ប៉ា​គី​ស្ថាន​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេតរ​បស់​អង្គការសហប្រជាជាតិ​ចំពោះ​សកម្មភាព​ឥណ្ឌា​នៅ​តំបន់​កា​ស្មៀរ​

106
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​អង្គារ​ទី​១០​កញ្ញា​បានទាមទារ​ឱ្យ​អង្គការ​សហប្រជាជាតិ​បើក​ការស៊ើបអង្កេត​លើ​ស្ថានការណ៍​នៅ​តំបន់​កា​ស្មៀរ​ឥណ្ឌា​ដោយ​ព្រមាន​អំពី​ហានិភ័យ​នៃ​អំពើ​ប្រល័យពូជសាសន៍​នៅ​ក្នុង​តំបន់​ដែល​មាន​ជនជាតិភាគតិច​អ៊ីស្លាម​រស់នៅ​ច្រើន​នោះ​។​

​លោក Shah Mehmood Qureshi រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន​បាន​ប្រាប់ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ថា​ប្រជាជន​ឥណ្ឌា​នៅ​រដ្ឋ​Jammu-Kashmir កំពុង​តាម​ចាប់​មនុស្ស​ច្រើន​នាក់​។ លោក​បាន​បន្ថែមថា​” ខ្ញុំ​ខ្លាច​នឹង​និយាយ អំពី​ពាក្យ​ថា​ប្រល័យពូជសាសន៍​នៅទីនេះ ប៉ុន្តែ ខ្ញុំ​ត្រូវតែ​និយាយ​”​។​

​ឥណ្ឌា​បាន​ដាក់​ការគាបសង្កត់​ដោយ​យោធា​លើ​តំបន់​កា​ស្មៀរ​ចាប់ពី​ថ្ងៃទី​៥ ខែសីហា​ដើម្បី​ទប់ស្កាត់​ភាពវឹកវរ​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​ញូវដែលី​ដកហូត​សិទ្ធិ​ស្វ័យភាព​ពី​​តំបន់​ដែល​មាន​ជម្លោះ​នេះ​។ បណ្តាញទូរស័ព្ទ​ចល័ត​និង​អ៊ិន​ធឺ​ណែ​ត​នៅ​តែ​ត្រូវបាន​កាត់ផ្តាច់​ទាំងអស់ ប៉ុន្តែ មាន​ការលើកលែង​ខ្លះៗ​នៅ​តំបន់​មួយចំនួន​ប៉ុណ្ណោះ​។​

​តំបន់​កា​ស្មៀរ​ដែល​បែងចែក​គ្នា​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​តាំងពី​ឆ្នាំ ១៩៤៧​មក​នោះ បាន​នាំឱ្យ​មាន​សង្គ្រាម​ធំ​ចំនួន​២​និង​ការប៉ះទង្គិច​គ្នា​រាប់មិនអស់​រវាង​ប្រទេស​គូប្រជែង​​ដែលមាន​អាវុធ​នុយក្លេអ៊ែ​រទាំង​២​នេះ​។​

​លោក Shah Mehmood Qureshi បាន​និយាយថា “​ក្នុង​រយៈពេល ៦ សប្តាហ៍​ចុងក្រោយ​នេះ​ឥណ្ឌា​បាន​កែប្រែ រដ្ឋ​Jammu Kashmir​ទៅ​ជា​ជា​គុក​ធំ​បំផុត​នៅលើ​ភព​ផែន​​ដី​នេះ​”​។​

​លោក​បាន​និយាយថា ការ​ស្អប់ខ្ពើម​និង​ការគាបសង្កត់​នៅ​រដ្ឋ​នេះ បាន​លេចឡើង​ឃើញ​ច្បាស់​នៅ​ថ្ងៃនេះ ដោយ​ធ្វើឱ្យ​គេ​នឹកឃើញ​ដល់​ទុក​លំបាក​នៃ​ក្រុម​ជនជាតិ​រ្វ៉ាន់​ដា ប្រជា​​ជន​នៅ​ទីក្រុង​ស្រេ​ប្រេ​នីកា នៃ​ប្រទេស​បូ​ស្នី និង​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា និង​ការសម្លាប់​រង្គាល​នៅ​រដ្ឋ​Gujarat របស់​ឥណ្ឌា​។​

​លោក​បាន​ចោទប្រកាន់​ឥណ្ឌា​ថា​បាន​ចាប់ខ្លួន​មនុស្ស​ជាង​៦.០០០​ដោយ​គ្មាន​នីតិវិធី​ត្រឹមត្រូវ​។​លោក​បាន​និយាយថា​មនុស្ស​ជាច្រើន​ត្រូវបាន​គេ​ដឹកជញ្ជូន​ទៅ​គុក​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​។​

​ដោយ​និយាយ​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នេះ លោកស្រី Vijay Thakur Singh អនុ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​បាន​ស្តីបន្ទោស​លើ​ការចោទប្រកាន់​មិន​ពិត​របស់​ប៉ា​គី​ស្ថាន​និង​ថា​​វា​ជា​ការចោទប្រកាន់​ដែល​ប្រឌិត​ឡើង​ដើម្បី​ប្រឆាំង​ប្រទេស​របស់​លោកស្រី​៕​ដោយ​៖​សុខា​/sn

ឥណ្ឌា​បាន​រឹតបន្តឹង​សន្តិសុខ​លើ​តំបន់​កា​ស្មៀរ​ចាប់ពី​ថ្ងៃទី ៥ ខែសីហា​ដើម្បី​ទប់ស្កាត់​ភាពវឹកវរ​

#