រូបភាព ក្នុង​តំបន់ការពារធម្មជាតិ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដោយ​ភ្ជាប់​ជាមួយ នូវ​លិខិត​បញ្ជា​បេសកកម្ម និង​ប័ណ្ណ​សម្គាល់​អាវុធ​ឲ្យ​បាន​ត្រឹមត្រូវ​។ ម្យ៉ាងទៀត ក្នុងពេល​បំពេញបេសកកម្ម​ហាម​ដា​ច់​ខាត​ការបាញ់បោះ​លើកលែង​ក្នុងករណី​ពិសេស ដែល​ត្រូវការពារ​ខ្លួន​នូវ​គ្រោះថ្នាក់​ចំពោះមុខ​។​

​កន្លងមក​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មួយចំនួន ទទួលរង​ការវាយប្រហារ​ពី​ជនល្មើស ជា​អ្នក​កាប់ ឈើ និង​ជា​អ្នក​ចាប់​សត្វព្រៃ រហូតដល់​បណ្តាល​ឲ្យ​ឧ​ទ្យា​នុ​រក្ស របួស និង​ស្លាប់​។ ដោយសារតែ​ជនល្មើស មាន​កាំភ្លើង កាំបិត​ពូថៅ រីឯ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស មិនមាន​កាំភ្លើង ដើម្បី​ការពារ​ខ្លួន​ឡើយ​។
​ ​
​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ នៅ​ច្រករបៀង​អភិរក្ស​ជីវៈចម្រុះ​ព្រៃ​អង់​តែ​ន នៅ​តំបន់​អូរ​ដើមថ្កូវ ក្នុងភូមិ​សាស្ត្រ ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ ត្រូវបាន​ជនល្មើស កាប់​បណ្តាល​ឲ្យ​របួសធ្ងន់ ក្នុងពេលដែល​ដើរល្បាត ជួប​ជាមួយ​ក្រុម​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត បទល្មើស​កាប់​ឆា្ករ​ព្រៃ ទន្ទ្រាន​យក​ដីព្រៃ​ធ្វើ​ចម្ការ​។

​ក្នុងចំណោម​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ទាំង​ប្រាំ​នាក់ ដែល​បាន​ចុះ​ល្បាត នៅ​តំបន់​អូរ ដើមថ្កូវ ក្នុងភូមិ​សាស្ត្រ ឃុំ​ក្រយា ស្រុក​សន្ទុក ហើយ​ត្រូវបាន​ជនល្មើស ពីរ​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​កាប់​ឆា្ករ​ព្រៃ​ទន្ទ្រាន​យក​ដីព្រៃ​ធ្វើ​ចម្ការ វាយប្រហារ ដោយ​កាប់​នឹង​កាំបិទផ្គាក់​នោះ បណ្តាល​ឲ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់ ឈ្មោះ ចក់ សុជាតិ រងរបួស ត្រូវ​ចំនួន​ប្រាំ​កាំបិតផ្គាក់ ត្រូវចំ​ក្បាល កញ្ចឹងក និង​កដៃ បណ្តាល អោយ​រងរបួស​ធ្ងន់​។ ចំណែក ជនល្មើស បាន​រត់​គេចខ្លួនបាត់​។
​ ​
​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ មន្ត្រី​ឧទ្យាន​ម្នាក់ ឈ្មោះ ចេង ចាន់​ធី ត្រូវបាន​ក្រុម ព្រានព្រៃ​ប្រដាប់​ដោយ​កាំភ្លើង បាញ់ប្រហារ បណ្តាល​ឲ្យ​របួស​ចំ​ភ្លៅ អំឡុងពេល​នៃ ការចុះ​បង្ក្រាប​បទល្មើស​សត្វព្រៃ​ក្នុងភូមិ​សាស្ត្រ​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ក្នុង​ខេត្តមណ្ឌលគិរី​។

​នៅ​ខេត្តមណ្ឌលគិរី ដដែល​កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ ក៏មាន​ករណី​បាញ់ ប្រហារ បណ្ដាល​ឲ្យ​អ្នកការពារ​ព្រៃឈើ​បីនាក់ ជា​ប៉េអឹម មន្ត្រី​បរិស្ថាន និង​អ្នកបម្រើ ការងារ នៅ​អង្គការ​បរិស្ថាន បាន​ស្លាប់​ទាំងបី​នាក់ នៅ​ចំណុច​អូរ​រ​លែ​ក្នុងភូមិ​សាស្ត្រ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ព្រំប្រទល់​កម្ពុជា​-​វៀតណាម​។

​ហេតុការណ៍​បាញ់ប្រហារ​កាលនោះ​សមត្ថ​កិ​ច​ចាប់បាន​ជនសង្ស័យ ប្រាំមួយ​នាក់ ហើយ​ម្នាក់ ឈ្មោះ ផល ពេញ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជា​នគរបាល​មាន​ឋានៈ​ជា មេ​ប៉ុស្តិ៍​អូរ​រ​លែ ជា​ជនដៃដល់​បាញ់សម្លាប់​ម​ន្ត្រី​អភិរក្ស​ព្រៃឈើ​ទាំង​បីនាក់​ដោយសារ តែ​នគរបាល​ព្រំដែន​នោះ ការពារ​ឈ្មួញ​កាប់​ឈើ​។

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន មាន​តួនាទី ជា​មន្ត្រី​យុត្តិធម៌ ដែលជា​អ្នកការពារ និង​អ​ភ​រិ​ក្ស​ធនធានធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ នៅតាម​តំបន់ការពារធម្មជាតិ​នានា ក្នុងប្រទេស​កម្ពុជា​។ ពួកគាត់ បាន​លះបង់​សព្វបែបយ៉ាង រួមទាំង​អាយុជីវិត​ឆ្លងកាត់ ការលំបាក ព្យុះភ្លៀង ដើម្បី​ការពារ​ធនធានធម្មជាតិ និង​បរិស្ថាន ឱ្យបាន​គង់វង្ស សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

​ប៉ុន្តែ​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស ត្រូវបាន​ជនល្មើស យក​ជាស​ត្រូវ និង​ប្រឈម​ការ​គំរាម កំហែង​ពី​ជនល្មើស​រហូតដល់​រង​គ្រោះ របួស និង​ត្រូវ​សម្លាប់​ដោយ​ក្រុម​ជនល្មើស មាន​អាវុធ កាំភ្លើង កាំបិត បាន​វាយប្រហារ​យ៉ាង​ឃោរឃៅ​មកលើ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ក្រុម​ការពារ​បរិស្ថាន​។​

​ដូច្នេះ​វិធានការ​បំពាក់អាវុធ​ពេលនេះ នឹង​បង្កើន​ប្រសិទ្ធភាព និង​កាត់បន្ថយ​នូវ​គ្រោះ ថ្នាក់​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​បាន​ល្បាត​ព្រៃ ការពារ និង​បង្ក្រាប​បទល្មើស​ក្នុង តំបន់ការពារធម្មជាតិ ក៏ប៉ុន្តែ​ក៏ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដទៃទៀត រួមមាន ប៉ូលិស ប៉េអឹម ទាហាន និង​ប្រជា​សហគមន៍​នៅ​តំបន់​ការពារ ធនធានធម្មជាតិ​ទាំងនោះ​ផងដែរ​។​
​ ​
​ក្រៅពីនេះ ដើម្បី​ទប់ស្កាត់ និង​លុបបំបាត់​ការយាយី ការវាយប្រហារ និង​ការកាប់ សម្លាប់​លើ​ក្រុម​អ្នក​អភិរក្ស​ព្រៃឈើ សត្វព្រៃ និង​បរិស្ថាន គឺ​ក្រៅពី​ការបំពាក់​អាវុធ កាំភ្លើង​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ហើយ ក៏​គួរតែ​បង្កើន​ចំនួន​ក្រុមការងារ​ចម្រុះ​ដែលមាន​កង កម្លាំងប្រដាប់អាវុធ ដោយ​មួយក្រុម​មិនតិចជាង ១០​នាក់​ទេ រួមមាន មន្ត្រី​បរិស្ថាន ប៉ូលិស ប៉េអឹម ទាហាន​អាជ្ញាធរ​ភូមិ​ឃុំ រួមទាំង​អង្គការ​ខាង​បរិស្ថាន និង​ប្រជា​សហ គម​ន៍​។ ក្រុមចម្រុះ​នេះ ត្រូវ​ចុះ​ល្បាត​រួមគ្នា ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ព្រៃឈើ ក៏ដូចជា​បទល្មើស​សត្វ​ព្រៃ ក្នុង​សហគមន៍​នីមួយៗ​។​

​ចំណែក​ឧបករណ៍​សម្ភារៈ​មធ្យោបាយ​ធ្វើដំណើរ ដូចជា​ម៉ូតូ ឡាន រួមទាំង​ទូរស័ព្ទ ឬ​វិទ្យុទាក់ទង ក៏ត្រូវ​មាន​គ្រប់​ចំនួន​។ កង​អន្តរាគមន៍ ក៏ត្រូវ​រៀបចំ​ត្រៀម ដើម្បី​ចេញ ជួយសង្គ្រោះ​បន្ទាន់ នៅពេល​ក្រុមការងារ​ចុះ​ល្បាត ជួប​ឧ​ប​ស័គ្គ ឬ​បញ្ហា​ដែល​ត្រូវ ជនល្មើស ស្ទាក់​ពួន​វាយប្រហារ​ជាយថាហេតុ​ណាមួយ នៅក្នុង​ព្រៃ​។​
​ ​
​ចំណែក​ជនល្មើស​កាប់​ឈើ សម្លាប់​សត្វព្រៃ និង​បង្ក​របួសស្នាម​រហូតដល់​សម្លាប់ អ្នកការពារ​ព្រៃឈើ គួរតែ​ច្បាប់​ត្រូវ​ផ្តន្ទាទោស​ធ្ងន់ធ្ងរ ដោយ​គ្មាន​ការលើកលែង ឬ​បន្ធូរ​បន្ថយទោស​ជាដាច់ខាត​។​

​មួយវិញទៀត ក្រុម​ជនល្មើស ទាំង​អ្នក​កាប់​ឈើ ក៏ដូចជា​ទាំង​ក្រុម​ជនល្មើសចាប់ សត្វព្រៃ និង​ក្រុម​អ្នកបើក​ការវាយប្រហារ​លើ​ក្រុម​អ្នក​អភិរក្ស​ព្រៃឈើ​សត្វព្រៃ ឧ​ទ្យា​នុ​រក្ស គឺ​សុទ្ធតែជា​មនុស្ស ហើយក៏​មិនមែន​ចេះ​បំបាំង​ខ្លួន និង​ចេះ​ហោះ​ឯណា​? ជនល្មើស​ទាំងនោះ គឺ​សុទ្ធតែជា​អ្នកស្រុក​ភូមិ នៅ​មូលដ្ឋាន​នោះ ហើយ​នៅពេល​ពួកគេ ចូល​កាប់​ឈើ ក៏​ប្រើ​រណា​យន្ត លាន់លឺ​ពេញ​ព្រៃ​។

​ម្យ៉ាងទៀត នៅពេល​ជនល្មើស​កាប់​ឈើ​បាន ក៏ត្រូវ​ដឹកជញ្ជូន​ទាំង​ឡានៗ បើកបរ កក្រើក​ព្រៃ និង​បាក់ស្រុត​ផ្លូវ រូងដី ខូច​ផ្លូវ​កៅស៊ូ​ដែរ ដើម្បី​បាន​ឈើ យក​ចេញពី​ព្រៃទៅ​លក់ រហូតដល់​ត្រូវ​ឆ្លងកាត់​ព្រំដែន ឬក៏​លក់​ឲ្យ​ឈ្មួញ នៅ​ផ្សារ និង​នៅក្នុង​ស្រុក​។​

​រីឯ​ជនល្មើស​សត្វព្រៃ​វិញ នៅពេល​ពួកគេ ចាប់បាន​សត្វព្រៃ ក៏ត្រូវ​ដឹកជញ្ជូន​តាម​ម៉ូតូ​ក្តី តាម​គោយន្ត​ក្តី ឬក៏​ដោយ​ថ្មើរជើង​ក្តី យកមក​លក់​នៅ​ទីប្រជុំជន នៅ​ផ្សារ នៅតាម​ហាង ដើម្បី​ចែកចាយ​ក្នុង​តំបន់ ឬក៏​យក​បន្តទៅ​លក់​នៅក្រៅ​ខេត្ត ហើយក៏​អាច​ដឹកជញ្ជូន បន្ត​មកដល់​ភ្នំពេញ និង​ឆ្លង​ប្រទេស ជាដើម​។ គ្រាន់តែ​អាជ្ញាធរ​សមត្ថកិច្ច​ស្រាវជ្រាវពី​អ្នកទិញ​សត្វព្រៃ មក​យក​ទទួលទាន នៅតាម​ហាង ឬក៏​អ្នកទិញ​យកមក​លក់​ប​ន្ត គឺអាច​រកឃើញ​ជនដៃដល់​បាត់ទៅហើយ​។​

​ក្រុម​ជនល្មើស​កាប់​រាន​ព្រៃ​យក​ដី ក៏​ដូចគ្នា​។ ក្រុម​ជនល្មើស​នោះ​ទោះបីជា​អ្នក​ទៅ ពី​ចម្ងាយ ក៏មាន​បក្ខ មាន​ពួក និង​មេខ្យល់ នាំទៅ​ចាប់ដី​ព្រៃ​ទាំង​នោះដែរ​។​ជនល្មើស ទាំងនេះ គួរតែ​ចាប់​យកទៅ​ផ្តន្ទាទោស ដើម្បី​ឲ្យ​សម​នឹង​ទង្វើ​អមនុស្សធម៌​ដែល​បាន វាយប្រហារ មកលើ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​។​

​ដូច្នេះ​អាជ្ញាធរ​សមត្ថកិច្ច​យើង មិនមែន​អសមត្ថភាព​នោះទេ គឺ​សុទ្ធតែ​អាច​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បទល្មើស​សត្វព្រៃ​និង​បទល្មើស​កាប់​រាន​ព្រៃ​រំលោភ យក​ដី​ក៏​អាច​ទប់ស្កាត់បាន​ដោយ​គ្រាន់តែ​រួម​កម្លាំង​គ្នា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​សហ គមន៍ ក្នុង​គោលបំណង​រួម គឺ​ការពារ​ធនធានធម្មជាតិ​ដោយ​មិន​គិតពី ផលប្រយោជន៍ លុយកាក់ ជាធំ​ឡើយ​។​

​រីឯ​ក្រុម​ជនល្មើស​វិញ ក៏​ដូចគ្នា ពោលគឺ​អាជ្ញាធរ​សមត្ថកិច្ច​ក៏​អាច​តាម​ស្រាវជ្រាវ​ស្វែង រក​ចាប់ខ្លួនបាន​ដូចគ្នា ដូច​ករណី​បាញ់សម្លាប់​មន្ត្រី​អភិរក្ស​ព្រៃឈើ កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ ព្រោះថា ជនល្មើស​ទាំងនោះ ក៏​សុទ្ធតែជា​អ្នករស់នៅ​ក្នុងភូមិ​សាស្ត្រ នៅ​តំបន់​កើតហេតុ​នោះដែរ បានជា​ពួកគេ អាច​ចេញចូល ស្គាល់ផ្លូវ និង​រុករក​សត្វព្រៃ រួមទាំង​កាប់​ឈើ និង​កាប់​ព្រៃ ទន្ទ្រាន​យក​ដី​រដ្ឋ​បាន​។

​នៅពេល​ចាប់ខ្លួន​ជនល្មើស​ទាំងនោះ​បាន​ហើយ ច្បាប់​យើង ក៏​គួរតែ​អនុវត្ត​តឹងរ៉ឹង ដោយ​កាត់ទោស​ធ្ងន់ធ្ងរ លើ​ក្រុម​ជនល្មើស​ឃោរឃៅ​ទាំងនោះ​ដើម្បី​ព្រមាន​ដល់ ជនដៃដល់​ផ្សេងទៀត ហើយ​បើ​អាជ្ញាធរ​សមត្ថកិច្ច​ណា ហ៊ាន​ចូល​ដៃ​ចូល​ជើង ហ៊ាន​ស៊ីលុយ​របស់​ក្រុម​ជនល្មើស គឺ​ត្រូវ​ដាក់ទោស​ឲ្យ​ធ្ងន់ធ្ងរ​ថែមទៀត​លើ​អាជ្ញាធរ សមត្ថកិច្ច​ខិលខូច​ទាំងនោះ ស្របតាម​អភិក្រម​ទី​៥ របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ “​វះកាត់​”៕ ដោយ​:​ម៉េង​ឆៃ​

#