ថ្ងៃអាទិត្យស្អែកនេះហើយ! ប៉ាក​គី​អៅ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ពី​ម៉ាត់​ធី​ស​សេ

1216
ចែករម្លែក
  • 446
    Shares

​វីរបុរស​ប្រដាល់​ហ្វីលីពីន មែន​នី ប៉ាក​គី​អៅ បាន​ថ្លឹង​ទម្ងន់​កាលពី​ថ្ងៃ​សៅរ៍​ទី​១៤​កក្កដា ក្រោម​ទម្ងន់​កំណត់​ត្រឹម ៦៧ គីឡូក្រាម​ហើយ​បាន​និយាយថា គាត់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ឈ្នះ​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពី​ម្ចាស់​ខ្សែក្រវាត់ WBA លូ​កាស ម៉ាត់​ធី​ស​សេ មកពី​អា​ហ្ស​ង់​ទីន​។​

​ប៉ាក​គី​អៅ ដែលជា​អ្នក​ប្រដាល់​តែ​ម្នាក់​គត់​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេងគ្នា​ចំនួន ៨ ស្ថាប័ន​នៅក្នុង​អាជីព​ជោគជ័យ ២៣ ឆ្នាំ​របស់ខ្លួន គឺមាន​ទម្ងន់ ៦៦,២ គីឡូក្រាម​។​

​ប៉ាក​គី​អៅ អាយុ ៣៩ ឆ្នាំ​បាន​និយាយថា “​ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ហើយ​។ អ្វីៗ​គឺ​ស្ថិតក្រោម​ការត្រួតត្រា​ទាំងអស់​។ ខ្ញុំ​មានការ​លើកទឹកចិត្ត ខ្ញុំ​រីករាយ ហើយ​ខ្ញុំ​ស្រេកឃ្លាន​ជ័យជម្នះ​ណាស់​”​។​

​អ្នក​ប្រដាល់​សាក់​ពេញ​ខ្លួន ម៉ាត់​ធី​ស​សេ បាន​យក​ប្រៀប​ឈ្នះ​កម្ពស់​ខ្ពស់ជាង​១​អ៊ី​ញ ដោយ​សម្លឹងមើល​ប៉ាក​គី​អៅ​ពីលើ​ចុះក្រោម ខណៈដែល​អ្នក​ទាំង​២​ជួប​ទល់មុខ​គ្នា​ជា​លើកចុងក្រោយ មុនពេល​ការប្រកួត​១២​ទឹក​មកដល់​នៅ​ថ្ងៃអាទិត្យ​ទី ១៥ កក្កដា​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ (​ម៉ោង​១២​ថ្ងៃត្រង់​នៅ​កម្ពុជា​)​។​

​ម៉ាត់​ធី​ស​សេ​ទម្ងន់ ៦៦,៥ គីឡូក្រាម​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​ខ្ញុំ​មាន​អារម្មណ៍ល្អ​។ ខ្ញុំ​មាន​ទម្ងន់​ធ្ងន់​ជាង ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការប្រកួត​ថ្ងៃស្អែក​”​។​

​ការ​ថ្លឹង​ទម្ងន់​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ចំណោម​ហ្វូងមនុស្ស​ដ៏​អ៊ូអរ​នៅ​សាលប្រជុំ​មួយ​នៅ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌​និង​ពាណិជ្ជកម្ម​អន្តរជាតិ​ម៉ាឡេស៊ី​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​៕ ដោយ៖ កញ្ញាដាលីស

ប៉ាក​គី​អៅ និង ម៉ាត់​ធី​ស​សេ នឹង​ប្រកួត​គ្នា​នៅ​ថ្ងៃអាទិត្យ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ