ប៉ា​គី​ស្ថាន​និង​ឥណ្ឌា​បាញ់​ផ្លោង​ដាក់គ្នា​កាត់​ព្រំដែន​កា​ស្មៀរ​

364
ចែករម្លែក

​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បាន​បាញ់​ផ្លោង​កាត់​ព្រំដែន​ដាក់​គ្នា​កាលពី​ថ្ងៃ​សៅរ៍​ទី​១៧​សីហា បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ញូវដែល្លី​(​ឥណ្ឌា​)​ដក​ស្វ័យភាព​ពី​តំបន់​កា​ស្មៀរ​ដែល​ខ្លួន​កាន់​​កាប់​ជាហេតុ​នាំ​អោយ​មាន​ការកោះប្រជុំ​ដ៏​កម្រ​មួយ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អំពី​បញ្ហា​កា​ស្មៀរ​កាលពីមួយ​ថ្ងៃ​មុននោះ​។​

​គូសត្រូវ​ទាំង​ពីរ​តែង​តែង​បាញ់​ផ្លោង​ដាក់គ្នា​កាត់​ខ្សែបន្ទាត់​គ្រប់គ្រង​នៅ​ទឹកដី​ហេមពាន្ត​ដែល​បែងចែក​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​នេះ ចាប់តាំងពី​ការទទួលបាន​ឯករាជ្យភាព​​ពី​អង់គ្លេស​នៅ​ឆ្នាំ​១៩៤៧​។​តែ​ការបាញ់​ផ្លោង​លើក​ចុងក្រោយ​នេះ កើត​ឡើង​ក្រោយ​ពី​ឥណ្ឌា​សំរេច​ដក​ឋានៈ​ពិសេស​របស់​រដ្ឋ​ចា​មុយ​និង​កា​ស្មៀរ ជាហេតុ​នាំ​អោយ​ផ្ទុះ​ការតវ៉ា​ពីប្រ​​ជា​ជន​មូលដ្ឋាន​និង​ការដាក់​ទ័ព​ឥណ្ឌា​ដ៏​ច្រើន​ក្រាស់ក្រែល​មិន​ធ្លាប់​មាន​ពីមុន​។​

​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ម្នាក់​បាន​និយាយថា «​ការបាញ់​គ្នា​នៅ​កំពុង​បន្តធ្វើ​»​។​

​ទាហាន​ឥណ្ឌា​ម្នាក់​ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់​ពី​ការបាញ់​ផ្លោង​ចុងក្រោយ​នេះ រីឯ​ប៉ា​គី​ស្ថាន​មិន​បាន​និយាយ​យ៉ាងណា​នៅឡើយ​ទេ តែ​អ្នកនាំពាក្យ​យោធា​ប៉ា​គី​ស្ថាន បាននិ​​យាយ​ថា រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាត​នឹង​ឆ្លើយតប​ពេញទំហឹង​ចំពោះ​ការឈ្លានពាន​ណាមួយ​ពី​ឥណ្ឌា​។​

​កាលពី​ថ្ងៃ​សុក្រ យោធា​ប៉ា​គី​ស្ថាន​បាន​និយាយថា ទាហាន​របស់ខ្លួន​៤​នាក់​បាន​ស្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​ក្នុង​រយៈពេល​២៤​ម៉ោង​ជាមួយ​ទាហាន​ឥណ្ឌា​នៅ​កា​ស្មៀរ​និង​កាលពី​ថ្ងៃ​​ព្រហស្បតិ៍ ប៉ា​គី​ស្ថាន​ក៏បាន​អះអាងថា ទាហាន​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​៨​នាក់​ត្រូវបាន​សម្លាប់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​រដ្ឋកា​ស្មៀរ​។​

​កាលពី​ថ្ងៃ​សៅរ៍ ឥណ្ឌា​ក៏​បាន​ស្តារ​ខ្សែ​ទូរស័ព្ទ​ឡើងវិញ​ខ្លះ ក្រោយ​ការផ្តាច់​ទូរគមនាគមន៍ រួម​មាន​ទូរស័ព្ទ និង​អ៊ីនធឺណិត​នៅ​កា​ស្មៀរ​អស់​ពេល​កន្លះ​ខែ ក្រោយ​ពី​ឥណ្ឌា​ដក​ឋានៈ​ស្វ័យ​​ភាព​ពិសេស​របស់​កា​ស្មៀរ​ខាងឥ​ណ្ឌា​៕​ដោយ​៖​វាសនា​

ទាហាន​ឥណ្ឌា​(ស្តាំ)និង​ប៉ា​គី​ស្ថាន​ប្រុង​ជើងការ​នៅ​សងខាង​ខ្សែបន្ទាត់​គ្រប់គ្រង​ដែល​ជា​ព្រំដែន​ជាក់ស្តែង​នៃ​តំបន់​កា​ស្មៀរ​

#