ប៉ាក​គី​អៅ​រិះគន់​ផ្ល​យ​ដែល​ទៅ​វាយ​ជាមួយ​អ្នក​ប្រដាល់​ជប៉ុន​អាយុ​២០​ឆ្នាំ ខូច​ឈ្មោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​អស់​!

499
ចែករម្លែក

​កីឡាករ​ប្រដាល់​មែន​នី ប៉ាក​គី​អៅ បាន​រិះគន់​ផ្ល​យ មេ​វេ​ឌ័​រ ចំពោះ​ការប្រយុទ្ធ​ជាមួយ​អ្នក​ប្រដាល់សេរី​ជប៉ុន ថេ​ន​ស៊ីន ណា​ស៊ូ​កា​វ៉ា ក្នុងការ​ប្រកួត​មិត្តភាព​គួរឱ្យ​ចង់​សើច​មួយ ដែល​មិនមែនជា​រឿង​ល្អ​ឡើយ​សម្រាប់​អ្នកគាំទ្រ​ប្រដាល់សកល​។​

​ប៉ាក​គី​អៅ ដែល​នឹង​ការពារ​ខ្សែក្រវាត់ WBA ក្នុង​ប្រភេទ​ទម្ងន់​ស្រាល​របស់គេ​ជាមួយ​អ្នក​ប្រដាល់​អេ​ឌ្រា​ន ប្រូ​ន័​រ (Adrien Broner) នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​នៅ​ថ្ងៃទី ១៩ ខែមករា បាន​ដៀមដាម​ដាក់​គូប្រជែង​របស់ខ្លួន​សម្រាប់​ការរៀបចំ​ប្រដាល់សកល​មិត្តភាព​ជាមួយ​កីឡាករ​ប្រដាល់សេរី​ជប៉ុន​អាយុ ២០ ឆ្នាំ​។​

​គ្រូបង្វឹក​របស់​ណា​ស៊ូ​កា​វ៉ា​បាន​បោះ​កន្សែងស​សុំ​ចុះចាញ់​នៅ​ទឹក​ទី​១ បន្ទាប់ពី​មេ​វេ​ឌ័​រ​បាន​វាយ​ឱ្យ​កីឡាករ​ជប៉ុន​ដួល​អុកគូទ ៣ លើក​ដើម្បី​ទទួលបាន​ទឹកប្រាក់​ចំនួន ៩ លាន​ដុល្លារ​សម្រាប់​ការចូលរួម​ក្នុង​ប្រដាល់​មិត្តភាព​នេះ​។​

​ការប្រកួត​នេះ​មិន​កត់​ចូលក្នុង​កំណត់ត្រា​អាជីព​របស់​អ្នក​ប្រដាល់​ណា​ម្នាក់​ឡើយ ហើយ​ប៉ាក​គី​អៅ​បាន​រិះគន់​ការសម្រេចចិត្ត​របស់​មេ​វេ​ឌ័​រ​ក្នុងការ​ប្រកួត​ជាមួយនឹង​កីឡាករ​វ័យ ២០ ឆ្នាំ​នៅ​ទីក្រុង​តូ​ក្យូ​។​

​ប៉ាក​គី​អៅ​និយាយថា “​ខ្ញុំ​នឹងមិន​ធ្វើ​បែប​នោះទេ​។ ប្រសិនបើ​ខ្ញុំ​ជា​ផ្ល​យ ខ្ញុំ​នឹងមិន​ធ្វើ​ដូច្នេះ​ទេ​។ ការប្រកួត​មិត្តភាព​មួយ​ដែល​អ្នក​គ្រាន់តែ​វាយ​គាត់​ឱ្យ​សន្លប់ គឺ​មិនល្អ​សម្រាប់​អ្នកគាំទ្រ​ទេ​។ កេរ្តិ៍ដំណែល​របស់ខ្ញុំ​គឺ​មាននៅ​ទីនោះ​រួចទៅហើយ​។ ខ្ញុំ​ចង់​ក្លាយជា​អ្នក​បំផុសទឹកចិត្ត​ដល់​អ្នកគាំទ្រ​និង​មនុស្ស​ទាំងអស់​មិន​ត្រឹមតែ​នៅក្នុង​សង្វៀន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​នៅ​ខាងក្រៅ​សង្វៀន​ផងដែរ​”​។​

​ប៉ាក​គី​អៅ​កំពុង​ហ្វឹកហាត់​ជាមួយ​លោក​ហ្វ្រេ​ត​ឌី រ៉ូ​ច​នៅឯ​ក្លឹប​ហាត់ប្រាណ Hollywood’s Wild Card នៅមុន​ការប្រកួត​ដំបូង​របស់ខ្លួន ចាប់តាំងពី​ផ្តួល​កីឡាករ​លូ​កាស ម៉ា​ទីន ម៉ាត់​ធី​ស​សេ កាលពី​ខែកក្កដា​ឆ្នាំ ២០១៨​។​

​មេ​វេ​ឌ័​រ​និង​ប៉ាក​គី​អៅ​បាន​វាយ​ប្រយុទ្ធ​គ្នា​ក្នុងការ​ប្រកួត​ដ៏​ថ្លៃ​បំផុត​ក្នុង​ឆ្នាំ​២០១៥ ហើយ​អ្នក​ប្រដាល់​ហ្វីលីពីន​រូបនេះ​បាន​និយាយថា គាត់​មិនមាន​ការព្រួយបារម្ភ​អំពី​ការប្រកួត​សងសឹក​ដែល​គេ​រំពឹងទុក​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស

ប៉ាក​គី​អៅ​កំពុង​ហ្វឹកហាត់​ត្រៀម​ប្រកួត​ជាមួយ​អេ​ឌ្រា​ន ប្រូ​ន័​រ