ប៉ា​គី​ស្ថាន​បាញ់​សាកល្បង​មី​ស៊ី​ល​ប្រឆាំង​នាវា​ផលិត​ក្នុងស្រុក​ដោយ​ជោគជ័យ​នៅ​សមុទ្រ​អារ៉ាប់​ខាងជើង

146
ចែករម្លែក

​កងទ័ពជើងទឹក​ប៉ា​គី​ស្ថាន​បានធ្វើការ​សាកល្បង​ដោយ​ជោគជ័យ​នូវ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​ដែល​ផលិត​នៅក្នុង​ស្រុក ចេញពី​យន្តហោះ​ចម្បាំង​ដ៏​លឿន​មួយ​នៅ​សមុទ្រ​អារ៉ាប់​ខាងជើង​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​មេសា​។ ការសាកល្បង​នេះ​ត្រូវបាន​លាតត្រដាង​ដោយ​ទីភ្នាក់ងារ​ទំនាក់ទំនង​អន្តរ​សេវាកម្ម​សាធារណៈ (ISPR) ដែលជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កងកម្លាំង​ប្រដាប់អាវុធ​ប៉ា​គី​ស្ថាន នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​។​

​សេចក្តីប្រកាស​ព័ត៌មាន​នោះ​លើកឡើងថា “​មី​ស៊ី​ល​នេះ​បាន​បាញ់​ចំ​គោលដៅ​នៅលើ​ដីគោក ដោយ​សបញ្ជាក់​ឱ្យឃើញ​នូវ​សមត្ថភាព​នៃ​ប្រព័ន្ធ​មី​ស៊ី​ល​ដ៏​ពិសេស​។ ការបាញ់​គ្រាប់​ពិត​ដោយ​ជោគជ័យ​នេះ​ជាថ្មី​ម្តងទៀត​បានបង្ហាញ​ពី​អំណាច​សព្វាវុធ​គួរឱ្យ​ជឿជាក់​បាន​របស់​កងទ័ព​ជើង​ទឹក​ប៉ា​គី​ស្ថាន​និង​កម្រិត​ភាពច្បាស់​នៃ​អាវុធ​បច្ចេកវិជ្ជា​ខ្ពស់ ដែល​សម្រេចបាន​ដោយ​ឧស្សាហកម្ម​ការពារជាតិ​របស់​ប៉ា​គី​ស្ថាន​”​។​

​នាយសេនាធិការរង​នៃ​កងទ័ពជើងទឹក លោក​ឧ​ត្ត​មនា​វី​រង ខា​លីម ស៊ូ​កាត បាន​ធ្វើជា​សាក្សី​ចំពោះ​ការបាញ់​គ្រាប់​ពិត​នៅលើ​នាវា​កងទ័ពជើងទឹក​ប៉ា​គី​ស្ថាន​មួយគ្រឿង​។​

​ចំពេល​កំពុងមាន​ភាព​តានតឹង​ជាមួយ​ឥណ្ឌា លោក​ស៊ូ​កាត​បានបញ្ជាក់​អះអាង​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់​កង​ទ័ពជើងទឹក​ប៉ា​គី​ស្ថាន​ក្នុង​ការធានា​ការពារ​ដែនទឹក​ដ៏​គួរឱ្យ​ទុកចិត្តបាន និង​ការពារ​ផលប្រយោជន៍​ដែនសមុទ្រ​របស់​ជាតិ ទោះ​ត្រូវ​ចំណាយ​អ្វីៗ​គ្រប់យ៉ាង​ក៏ដោយ​។​

​កងទ័ពជើងទឹក​ប៉ា​គី​ស្ថាន​មិនបាន​បញ្ជាក់​ពី​ប្រភេទ​យន្តហោះ​ចម្បាំង​ដ៏​លឿន​ដែល​ប្រើ​សម្រាប់​ការបាញ់​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​នោះទេ​។ ប៉ា​គី​ស្ថាន​បាន​កំពុង​អភិវឌ្ឍ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​សម្រាប់​បំពាក់​លើ​ជើង​ទម្រ Babur 1B ដែល​បាន​បាញ់​សាកល្បង​លើកចុងក្រោយ​បំផុត​នៅ​ខែមេសា​ឆ្នាំ ២០១៨៕ ដោយ៖ កញ្ញាដាលីស

ប៉ា​គី​ស្ថាន​បាញ់​សាកល្បង​ជោគជ័យ​នូវ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង ដែល​ផលិត​ក្នុងស្រុក