ប៉ា​គី​ស្ថាន​ថ្កោលទោស ស្នើសុំ​អង្គការសហប្រជាជាតិ​កោះប្រជុំ​និង​ព្រមាន​ឥណ្ឌា​កុំអោយ​ជ្រើស​យក​សង្គ្រាម​

329
ចែករម្លែក

​ប្រធានាធិបតី​ប៉ា​គី​ស្ថាន​កាល​ពីថ្ងៃ​ពុធ​ទី​១៤​សីហា​បាន​ថ្កោលទោស​ការ​បន្ទាប​ឋានៈ​តំបន់​កា​ស្មៀរ​ខាងឥ​ណ្ឌា ដោយ​ចាត់ទុក​វា​ជា​ការរំលោភច្បាប់​អន្តរជាតិ និង​បាន​និយាយ​​ថា​ប៉ា​គី​ស្ថាន​នឹង​«​មិន​ទុក​អោយ​ប្រជាជន​កា​ស្មៀរ​នៅ​រងារ​ឯកា​ទេ​»​។​

​លោក អា​រី​ហ្វ អាល់​វី បាន​និយាយ​ដូច្នេះ ក្នុងពេល​បង្ហូតទង់ជាតិ​ប៉ា​គី​ស្ថាន​នៅ​អាគារ​រដ្ឋាភិបាល​មួយ​នៅក្នុង​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាត ដើម្បី​ចាប់ផ្តើម​ការកត់សំគាល់​ទិវា​ឯករាជ្យ​របស់​​ប្រទេស​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​កា​ស្មៀរ​ខាង​ប៉ាគី​ស្ថាន ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​ប្រជាជន​កា​ស្មៀរ​នៅ​ខាងឥ​ណ្ឌា​។​

​លោក​អាល់​វី បាន​និយាយថា​លោក​មាន​ភាព​សោកសៅ​ណាស់​ដោយ​បាន​ឃើញ​ភាពព្រៃផ្សៃ​របស់​ឥណ្ឌា​នៅក្នុង​រដ្ឋកា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា និង​ថា​ជន​អ៊ីស្លាម​មិន​ចង់​ធ្វើ​​សង្គ្រាម​ទេ តែ​«​បើ​សង្គ្រាម​ត្រូវបានធ្វើឡើង​ចំពោះ​យើង យើង​នឹង​មិន​រា​ថយ​ទេ​»​។​

​តែ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​អះអាង​កាលពី​សប្តាហ៍​មុន​ថា ការសំរេចចិត្ត​ដក​ស្វ័យភាព​កា​ស្មៀរ​នេះ មាន​ភាព​ចាំបាច់​ដើម្បី​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ទប់ស្កាត់​ភេរវកម្ម​ដោយសារកាស្មៀរ«ចិញ្ចឹមភេរវកម្ម»។

​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​អង្គារ បាន​ស្នើសុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ កោះប្រជុំ​អំពី​បញ្ហា​ឥណ្ឌា​ដក​ឋានៈ​ស្វ័យភាព​នៃ​រដ្ឋ​ចា​មុយ​និង​កា​ស្មៀរ ។​ចំណាត់ការ​របស់​ឥណ្ឌា​​រារាំង​សិទ្ធិ​របស់​រដ្ឋ​ដែលមាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់នៅ​ភាគច្រើន​នេះ ពី​ការតាក់តែង​ច្បាប់​ដោយ​ខ្លួនឯង និង​អនុញ្ញាត​អោយ​មនុស្ស​មក​ពី​ក្រៅអាច​ទិញ​អចលនទ្រព្យ​នៅ​​ទីនោះ​។​ខ្សែ​ទូរស័ព្ទ អ៊ីនធឺណិត និង​បណ្តាញ​ទូរទស្សន៍​ត្រូវបាន​បិទ​ចាប់តាំងពី​ថ្ងៃ​០៥​សីហា និង​មាន​ការ​កំហិត​លើ​ការធ្វើដំណើរ​និង​ការជួបជុំ​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន​បាន​និយាយថា «​ប៉ា​គី​ស្ថាន​នឹង​មិន​បង្ក​ជម្លោះ​ណាមួយ​ទេ តែ​ឥណ្ឌា​កុំ​យល់ច្រឡំ​អំពី​ការអត់ធ្មត់​របស់​យើង​។​បើ​ឥណ្ឌា ជ្រើស​​យក​ការប្រើ​កម្លាំង​ជាថ្មី ប៉ា​គី​ស្ថាន​នឹង​មាន​កាតព្វកិច្ច​ឆ្លើយតប ក្នុងន័យ​ការពារ​ខ្លួន ជាមួយនឹង​សមត្ថភាព​របស់​ខ្លួន​»​។​

​សូមបញ្ជាក់​ថា តំបន់​ហេមពាន្ត​នេះ​ត្រូវបាន​បែងចែក​ជា​កា​ស្មៀរ​ខាងឥ​ណ្ឌា ដែល​គ្រប់គ្រង​ជ្រលង​ភ្នំ​កា​ស្មៀរ និង​តំបន់​មាន​អ្នក​កាន់​សាសនា​ហិណ្ឌូភាគ​ច្រើន​នៅ​ម្តុំ​ទីក្រុង​ចា​មុយ ហើយ​​នឹង​ប៉ា​គី​ស្ថាន ដែល​គ្រប់​គ្រប​ទឹកដី​ខាងលិច និង​ចិនដែល​កាន់កាប់​ទឹក​ដី​ខ្ពស់​រាប​មួយ​ចំណិត​នៅ​ភាគ​ខាងជើង​។​

​ការប្រើ​សម្តី​ប្រតិកម្ម​ព្រមៗ​គ្នា​ពី​មេដឹកនាំ​ប៉ា​គី​ស្ថាន​នេះ​កើតឡើង​បន្ទាប់ពី​មាន​ព័ត៌មានបាននិយាយ​ថា​ប៉ា​គី​ស្ថាន​ត្រៀម​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​ទៅ​ជិត​តំបន់​កា​ស្មៀរ​គ្រប់គ្រង​ដោយ​ឥណ្ឌា​​ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​រិះគន់​តាក់​ទិ​ក​របស់​ឥណ្ឌា​នៅ​តំបន់​នេះ​ថា «​ដូច​ពួក​ណា​ហ្ស៊ី​»​។​

​ប្រភពព័ត៌មាន បាន​និយាយថា យន្តហោះ​ដឹកជញ្ជូន C-130​ចំនួន​៣​គ្រឿង​របស់​កងទ័ពអាកាស​ប៉ា​គី​ស្ថាន​បាន​ដឹក​គ្រឿង​បរិក្ខា​ទៅកាន់​មូលដ្ឋាន Skardu ខណៈ​ឥណ្ឌា​តាមដាន​​សកម្មភាព​ប៉ា​គី​ស្ថាន​យ៉ាង​យកចិត្តទុកដាក់​៕​ដោយ​៖​វាសនា​

ទាហាន​ឥណ្ឌា​នៅតាម​ខ្សែបន្ទាត់​គ្រប់គ្រង​(​ព្រំដែន​ជាក់ស្តែង​)​ដើរ​ល្បាត​និង​ឃ្លាំ​មើល​សកម្មភាព​ខាង​ប៉ា​គី​ស្ថាន​យ៉ាង​យកចិត្តទុកដាក់​