ប៉ាក​គី​អៅ និយាយ​ទៅកាន់ កងទ័ព “​វីរបុរស​” នៅ​ក្រុង​ម៉ា​រ៉ាវី​ថា ៖ “​ប្រយុទ្ធ​រហូតដល់​ទឹក​ចុងក្រោយ​”

1031
ចែករម្លែក

​អ្នក​ប្រដាល់​ល្បី​ហ្វីលីពីន មែន​នី ប៉ាក​គី​អៅ កាលពី​ថ្ងៃ​សៅរ៍ ទី​២៩ កក្កដា បាន​ផ្ញើ​សារ​របស់គាត់​ទៅ​កងទ័ព ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​ភេរវ​ករ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អាយ​ស៊ី​ស នៅក្នុង​ទីក្រុង​ម៉ា​រ៉ាវី ស្រប​ពេលដែល​អ្នក​ប្រដាល់​រូបនេះ បាន​ថ្លែងអំណរគុណ និង អបអរ​លើកទឹកចិត្ត​កងទ័ព ដែល​កំពុង​បន្ត​បេសកកម្ម​របស់ខ្លួន​។

​ក្នុង​សុន្ទរកថា​នៅ​ចំពោះមុខ​សមាជិក​កងពលតូច​ថ្មើរជើង​លេខ ១០៣ របស់​កងទ័ព​ហ្វីលីពីន​ក្នុង​ជំរំ​រ៉ា​ណៅ ប៉ាក​គី​អៅ ដែលជា​ទាហាន​បម្រុង​ពាក់​ស​កិ្ត​៤​កន្លះ បាន​ប្រដូច​សមរភូមិ​ក្រុង​ម៉ា​រ៉ាវី​ទៅនឹង​ការប្រកួត​ប្រដាល់​។​

​ប៉ាក​គី​អៅ​និយាយថា “​ដូច​ការ​ប្រដាល់​អ៊ីចឹង យើង​នៅសល់​បី​ទឹក​ចុងក្រោយ​ទៀត​ដូច្នេះ​យើង​មិនត្រូវ​គ្រវី​កន្សែងស​ឡើយ​។ យើង​ត្រូវតែ​បញ្ចប់​ការប្រកួត​រហូតដល់​ទឹក​ចុងក្រោយ​។ អរគុណ​សម្រាប់​ការការពារ​ប្រទេស​យើង​។ យើង​តែង​បួងសួង​ឱ្យ​អ្នក​ទាំងអស់គ្នា​មាន​សុវត្ថិភាព​។ ខ្ញុំ​នៅទីនេះ​ដើម្បីឱ្យ​អ្នក​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​គាំទ្រ​ពេញទំហឹង​និង​អស់ពី​បេះដូង​សម្រាប់​សមាជិក​កងទ័ព​ដែល​បាន​ប្រយុទ្ធ​ដើម្បី​ប្រទេស​យើង​”​។

​អ្នក​ប្រដាល់​ប្រែ​មកជា​អ្នកនយោបាយ​រូបនេះ​ក៏បាន​ព្រលយ​ដែរ​ថា គាត់​មាន​ឆន្ទៈ​ចូលរួម​ជាមួយ​កងទ័ព​ក្នុង​តំបន់​សង្គ្រាម​ដែរ​។

​ប៉ាក​គី​អៅ​និយាយថា “​ប្រសិនបើ​អ្នក​អញ្ជើញ​ខ្ញុំ​ឱ្យ​ប្រយុទ្ធ​ក្នុង​តំបន់​សង្គ្រាម ខ្ញុំ​នឹងមិន​គិតពីរ​ដឹង​ឡើយ ដើម្បី​ចូលរួម​ជាមួយ​អ្នក​ទាំងអស់គ្នា​”​។​

​ប៉ាក​គី​អៅ​និយាយទៀតថា “​ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ចូលរួម​ជាមួយ​អ្នក​ហើយ​មាន​អ្វីមួយ​កើតឡើង​ចំពោះ​ខ្ញុំ អ្នកនឹង​មិនមាន​កីឡាករ​មក​ប្រកួត​លើស​ង្វៀង​ឱ្យមើល​ទៀតឡើយ​”៕ ដោយ៖ កញ្ញាដាលីស

ប៉ាក​គី​អៅ សួរសុខទុក្ខ​កងទ័ព​កាលពី​ថ្ងៃ​សៅរ៍