ប៉ា​គី​ស្ថាន​ព្រមាន​បន្ទាប់ពី​ឥណ្ឌា​ដក​ឋានៈ​ពិសេស​របស់​កា​ស្មៀរ ដែលនាំអោយ​បារម្ភ​អំពី​ការផ្ទុះ​ចលាចល​

274
ចែករម្លែក

រដ្ឋាភិបាល​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ទី​៥​សីហា បាន​ដក​ឋានៈ​ពិសេស​របស់​រដ្ឋកា​ស្មៀរ​ក្នុង​បំណង​ដាក់បញ្ជូល​តំបន់​ដែល​មាន​អ្នកកា​ន់​សាសនា​អ៊ីស្លាម​ភាគច្រើន​រស់នៅ​នេះ​ចូល​ជាមួយ​​ផ្នែក​ផ្សេង​ទៀត​របស់​ប្រទេស​អោយ​ពេញលេញ​។​

​មេដឹកនាំ​នយោបាយ​ខ្លះ​នៅ​កា​ស្មៀរ បាន​ព្រមាន​ថា ចំណាត់ការ​ដូច្នេះ​របស់​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី ណា​រេ​នដ្រា ម៉ូ​ឌី នឹង​បង្ក​អោយមាន​ចលាចល​ធំ ពីព្រោះ​វា​មានន័យ​​ស្មើ​នឹង​ការប្រឆាំង​នឹង​ប្រជាជន​តំបន់​នេះ​។​

​អាជ្ញាធរ​បាន​ចាប់ផ្តើម​ការបង្ក្រាប​ថ្មី​មួយ​នៅក្នុង​រដ្ឋ​ចា​មុយ​និង​កា​ស្មៀ ដោយ​បិទ​សេវា​ទូរស័ព្ទ​និង​អ៊ីនធឺណិត ព្រមទាំង​ដាក់​មេដឹកនាំ​ខ្លះ​អោយ​នៅ​តែ​ក្នុងផ្ទះ​។​

​សូមបញ្ជាក់​ថា រដ្ឋកា​ស្មៀរ​នៃ​ទឹកដី​ហេមពាន្ត​នេះ ជា​ស្នូល​នៃ​ជម្លោះ​ជាង​៧០​ឆ្នាំ​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ចាប់​តាំងពី​ទឹកដី​អាណានិគម​អង់គ្លេស​ឥណ្ឌា ត្រូវបាន​បំបែក​ជា​ពីរ​ទៅ​​ជា​ឥណ្ឌា​របស់​ពួក​ហិណ្ឌូ​និង​ប៉ា​គី​ស្ថាន​របស់​ពួក​អ៊ីស្លាម​។​តំបន់​ភ្នំ​នេះ​ជា​កន្លែង​ខណ្ឌ​ចែក​រវាង​ប្រទេស​ទាំង​ពីរ និង​ចិន​ដែល​កាន់កាប់​តំបន់​ខ្ពស់​មាន​មនុស្ស​រស់​នៅ​តិច​នៅ​ភាគ​​ខាងជើង​។​

​ជុំវិញ​ចំណាត់ការ​របស់​ឥណ្ឌា​នេះ ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ចន្ទ​បាន​កោះហៅ​ស្នងការ​ជាន់ខ្ពស់​ឥណ្ឌា​ប្រចាំ​ក្រសួងការបរទេស​នៅ​ក្រុង​អ៊ី​ស្លា​ម៉ា​បាត មក​ស្តាប់​ការតវ៉ា​ជំទាស់​។​រដ្ឋមន្ត្រី​ការ​​បរទេស​ប៉ា​គី​ស្ថាន​បាន​អះអាង​ថា ចំណាត់ការ​របស់​ឥណ្ឌា​រំលោភ​ច្បាប់​អន្តរជាតិ​និង​សេចក្តីសំរេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ​ជាច្រើន​។​

​ក្រសួង​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​វិធានការ​របស់​ឥណ្ឌា រួម​មាន​ការបិទ​តំបន់​កា​ស្មៀរ​ខាងឥ​ណ្ឌា ការបញ្ជូន​ទ័ព​បន្ថែម​១៨០.០០០​នាក់ ដាក់​បំរាម​គោចរ ការ​បង្ខាំង​​មេដឹកនាំ​កា​ស្មៀរ​នៅក្នុង​ផ្ទះ និង​បិទ​សេវា​ទូរគមនាគមន៍​។​

​ប៉ា​គី​ស្ថាន ក្នុងពេល​ជាមួយគ្នា បាន​ប្តេជ្ញា​រក្សា​«​ជំរើស​ដែល​អាច​ធ្វើបាន​» ដើម្បី​ត​តប​នឹង​ចំណាត់ការ​របស់​ឥណ្ឌា​ក្នុង​ការផ្លាស់ប្តូរ​ឋានៈ​ពិសេស​ដែល​មាន​ចាប់តាំងពី​ឆ្នាំ​១៩៤៧​មក​។​

​ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ជា​ប្រពៃណី​ទៅហើយ​គឺ​តានតឹង​នឹង​គ្នា​ជាប់ ដោយសារ​តែ​ការអះអាង​ដណ្តើម​គ្នា​នៅ​ផ្នែក​នៃ​តំបន់​កា​ស្មៀរ ចាប់តាំងពី​ប្រទេស​ទាំង​ពីរ​ទទួល​​បាន​ឯករាជ្យភាព​ពី​អង់គ្លេស​នៅ​ឆ្នាំ​១៩៤៧​។​

​កាលពី​ថ្ងៃ​សៅរ៍ ប៉ា​គី​ស្ថាន​បាន​ចោទប្រកាន់​ឥណ្ឌា ថា​ប្រើ​គ្រាប់បែក​ចង្កោម​ដើម្បី​សម្លាប់​ជន​ស៊ីវិល​នៅ​តាម​ខ្សែបន្ទាត់​ខណ្ឌ​ចែក​កា​ស្មៀរ​ឥណ្ឌា​និង​កា​ស្មៀ​រ​ប៉ា​គី​ស្ថាន​។​យោង​តាម​រដ្ឋា​​ភិបាល​ក្រុង​អ៊ីស្លា​ម៉ា​បាត ជន​ស៊ីវិល​២​នាក់​ត្រូវបាន​សម្លាប់​និង​១១​នាក់​រងរបួស​នៅក្នុង​ការវាយប្រហារ​នេះ​៕​ដោយ​៖​វាសនា​

​ប្រជាជន​ប៉ា​គី​ស្ថាន​ប្រឆាំង​នឹង​ចំណាត់ការ​របស់​ឥណ្ឌា​ពាក់ព័ន្ធ​នឹង​កា​ស្មៀរ​

​អ្នក​ទេសចរណ៍​នាំគ្នា​សំរុក​ចេញពី​កា​ស្មៀរ​ចំ​ពេល​សភាពការណ៍​កា​ន់​តែ​តានតឹង​