ប៉ា​គី​ស្ថាន​ចោទប្រកាន់​ឥណ្ឌា​មាន​ផែនការ​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​កា​ស្មៀនិង​ត្រៀម​ផ្តល់​មេរៀន​

158
ចែករម្លែក

​ក្នុងការ​ថ្លែង​សុន្ទរកថា​អបអរ​ទិវា​ឯករាជ្យ​ជាតិ​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ពុធ​ទី​១៤​សីហា នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក អ៊ី​ម​រ៉ា​ន ខាន់ បាន​ចោទប្រកាន់​ឥណ្ឌា​ថា​មាន​ផែនការ​ធ្វើ​ប្រតិ​​បត្តិការ​យោធា​នៅ​ក្នុង​តំបន់​កា​ស្មៀ​រ​ដែល​មាន​ជម្លោះ ហើយ​លោក​បាន​ប្តេជ្ញា​ថា​នឹង​បង្រៀន​ឥណ្ឌា​នូវ​មេរៀន​មួយ ហើយ​សន្យា​«​ប្រយុទ្ធ​ដល់​ទីបញ្ចប់​»​ប្រឆាំង​នឹង​ការឈ្លានពាន​​របស់​ឥណ្ឌា​ណា​មួយ​នៅ​កា​ស្មៀរ​។​

​ការព្រមាន​នេះ​បង្ហាញ​របត់​ថ្មី​មួយ​នៃ​កំណើន​ភាព​តានតឹង​រវាង​ប៉ា​គី​ស្ថាន​និង​ឥណ្ឌា បន្ទាប់​ពី​ប៉ា​គី​ស្ថាន​កាលពី​សប្តាហ៍​មុន​បាន​ច្រានចោល​«​ជំរើស​យោធា​»​ណា​មួយ​ដោយសារ​​ជម្លោះ​កា​ស្មៀ​។​

​ក្នុង​សុន្ទរកថា​ទៅ​កាន់​សភា​តំបន់​កា​ស្មៀ លោក​ខាន់​បាន​អះអាង​ថា ឥណ្ឌា​មាន​ផែនការ​ធ្វើ​ប្រតិបត្តិការ​សឹក​ធំ​ជាង​ប្រតិបត្តិការ​កាលពី​ខែ​កុម្ភៈ​នៅ​ពេល​យន្តហោះ​ឥណ្ឌា​បាន​​ចូល​ទម្លាក់​គ្រាប់​ខាង​ទឹកដី​ប៉ា​គី​ស្ថាន តែ​«​យោធា​ប៉ា​គី​ស្ថាន​ត្រៀមខ្លួន​បាន​ពេញលេញ​ណាស់​។​យោធា​ប៉ា​គី​ស្ថាន​មាន​ព័ត៌មាន​រឹងមាំ​ណាស់​ដែល​បង្ហាញ​ថា ពួកគេ ឥណ្ឌា មាន​ផែន​​ការ​ធ្វើ​អ្វីមួយ​នៅ​កា​ស្មៀរ​ខាង​ប៉ាគី​ស្ថាន​»​។​

​លោក​បន្តថា​«​យោធា​ប៉ា​គី​ស្ថាន​ត្រៀមខ្លួន​ឆ្លើយតប​ដ៏​ខ្លាំងក្លា​។​វា​ដល់ពេល អ្នកផ្តល់​មេរៀន​មួយ​»​។​

​កាលពី​ថ្ងៃ​ពុធ លោក​ខាន់ បាន​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង មូ​ហ្សា​ហ្វា​រ៉ា​បាត របស់​រដ្ឋកា​ស្មៀ​ខាង​ប៉ា​គី​ស្ថាន ដែលជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ម​ក​កាន់​តំបន់​នេះ​ចាប់​​តាំងពី​បាន​ឡើងកាន់តំណែង​ជា​មេដឹកនាំ​ប្រទេស​នៅ​ឆ្នាំ​១០១៨​។​

​ឥណ្ឌា​បាន​ដក​ឋានៈ​ពិសេស​របស់​ទឹកដី​មួយ​ផ្នែក​នៃ​តំបន់​ហេមពាន្ត​ដែល​គេ​ហៅថា រដ្ឋ​ចា​មុយ​និង​កា​ស្មៀ កាលពី​ថ្ងៃ​០៥​សីហា និង​បាន​ដាក់​ទ័ព​យ៉ាងច្រើន​ក្រាស់ក្រែល​មិន​ធ្លាប់​​មាន​ពីមុនមក​ដើម្បី​ទប់​ទ​លើ​នឹង​ចលាចល​ដែល​អាច​កើតមាន ដោយ​បិទ​ការទាក់ទង​ខាង​ទូរគមនាគមន៍ បង្ក្រាប​ការជួបជុំ​និង​សេរីភាព​នៃ​ការធ្វើដំណើរ​។​រដ្ឋាភិបាល​ក្រុង​អ៊ី​​ស្លា​ម៉ា​បាត​(​ប៉ា​គី​ស្ថាន​)​បាន​សងសឹក​វិញ ដោយ​ផ្អាក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​និង​គមនាគមន៍​សាធារណៈ​ជា​មួយ​ឥណ្ឌា ព្រមទាំង​បាន​បណ្តេញ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​​ក្រុង​អ៊ី​ស្លា​ម៉ា​បាត ទៀតផង​។​

​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បាន​ធ្វើ​សង្គ្រាម​នឹង​គ្នា​ចំនួន​២​លើក​ដោយសារ​តែ​បញ្ហា​កា​ស្មៀ ចាប់តាំងពី​ពួកគេ​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​នៅ​ឆ្នាំ​១៩៤៧​។​ប្រទេស​មាន​នុយគ្លេអ៊ែរ​ទាំងពីរ​​ហៀបនឹង​ផ្ទុះ​សង្គ្រាម​ទី​៣​ជាមួយគ្នា កាលពី​ខែ​កុម្ភៈ ក្រោយ​ពួក​សកម្មប្រយុទ្ធ​ដែល​មាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន​បាន​វាយប្រហារ​លើ​ក្បួន​រថយន្ត​សម្លាប់​ទាហាន​ឥណ្ឌា​ប្រមាណ​៤០​នាក់​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​លើក​ហេតុផល​ថា ការ​ដែល​រដ្ឋាភិបាលរ​បស់​លោក​ដក​ស្វ័យភាព​កា​ស្មៀរ​ដោយសារ​តែ​កន្លងមក​តំបន់​នេះ​ចិញ្ចឹម​ពួក​ភេរ​វករ​និង​លោក​ចង់​អភិវឌ្ឍ​កា​​ស្មៀរ​។​ច្បាប់​ចាស់​ដែល​ហាម​មិន​អោយ​មនុស្ស​ក្រៅ​តំបន់​កា​ស្មៀរ​ទិញ​អចលនទ្រព្យ និង​ចូលទៅ​រស់នៅ​ទីនោះ រួម​ទាំង​ទទួល​ការងារ​រដ្ឋ រារាំង​ការអភិវឌ្ឍ​របស់​តំបន់​នេះ​។​

​ក្នុងពេល​ជាមួយគ្នា មន្ត្រី​សន្តិសុខ​ឥណ្ឌា​បាន​និយាយថា ពួក​សកម្មប្រយុទ្ធ​ប៉ា​គី​ស្ថាន​មួយក្រុម ក្រោម​ការគាំទ្រ​ពី​យោធា បាន​ព្យាយាម​ជ្រៀតចូល​កា​ស្មៀរ​ខាងឥ​ណ្ឌា ដើម្បី​បង្ក​អំពើ​​ហិង្សា​។​

​សារព័ត៌មាន​ANI បាន​ស្រង់​ប្រភព​ព័ត៌មាន​យោធា​ឥណ្ឌា​ដែល​ថា មាន​ការប៉ុនប៉ង​ជ្រៀតចូល​ក្នុង​រដ្ឋ​ចា​មុយ​-​កា​ស្មៀ​កាលពី​យប់​ថ្ងៃ​អង្គារ ពី​សំណាក់​ពួក​សកម្មប្រយុទ្ធ ក្រោម​ការ​​បាញ់​ការពារ​ពី​ប៉ុស្ត​យាម​ប៉ាគី​ស្ថាន​៕​ដោយ​៖​វាសនា​

នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន បាន​ទៅ​កាន់​ទីក្រុង មូ​ហ្សា​ហ្វា​រ៉ា​បាត របស់​កា​ស្មៀរ​ខាង​ប៉ាគី​ស្ថាន​កាលពី​ថ្ងៃ​ពុធ ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​ប្រជាជន​អ៊ីស្លាម​កា​ស្មៀរ​