ប៉ាក​គី​អៅ​និយាយថា អាយុ​មិនមែនជា​ឧបសគ្គ​ចំពោះ​ភាពជោគជ័យ​

1014
ចែករម្លែក

​និមិត្តរូប​ប្រដាល់​ហ្វីលីពីន មែន​នី ប៉ាក​គី​អៅ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២០​មេសា​ថា អាយុ​របស់គាត់​មិនមែនជា​ឧបសគ្គ​ចំពោះ​ភាពជោគជ័យ​ទេ ខណៈដែល​អ្នក​ប្រដាល់​រូបនេះ​ត្រៀមខ្លួន​ប្រកួត​ជាមួយនឹង​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក លូ​កាស ម៉ាត់​ធី​ស​សេ (Lucas Matthysse)​។​

​ប៉ាក​គី​អៅ វ័យ ៣៩ ឆ្នាំ​នឹងត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អា​ហ្ស​ង់​ទីន ក្មេង​ជាង​ខ្លួន ៤ ឆ្នាំ ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​មធ្យម​របស់​ស្ថាប័ន​ប្រដាល់​ពិភពលោក (WBA) នៅ​ថ្ងៃទី ១៥ ខែកក្កដា​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។​

​កីឡាករ​ហ្វីលីពីន​រូបនេះ​បានឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ចំនួន ៨ លើក​មិន​ធ្លាប់មាន​ពីមុនមក ប៉ុន្តែ​មាន​អ្នកខ្លះ​បាន​លើក​ជា​សំណួរ​អំពី​សមត្ថភាព​របស់គាត់​ក្នុងការ​ប្រកួត​នៅ​កម្រិត​កំពូល ដោយសារតែ​អាយុ​របស់គាត់​។​

​ប៉ុន្តែ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​ម៉ាត់​ធី​ស​សេ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប៉ាក​គី​អៅ​បាន​ច្រានចោល​ការព្រួយបារម្ភ​បែបនេះ​។​

​ប៉ាក​គី​អៅ​និយាយថា “​តួលេខ និង អាយុ មិនមែនជា​បញ្ហា​នោះទេ​។ វា​អាស្រ័យ​លើ​របៀប​ដែល​អ្នក​ដាក់​កំហិត​លើ​ខ្លួនឯង​ក្នុងការ​ហ្វឹកហាត់ និង​របៀប​ដែល​អ្នក​បាន​ត្រៀមខ្លួន​”​។​

​ប៉ាក​គី​អៅ​និយាយថា ការប្រកួត​ទល់នឹង​ម៉ាត់​ធី​ស​សេ​នឹង​មិនមែនជា​ការប្រកួត​ចុងក្រោយ​របស់គាត់​នោះទេ ព្រោះ​គាត់​ចង់ឱ្យ​ការប្រកួត​ចុងក្រោយ​នៃ​អាជីព​របស់គាត់​ធ្វើឡើង​នៅក្នុង​ទឹកដី​កំណើត​របស់គាត់​។​

​ប៉ាក​គី​អៅ​និយាយថា “​ពិតណាស់ នេះ​មិនមែនជា​ការប្រកួត​ចុងក្រោយ​របស់ខ្ញុំ​ទេ​។ ខ្ញុំ​គិតថា​ខ្ញុំ​នៅតែ​អាច​ប្រកួត​បាន​បី​បួន​ដង​ទៀត (​រហូតដល់​ខ្ញុំ​) ចូលនិវត្តន៍​”​។​

​ប៉ាក​គី​អៅ​បច្ចុប្បន្ន​ជា​ព្រឹទ្ធសមាជិក​ហ្វីលីពីន ហើយ​មនុស្ស​ជាច្រើន​នៅក្នុង​ប្រទេស​ជឿថា រូបគេ​នឹង​ឈរឈ្មោះ​ធ្វើជា​ប្រធានាធិបតី​នៅ​ថ្ងៃ​ណាមួយ ទោះបីជា​អ្នក​ប្រដាល់​រូបនេះ​បាន​ទទូចថា គាត់​សប្បាយរីករាយ​នៅលើ​សង្វៀន​ជាង​នៅក្នុង​ឆាកនយោបាយ​ក៏ដោយ​៕ ដោយ៖ កញ្ញាដាលីស

ប៉ាក​គី​អៅ និង ម៉ាត់​ធី​ស​សេ នឹង​ប្រកួត​នៅ​គូ​ឡា​ឡាំ​ពួ​នៅ​ថ្ងៃទី ១៥ ខែកក្កដា
#