បំភ្លេច​សាំង​ចោល​ទៅ​! យានយន្ត​គ្រប់​ប្រភេទ​អាច​នឹង​ចាក់​ប្រេងឥន្ធនៈ​កកើតឡើង​វិញ​ផលិត​ពី​គ្រឿងផ្សំ​មួយ​ក្នុង​ស្រា​បៀរ នៅត្រឹម​ឆ្នាំ​២០២២

206

​អ្នកវិទ្យាសាស្ដ្រ​បាន​បង្កើត​ឥន្ធនៈ​ចេញពី​ស្រា​បៀរ​បានសម្រេច​ហើយ ក្នុង​ចំណាត់ការ​មួយ ដែល​អាច​នឹង​បញ្ឈប់​ការពឹង​ផ្អែកលើ​ប្រេងឥន្ធនៈ​។​

​ក្រុម​អ្នក​គីមី​សាស្ត្រ​នៅ​សាកលវិទ្យាល័យ​ប្រ៊ី​ស​ស្តុល​បានសម្រេច​ជោគជ័យ​ក្នុងការ​ប្រែក្លាយ​អេតាណុល​នៅក្នុង​ស្រា​បៀរ​ទៅជា​ប៊ូ​តា​ណុល (Butanol)​។​

​ពួកគេ​និយាយថា មិនយូរ​នោះទេ​យើង​ឃើញ​រថយន្ត​បើកបរ​ដោយ​ប្រើ​ប្រភេទ​ឥន្ធនៈ​ថ្មី ជាមួយ​អ្នកជំនាញ​ព្យាករណ៍​ថា ប៊ូ​តា​ណុល​អាចជា​ប្រភព​ឥន្ធនៈ​ដ៏​សំខាន់​សម្រាប់​ការដឹកជញ្ជូន​ក្នុង​ឆ្នាំ ២០២២​។​

​អេតាណុល ដែលជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៅក្នុង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ត្រូវបាន​គេ​ប្រើ​រួចទៅហើយ​សម្រាប់​ជា​ជំនួស​ប្រេងសាំង​នៅ​ទូទាំង​ពិភពលោក​។​

​ទោះបី​ត្រូវបាន​ប្រើប្រាស់​ជំនួស​ប្រេងសាំង​ក៏ដោយ ក៏ប៉ុន្តែ​អេតាណុល​មិនមែនជា​ការជំនួស​ដ៏​ល្អ​នោះទេ ពីព្រោះ​វា​មាន​ដង់ស៊ីតេ​ថាមពល​ទាប និង​អាចធ្វើឱ្យ​សឹក​គ្រឿង​ម៉ាស៊ីន​ខ្លាំង​គួរសម​ដែរ​។​

​ប៉ុន្តែ​ឥឡូវនេះ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​វិធី​ថ្មី​មួយ​ដើម្បី​ប្រើ​ជាតិ​អេតាណុល​ចេញពី​ភេសជ្ជៈ ជាពិសេស​ស្រា​បៀរ បង្កើត​ទៅជា​ប្រភព​ឥន្ធនៈ​កកើត​ឡើងវិញ​។​

​ក្រុម​គីមី​សាស្ត្រ​អាច​បំ​លែង​អេតាណុល​ទៅជា​ប៊ូ​តា​ណុល​ក្នុង​មន្ទីរពិសោធន៍ ជាមួយ​អេតាណុល​សុទ្ធ​ហើយ​ស្ងួត​។​

​ប៊ូ​តា​ណុល​គឺ​ស្រដៀង​ទៅនឹង​អេតាណុល​ដែរ ប៉ុន្តែ​វា​គឺជា​ប្រភព​ឥន្ធនៈ​ល្អប្រសើរ​ជាង​។​

​និយាយ​ជាមួយ​វេ​ប​សាយ​ដេលី​មែ​ល លោក​សាស្ត្រាចារ្យ ដាន់​ខេន វ៉ាស ដែលជា​អ្នកដឹកនាំ​ការស្រាវជ្រាវ​នេះ​បាន​និយាយថា “​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការប្រើប្រាស់​ប៊ូ​តា​ណុល​ជា​ឥន្ធនៈ​គឺថា វា​អាច​ប្រើ​បាន​ជាមួយ​រថយន្ត​ចាក់​សាំង​បច្ចុប្បន្ន​បាន ដោយ​សឹងតែ ឬ មិនចាំបាច់​កែ​រថយន្ត​នោះឡើយ​។ នេះ​គឺជា​ការជំនួស​ដ៏​ល្អ​សម្រាប់​ប្រេងសាំង​បច្ចុប្បន្ន​។ អេតាណុល​នឹង​បំ​លែង​ទៅជា​ប៊ូ​តា​ណុល​នៅក្នុង​រោងចក្រ​ដ៏​ធំ​មួយ​ដែលមាន​លក្ខណៈ​ដូច ឧស្សាហកម្ម​គីមី​ឥន្ធនៈ​ឬ​រោច​ក្រ​ចម្រាញ់​ប្រេង​បច្ចុប្បន្ន ហើយ​បន្ទាប់មក សារធាតុ​ប៊ូ​តា​ណុល​នឹង​ចាក់​ចូលក្នុង​រថយន្ត​ដោយ​អ្នកប្រើប្រាស់​”៕ ដោយ៖ កញ្ញាដាលីស

ជាតិ​អេតាណុល​នឹងត្រូវ​បំ​លែង​ទៅជា​ប៊ូ​តា​ណុល​ជំនួស​ប្រេងសាំង​ត្រឹម​ឆ្នាំ ២០២២