ប៉ាក​គី​អៅ​គាំទ្រ​ឱ្យ​អនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ​ក្នុងប្រទេស​ហ្វីលីពីន​

134
ចែករម្លែក

​ប្រសិនបើ​គាត់​សម្រេច​ដូច​បំណង​មែន ព្រឹទ្ធសមាជិក​ហ្វីលីពីន​និង​ជា​អ្នក​ប្រដាល់​អាជីព មែន​នី ប៉ាក​គី​អៅ នឹង​ឱ្យ​កាត់ទោស​ប្រហារជីវិត​ពួកឧក្រិដ្ឋជន​គ្រឿងញៀន​ដោយ​ក្រុម​បាញ់កាំភ្លើង​។​

​រឿង​នោះ​កាន់តែ​ជិត​ក្លាយជា​ការពិត​នៅក្នុង​ប្រទេស​ហ្វីលីពីន ដែល​ក្នុង​រយៈពេល ៧ សប្តាហ៍​ចុងក្រោយ​នេះ សេចក្តីព្រាងច្បាប់​ចំនួន ២១ ត្រូវបាន​ដាក់​នៅ​ចំពោះមុខ​សភា​ជាន់​ទាប​និង​ព្រឹទ្ធសភា​ដើម្បី​ដាក់​ឱ្យប្រើ​ឡើងវិញ​នូវ​ច្បាប់​កាត់ទោស​ប្រហារជីវិត ដែល​រួមបញ្ចូល​បទឧក្រិដ្ឋ​ជាច្រើន រាប់​ចាប់ពី​ការជួញដូរ​គ្រឿងញៀន​និង​អំពើ​ឆក់​ប្លន់​រហូតដល់​ការចាប់​ជំរិត រំលោភ និង​ឃាតកម្ម​។

​ការស្នើ​ឱ្យមាន​ទោស​ប្រហារជីវិត​កើតឡើង​ជាថ្មី​គឺ​កើតចេញពី​បញ្ជា​របស់​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​ត ដែល​ល្បី​ខាង​ពូកែ​ដាក់ទោស​ឆៅៗ និង​ការបង្ក្រាប​របស់គាត់​លើ​ឧក្រិដ្ឋកម្ម​និង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ដែល​សម្លាប់​ប្រជាជន​ហ្វីលីពីន​រាប់ពាន់នាក់ ដែល​ភាគច្រើន​ជា​អ្នកក្រីក្រ​រស់នៅ​តាម​ទីក្រុង​។​

​ប៉ាក​គី​អៅ ដែលជា​មនុស្ស​ស្មោះត្រង់​នឹង​ឌុយ​ទែ​ត​និង​ជា​អ្នក​ប្រដាល់​តែ​ម្នាក់​គត់​ដែល​អាច​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ក្នុង ៨ ស្ថាប័ន​ផ្សេងគ្នា​ជឿថា ការប្រហារជីវិត​គឺជា​ការរារាំង​ដ៏​ល្អ​បំផុត​ចំពោះ​ក្រុម​គ្រឿងញៀន​ធំៗ​។​

​ប៉ាក​គី​អៅ ដែលមាន​ភាពល្បីល្បាញ​ដូច​តារា​ក្នុងចំណោម​ប្រជាជន​ហ្វីលីពីន​និង​ត្រូវគេ​ចាត់ទុកជា​អនាគត​បេក្ខជន​ប្រធានាធិបតី បាន​និយាយថា “​យើង​ត្រូវការ​វា​។ នៅ​អាស៊ី យើង​គឺ​ស្ថិតក្នុង​ចំណោម​ប្រទេស​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​គ្មាន​ទោស​ប្រហារជីវិត​។ ដូច្នេះ ស្តេចត្រាញ់​គ្រឿងញៀន​ជាច្រើន​បាន​ចូលមក​។ វា​ពិតជា​គួរឱ្យ​ព្រួយបារម្ភ​ណាស់​”​។

​នៅពេល​សួរថា​តើ​ត្រូវ​ប្រហារជីវិត​តាមរបៀប​ម៉េច ប៉ាក​គី​អៅ​បាន​ប្រាប់​រ៉​យ​ទ័​រថា “​បើ​អ្នក​សួរ​ខ្ញុំ គឺ​ក្រុម​បាញ់កាំភ្លើង​ប្រហារជីវិត​។ ប៉ុន្តែ​វា​អាស្រ័យ​លើ​អ្វីដែល​ប្រជាជន​ចង់បាន​ដែរ ដរាបណា​ទោស​ប្រហារជីវិត​ត្រូវបាន​អនុវត្ត​”​។

​ទោះយ៉ាងណា គេ​នៅ​មិនទាន់​ដឹងថា​តើ​ប្រជាជន​ហ្វីលីពីន​ចង់បាន​ការអនុវត្ត​ទោស​ប្រហារជីវិត​ឬ​យ៉ាងណា​នោះទេ ព្រោះ​ឆ្លងកាត់​ការស្ទង់មតិ​ជាង ១១ ខែ​មកនេះ ប្រជាជន​ហ្វីលីពីន​មិន​ដល់​១​ភាគ​៣​ទេ ដែល​ចង់បាន​ទោស​ប្រហារជីវិត​អនុវត្ត​ឡើងវិញ​៕ ដោយ៖ កញ្ញាដាលីស

ប៉ាក​គី​អៅ ចង់ឱ្យ​អនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ
#