ប៉ា​គី​ស្ថាន​ប្រគល់​អាកាសយានិក​អោយ​ឥណ្ឌា​(វីដេអូ)

433
ចែករម្លែក
  • 175
    Shares

​ប៉ា​គី​ស្ថាន​កាលពី​យប់​ថ្ងៃ​សុក្រ​បានប្រគល់​អាកាសយានិក​ឥណ្ឌា​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​យន្តហោះ​របស់គាត់​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​តំបន់​កា​ស្មៀរ​នោះ​ទៅ​អោយ​មន្ត្រី​ឥណ្ឌា​​នៅ​ច្រក​ព្រំដែន​Wagah​។​

​នៅ​ខាង​ព្រំដែន​ឥណ្ឌា ពួក​មន្ត្រី​និង​តំណាង​កាកបាតក្រហម​អន្តរជាតិ បាន​ស្វាគមន៍​អាកាសយាន​និក​ដែល​ពាក់អាវ​ពណ៌​ខៀវ​ចាស់​។​នៅតាម​ផ្លូវ​ខាង​ព្រំដែន​ឥណ្ឌា អ្នកស្រុក​​បាន​ឈរ​តាម​ចិញ្ចើម​ផ្លូវ​ដើម្បី​ចាំ​ស្វាគមន៍​និង​ជូនពរ​វីរបុរស​របស់គេ តែត្រឹម​ពេល​គាត់​ឆ្លង​ព្រំដែន​ចូល​ឥណ្ឌា​នៅ​ម៉ោង​៩​យប់ អ្នក​ដែល​នៅ​រង់ចាំ​បាន​ថយ​ចំនួន​ច្រើន​។​

​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាត​បាន​និយាយថា ការប្រគល់​ខ្លួន​នេះ​ជា​កាយវិការ​ចង់បាន​សន្តិភាព ដែល​អាច​បន្ថយ​ភាព​តានតឹង​និង​ចៀសវាង​សង្គ្រាម​មួយទៀត​រវាង​ឥណ្ឌា​និង​​ប៉ា​គី​ស្ថាន​។​

​យន្តហោះ​ប្រយុទ្ធ​របស់លោក​Varthaman ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​តំបន់​កា​ស្មៀរ​ខាង​ប៉ាគី​ស្ថាន​កាលពី​ថ្ងៃ​ពុធ​។​

​ក្នុង​សារ​ជា​វីដេអូ​ដែល​ត្រូវបាន​ផ្សាយ​ក្នុង​ទូរទស្សន៍​ប៉ា​គី​ស្ថាន លោក​Varthaman​បាន​និយាយថា​លោក​ត្រូវ​ជួយ​សង្គ្រោះ​ដោយ​ទាហាន​ប៉ា​គី​ស្ថាន​២​នាក់​ពេល​លោក​ឆត្រយោង​ចេញ​​ពី​យន្តហោះ​និង​ដឹង​ថា​លោក​បាន​ស្ថិត​តំបន់​កា​ស្មៀរ​ខាង​ប៉ាគី​ស្ថាន ហើយ​ត្រូវ​ចោមរោម​ដោយ​ហ្វូង​អ្នកស្រុក​ដែល​ខឹងសម្បារ​។​

​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​ខ្ពស់​បន្ទាប់​ពី​យន្តហោះ​ឥណ្ឌា​ឆ្លង​ព្រំដែន​ចូល​វាយប្រហារ​លើ​ជំរំ​ពួក​សកម្មប្រយុទ្ធ​នៅ​ខាង​ប៉ា​គី​ស្ថាន​ដែល​ឥណ្ឌា​បន្ទោស​ចំពោះ​​ការវាយប្រហារ​ភេរវកម្ម​លើ​ក្បួន​រថយន្ត​យោធា​របស់​ខ្លួន​កាលពី​ថ្ងៃ​១៤​កុម្ភៈ​។​

​ប៉ា​គី​ស្ថាន បាន​សងសឹក​វិញ ដោយ​បាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា​២​កាលពី​ថ្ងៃ​ពុធ​និង​ចាប់ខ្លួន​អាកាសយានិក​ខាងលើ​៕​ដោយ​៖​វាសនា​