ប៉ាក​គី​អៅ​ប្តេជ្ញា​វាយ​ត្សឺ​មែន​ឱ្យ​ស្ងាត់​មាត់​ម្តង កុំឱ្យ​ចេះតែ​ស្រែក​ពេក

731
ចែករម្លែក

​វីរបុរស​ប្រដាល់​ហ្វីលីពីន មែន​នី ប៉ាក​គី​អៅ បាន​ប្តេជ្ញា​វាយ​អ្នក​ប្រដាល់​ខេ​ត ត្សឺ​មែន (Keith Thurman) ឱ្យ​ស្ងាត់​មាត់ នៅក្នុង​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​សមាគម​ប្រដាល់​ពិភពលោក (WBA) របស់​ពួកគេ​នៅ​ខែតុលា ដោយ​ហៅ​គូប្រកួត​ថា “​ពូកែ​មាត់​” ខណៈដែល​សង្គ្រាមពាក្យសម្តី​របស់​ពួកគេ​កំពុង​កើនឡើង​។​

​ព្រឹត្តិការណ៍​នានា​មុន​ការប្រកួត​ចូលមក​ដល់​គឺ​ពោរពេញ​ដោយ​ពាក្យ​ឌឺដង​មើលងាយ​ដាក់គ្នា​ទៅវិញទៅមក ជាមួយ​កីឡាករ​ត្សឺ​មែន​និយាយថា ខ្លួន​នឹង​ផ្តួល​ប៉ាក​គី​អៅ អាយុ ៤០ ឆ្នាំ​ឱ្យចូល​និវត្តន៍ នៅពេល​ពួកគេ​ប៉ះគ្នា​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស នៅ​ថ្ងៃទី ២០ ខែកក្កដា​។​

​ត្សឺ​មែន អាយុ ៣០ ឆ្នាំ​បាន​និយាយ​កាលពី​ខែ​មុន​ថា ខ្លួន​នឹង “​យកឈ្នះ​” លើ​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​៨​ស្ថាប័ន ដែល​អ្នក​ប្រកួត​អាម៉េរិក​មិន​ស្គាល់​ចាញ់​រូបនេះ​និយាយថា “​មិនដែល​វាយ​ជាមួយ​នរណាម្នាក់​ដែលមាន​វ័យក្មេង​ខ្លាំង​និង​ស្រែក​ឃ្លាន​ជ័យជម្នះ​ដូចជា​រូបគេ​ពីមុន​នោះទេ​”​។​

​ប៉ាក​គី​អៅ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​មិថុនា​នៅ​ទីក្រុង​ម៉ានីល​ថា “​គាត់​គឺជា​មនុស្ស​ពូកែ​មាត់​នៅក្រៅ​សង្វៀន​។ អ្នក​ប្រដាល់​ខ្លះ​ក្រអឺតក្រទម ខណៈ​អ្នក​ប្រដាល់​ផ្សេងទៀត​ដាក់ខ្លួន​បន្ទាប​កាយ​។ ចុះ​ត្សឺ​មែន​? យើងទាំងអស់គ្នា​ដឹង​ហើយ​ថា គាត់​ក្រអឺតក្រទម​”​។​

​ប៉ាក​គី​អៅ​និយាយថា “​ខ្ញុំ​មាន​ទឹកចិត្ត​ពុះកញ្ជ្រោល​ខ្លាំងណាស់​សម្រាប់​ការ​បោះជំរំ​ហ្វឹកហាត់​នេះ ដោយសារតែ​ពាក្យ​ប្រមាថ​របស់គេ​ដូច្នេះ​”​។​

​អ្នក​ប្រដាល់​ហ្វីលីពីន​រូបនេះ​និយាយថា រូបគេ​នឹង​ហោះ​ទៅ​ឡូ​ស​អ៊ែន​ជេ​ឡេស​នៅ​ថ្ងៃទី ១៥ មិថុនា​៕ ដោយ៖ កញ្ញាដាលីស

ប៉ាក​គី​អៅ​ប្តេជ្ញា​វាយ​ត្សឺ​មែន​ឱ្យ​ស្ងាត់​មាត់​នៅលើ​សង្វៀន