ប៉ា​គី​ស្ថាន​ហាម​បញ្ចាំងភាពយន្ត​បូលីវូដ ចំពេល​កំពុងមាន​ភាព​តានតឹង​ជាមួយ​ឥណ្ឌា

562
ចែករម្លែក
  • 8
    Shares

​ភាព​តានតឹង​រវាង​ប្រទេសជិតខាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​នៅ​តំបន់​អាស៊ី​ខាងត្បូង​បាន​កើនឡើង​កាលពី​ថ្ងៃ​ពុធ​ទី​២៧​កុម្ភៈ បន្ទាប់ពី​យោធា​ប៉ា​គី​ស្ថាន​បាន​និយាយថា​ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​កងទ័ពអាកាស​ឥណ្ឌា​ចំនួន ២ គ្រឿង ដែល​បាន​រំលោភ​លើ​ដែនអាកាស​ប៉ា​គី​ស្ថាន​លើ​តំបន់​កា​ស្មៀ​ដែលមាន​ជម្លោះ​។​

​រដ្ឋមន្ត្រី​ព័ត៌មាន​និង​ផ្សព្វផ្សាយ​ប៉ា​គី​ស្ថាន​លោក​ហ្វា​វ៉ាដ ឆូដ​រី បាន​បញ្ជា​ឱ្យធ្វើ​ពហិការ​ខ្សែភាពយន្ត​និង​ការផ្សាយពាណិជ្ជកម្ម​រប​ស់​ឥណ្ឌា​ទាំងអស់​រហូតដល់​មានការ​ជូនដំណឹង​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​នឹង​ការវាយប្រហារ​តាម​អាកាស​របស់​ឥណ្ឌា​ទៅលើ​ក្រុម​សកម្មប្រយុទ្ធ​ដែល​រដ្ឋាភិបាល​ក្រុង​ដេលី​ចាត់ទុកជា​ក្រុម​ភេរវជន​ដែល​ស្ថិតនៅ​ខាង​ភាគី​ប៉ា​គី​ស្ថាន​នៃ​ខ្សែបន្ទាត់​ព្រំដែន​កាលពី​ថ្ងៃ​អង្គារ​។​

​ចំណាត់ការ​នេះ​ធ្វើឡើង​ចំពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​ប្រជាជាតិ​អាស៊ី​ទាំងពីរ​នេះ​ជុំវិញ​តំបន់​កា​ស្មៀ​រ និង​ធ្វើឡើង​បន្ទាប់ពី​មានការ​បញ្ជា​ពី​សំណាក់​អាជ្ញាធរ​ឥណ្ឌា​ឱ្យ​ផលិតករ​ខ្សែភាពយន្ត​បូលីវូដ​ទាំងអស់​កាលពី​ដើមខែ​នេះ​កុំ​ចេញ​ខ្សែភាពយន្ត​របស់​ពួកគេ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​និង​ត្រូវ​បញ្ឈប់​ការ​ជ្រើស​តួ​សម្តែង​ជនជាតិ​ប៉ា​គី​ស្ថាន​។ ការបញ្ជា​នេះ​បាន​កើតឡើង​ក្រោយពី​ក្រុម​ភេរវ​ករ​បាន​វាយប្រហារ​ក្បួន​យោធា​ឥណ្ឌា​នៅ​តំបន់​កា​ស្មៀ​រ​កាលពី​ថ្ងៃទី ១៤ កុម្ភៈ​ដោយ​សម្លាប់​មនុស្ស ៤៤ នាក់​និង​នាំឱ្យ​មានការ​សងសឹក​ពី​ឥណ្ឌា​កាលពី​ថ្ងៃ​អង្គារ​។​

​តុលាការ​កំពូល​ប៉ា​គី​ស្ថាន​បាន​ហាមឃាត់​ការចាក់ផ្សាយ​ភាពយន្ត​របស់​ឥណ្ឌា​តាម​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក​កាលពី​ខែតុលា​ដោយ​លើក​ហេតុផល​ថា​ខ្លឹមសារ​នៃ​ខ្សែភាពយន្ត​បូលីវូដ “​បាន​បំផ្លាញ​វប្បធម៌​របស់​យើង​”៕ ដោយ៖ កញ្ញាដាលីស

រឿង​បូលីវូដ​នឹងមិន​អាចដាក់​បញ្ចាំង​នៅ​ប៉ា​គី​ស្ថាន​ឡើយ