ប៉ា​គី​ស្ថាន អារ៉ាប់​រួម​អេ​មី​រ៉ា​ត និង អា​រ៉ា​ប៊ី​សា​អូឌីត ចូលរួម​ក្នុង​កិច្ចចរចា​រវាង​អាមេរិក​និង​ពួក​តា​លី​បង់​

814
ចែករម្លែក

​ពួក​តា​លី​បង់​បានធ្វើ​កិច្ចចរចា​ជាមួយ​ក្រុមមន្ត្រី​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​ធ្នូ ដោយ​លើក​នេះ​គឺ​ធ្វើ​នៅ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ហើយក៏​ពាក់ព័ន្ធ​នឹង​តំណាង​មកពី​ប៉ា​គី​ស្ថាន អា​រ៉ា​ប៊ី​សា​អូឌីត និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ផងដែរ ដែលជា​ផ្នែក​មួយ​នៃ​ការប៉ុនប៉ង​ចុងក្រោយ​បំផុត​ដើម្បី​ចរចា​បញ្ចប់សង្គ្រាម​អា​ហ្វ​ហ្គា​នី​ស្ថាន​រយៈពេល ១៧ ឆ្នាំ​។​

​អ្នកនាំពាក្យ​របស់​ក្រុម​តា​លី​បង់​លោក ហ្សា​ប៊ី​ហ៊ូ​ឡា មូ​ចា​ហ៊ី​ដ (Zabihullah Mujahid) បានផ្តល់​ព័ត៌មាន​លម្អិត​មួយចំនួន​ស្តីពី​កិច្ចប្រជុំ​រយៈពេល​មួយថ្ងៃ លើកលែងតែ​ការនិយាយ​ថា “​កិច្ចពិភាក្សា​ត្រូវបាន​ធ្វើឡើង​ជាមួយ​ភាគី​អាមេរិក​ស្តីពី​ការបញ្ចប់​ការ​លុកលុយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​”​។ លោក​បាន​ច្រានចោល​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែលថា​តំណាង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ស្ថិតនៅក្នុង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​បាន​ជួប​ជាមួយ​ពួក​តា​លី​បង់​។​

​លោក​មូ​ចា​ហ៊ី​ដ​បាន​និយាយថា “​មិនមាន​ផែនការ​ដើម្បី​ជួប​ជាមួយ​រដ្ឋបាល​ក្រុង​កា​ប៊ុល​ទេ​។ មិនមាន​លទ្ធភាព​នៃ​វត្តមាន​របស់​រដ្ឋបាល​ក្រុង​កា​ប៊ុល​នៅក្នុង​កិច្ចប្រជុំ ដែល​អេ​មី​រ៉ា​ត​អ៊ីស្លាម​នឹងចូលរួម​នោះទេ​”​។ ពួក​តា​លី​បង់​សំដៅ​ទៅលើ​ចលនា​របស់​ពួកគេ​ជា “​អេ​មី​រ៉ា​ត​អ៊ីស្លាម​អា​ហ្វ​ហ្គា​នី​ស្ថាន​” និង​ចាត់ទុក​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ជា​អាយ៉ង​អាមេរិក​។​

​លោក​មូ​ចា​ហ៊ី​ដ​បាន​និយាយថា កិច្ច​ប្រជុំបាន​បន្តធ្វើ​។​

​លោក​ខា​លី​ល មី​ណាវី (Khalil Minawi) នាយក​ទីភ្នាក់ងារសារព័ត៌មាន Bakhtar ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពីពេល​ថ្មីៗ​នេះ​បាន​និយាយថា ពួក​មន្ត្រី​មកពី​សហរដ្ឋអាមេរិក អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ា​គី​ស្ថាន និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត បានរៀបចំ​កិច្ចប្រជុំ​កាលពី​ថ្ងៃអាទិត្យ​ទី​១៦​ធ្នូ នៅមុន​កិច្ចប្រជុំ “​រវាង​អាមេរិក​និង​ពួក​តា​លី​បង់ ដែល​ឧបត្ថម្ភ​ដោយ​ប៉ា​គី​ស្ថាន​”​។​

​ខណៈ​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​មិនបាន​ចូលរួម​កិច្ចប្រជុំ​របស់​ពួក​តា​លី​បង់​កាលពី​ថ្ងៃ​ចន្ទ​នោះ វត្តមាន​របស់​ពួកគេ​នៅក្នុង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បីឱ្យ​ភាគី​ទាំង​២​ចរចា​គ្នា​។ ពួក​តា​លី​បង់​បាន​បដិសេធ​មិន​ព្រម​ចរចា​ដោយផ្ទាល់​ជាមួយ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ទេ ដោយ​ទទូចថា​ពួកគេ​នឹង​ចរចា​តែ​ជាមួយ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន លោក​អៃ​ហ្សា​ស អា​ម៉ាត់ ឆូ​ឌ្រី (​ឆ្វេង​) មកដល់​កិច្ចចរចា​រវាង​អាមេរិក​និង​ពួក​តា​លី​បង់​កាលពី​ថ្ងៃ​ចន្ទ