ប៉ា​គី​ស្ថាន​សាកល្បង​មី​ស៊ី​ល តែ​អះអាងថា​ខ្លួន​ចង់​ចរចា​សន្តិភាព​ជាមួយ​ឥណ្ឌា​

588
ចែករម្លែក

​ប្រទេស​ប៉ា​គី​ស្ថាន​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការបើក​កិច្ចចរចា​សន្តិភាព​ជាមួយ​ឥណ្ឌា ខណៈ​ដែល​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi​ទំនង​ជា​ឡើង​កាន់​អំណាច​ជាថ្មី​​នៅ​ក្រុង​ញូវដែលី​បន្ទាប់ពី​ការបោះឆ្នោត​មួយ​ដែល​ប្រយុទ្ធប្រឆាំង​ទៅ​នឹង​ស្រមោល​នៃ​ការប្រឈមមុខគ្នា​ជា​ថ្មី​រវាង​ប្រទេស​ជា​សត្រូវ​គ្នា​ទាំង​២ ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នេះ ។​

​ប៉ុន្តែ មាន​ការព្រមាន​ចំពោះ​ឥណ្ឌា ដោយ​ប៉ា​គី​ស្ថាន បានប្រកាស​ផងដែរ​ថា ខ្លួន​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប Shaheen II​ដែល​មាន​រយៈ​ចម្ងាយ​ជាង​២.៤០០​គីឡូម៉ែត្រ​។​

​កងទ័ព​ប៉ា​គី​ស្ថាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មី​ស៊ី​ល​ឆ្លង​ទ្វីប Shaheen II ជា​មី​ស៊ី​ល​ដែល​មាន​សមត្ថភាព​ខ្ពស់ ដែល​បំពេញ​ត្រូវការ​យុទ្ធសាស្ត្រ​របស់​ប៉ា​គី​ស្ថាន​​ក្នុង​ការថែរក្សា​ស្ថិរភាព​ក្នុង​តំបន់​។​

​កាលពី​ថ្ងៃ​ពុធ​ទី​២២​ខែ​ឧសភា រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន លោក​Shah Mehmud Qureshi​បាន​និយាយ​ជាមួយនឹង​សម​ភាគី​ឥណ្ឌា​របស់លោក នៅក្រៅ​កិច្ចប្រជុំ​នៃ​រដ្ឋ​​ជា​សមាជិក​នៃ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ​នៅ​ទីក្រុង​Bishkek ប្រទេស​កៀហ្ស៊ី​ស៊ី​ស្ថាន​។​

​បន្ទាប់​ពី​ជំនួប​នេះ លោក​បាន​និយាយថា ” យើង​មិន​និយាយ​គំរាម​គ្នា​ទេ ។ យើង​ចង់​រស់នៅ​ជា​ប្រទេស​ជិតខាង​ល្អ ហើយ​ដោះស្រាយ​បញ្ហា​តាម​រយៈ​ការចរចា​”​។​

​ការ​ថ្លែង​កត់សម្គាល់​នេះ​កើតឡើង​បន្ទាប់ពី​មាន​ភាព​តានតឹង​ជាច្រើន​ខែ​រវាង​គូប្រជែង​គ្នា​ដ៏​យូរអង្វែង​នេះ ដែល​ប៊ិះ​តែ​នឹង​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​កាលពី​ខែ​កុម្ភៈ​អំពី​តំបន់​​កា​ស្មៀរ​ដែល​ភាគី​ទាំង​២ បាន​ទាមទារ​សិទ្ធិ​កាន់កាប់​តែ​រៀងៗ​ខ្លួន​ចាប់តាំងពី​ឯករាជ្យភាព​ពី​អង់គ្លេស​នៅ​ឆ្នាំ​១៩៤៧​មក​៕​ប្រែ​សម្រួល​៖​សុខា​/sn

មី​ស៊ី​ល​ឆ្លង​ទ្វីប Shaheen II​ត្រូវបាន​បង្ហាញ​នៅក្នុង​អំឡុង​ព្យុហយាត្រា​កងទ័ព​ប៉ា​គី​ស្ថាន​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃទី​២៣ ខែ​មីនា​ឆ្នាំ​២០១៩

#