ប៉ា​គី​ស្ថាន​បណ្តេញ​អង្គការក្រៅរដ្ឋាភិបាល​១៨​ចេញពី​ប្រទេស​ដោយ​ទំនង​មកពី​ចារកម្ម​

356

ប៉ាគីស្ថានកំពុងបណ្តេញអង្គការសប្បុរសធម៌អន្តរជាតិចំនួន១៨ ក្រោយពីបានច្រានចោលបណ្តឹងឧទ្ធរណ៍ចុងក្រោយរបស់ពួកគេ ដើម្បីបានបន្តស្នាក់នៅក្នុងប្រទេសនេះ។វាជាចំណាត់ការមួយដែលអ្នកនាំពាក្យក្រុមផ្តល់ជំនួយមួយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នឹងធ្វើអោយប៉ះពាល់អ្នកក្រីក្រប៉ាគីស្ថានរាប់លាននាក់និងនាំអោយបាត់បង់ប្រាក់ជំនួយរាប់សិបលានដុល្លារ។

ប៉ូលិសប៉ាគីស្ថានឈរយាមពីក្រៅអង្គការអន្តរជាតិមួយដែលត្រូវបិទទ្វារ

ភាគច្រើននៃអង្គការផ្តល់ជំនួយដែលត្រូវបណ្តេញចេញមានមូលដ្ឋាននៅអាមេរិក ខណៈនៅសេសសល់មកពីអង់គ្លេសនិងសហភាពអឺរ៉ុប។អង្គការចំនួន២០ទៀតក៏ប្រឈមនឹងការត្រូវបណ្តេញចេញក្រោយពីអាជ្ញាធរកាលពីប៉ុន្មានខែមុនបានចុចឈ្មោះអង្គការផ្តល់ជំនួយអន្តរជាតិប្រមាណ៣៨ដែលត្រូវបិទទ្វារ ។

វាជាការបង្ក្រាបចុងក្រោយមួយទៅលើអង្គការអន្តរជាតិនៅប៉ាគីស្ថាន ដោយអាជ្ញាធរប្រើលេសការិយាធិបតេយ្យ ដូចជាទិដ្ឋាការនិងឯកសារចុះបញ្ជីដើម្បីផ្តោតលើអង្គការទាំងនោះ។

មានការនិយាយមិនផ្លូវការនៅក្រុងអ៊ីស្លាម៉ាបាតថា អាមេរិកនិងអង់គ្លេសបាននាំគេញសម្ងាត់ចូលក្នុងប៉ាគីស្ថានក្រោមឈ្មោះបិទបាំងជាបុគ្គលិកផ្តល់ជំនួយ។

សូមបញ្ជាក់ថា ប៉ាគីស្ថាននិងកងកម្លាំងសន្តិសុខរបស់ខ្លួននៅមិនទាន់បាត់ការបាក់មុខពីប្រតិបត្តិការសម្ងាត់មួយនៅឆ្នាំ២០១១ដែលមានពាក់ព័ន្ធនឹងវេជ្ជបណ្ឌិតប៉ាគីស្ថានម្នាក់ ក្រុមអង្គការផ្តល់ជំនួយមួយនិងផែនការចាក់វ៉ាក់សាំងក្លែងក្លាយមួយដើម្បីសំគាល់កន្លែងស្នាក់នៅរបស់មេបណ្តាញភេរវកម្មអាល់កៃដា លោកអូសាម៉ា ប៊ីនឡាដេនដើម្បីជួយអោយកុម្មង់ដូពិសេសអាមេរិកចូលប្រហារគាត់។

រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាតនិយាយថា អាមេរិកមិនដែលជូនដំណឹងអំពីការឆ្មក់ចូលវាយប្រហារនៅទីក្រុងអាប់បុតតាបាតនេះដល់ខ្លួនជាមុនទេ ខណៈមានការសង្ស័យថា ប៉ាគីស្ថានផ្តល់ជម្រកដល់ភេរវករ។

មនុស្សជាច្រើនជឿថា ការបង្រ្កាបជាទូទៅលើបណ្តាក្រុមផ្តល់ជំនួយនេះបណ្តាលមកពីប្រតិបត្តិការរបស់CIA ដែលក្នុងនោះវេជ្ជបណ្ឌិតប៉ាគីស្ថានឈ្មោះ សាគីល អាហ្រ្វីឌីក្លែងធ្វើជាបុគ្គលិកជំនួយ ប្រើកម្មវិធីចាក់វ៉ាក់សាំងក្លែងក្លាយមួយដើម្បីទទួលបានគំរូDNAមកពីគ្រួសាររបស់ប៊ីនឡាដេន សំរាប់ជាមធ្យោបាយកំណត់ទីតាំងរបស់ជននេះ។

ទោះជាយ៉ាងណា អ្នកនាំពាក្យយោធាបានបដិសេធថាមិនមានការជាប់ពាក់ព័ន្ធរវាងការបិទអង្គការទាំងនិងនិងប្រតិបត្តិការសម្លាប់ប៊ីនឡាដេនទេ តែថាដោយសារតែអង្គការទាំងនេះមិនបំពេញតាមលក្ខខណ្ឌតំរូវ។

សាគីល អាហ្រ្វីឌីក្រោយមកត្រូវបានចាប់ខ្លួនដាក់គុកនៅប៉ាគីស្ថានភាគពាយព្យ។រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានទាមទារអោយដោះលែងគាត់ជាច្រើនដង៕ដោយ៖វាសនា

វេជ្ជបណ្ឌិតប៉ាគីស្ថានដែលបានក្លែងជាបុគ្គលិកផ្តល់ជំនួយ និងបានបង្កើតកម្មវិធីចាក់វ៉ាក់សាំងក្លែងក្លាយមួយដើម្បីយកគគំរូDNAពីគ្រួសារប៊ីនឡាដេន មុនកងទ័ពពិសេសអាមេរិកបើកប្រតិបត្តិការវាយចូលផ្ទះរបស់មេភេរវកររូបនេះ