ប៉ូលិស​កម្ពុជា​ទទួល​ការបណ្តុះបណ្តាល​ការគ្រប់គ្រង​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ពី​សមាគម​ឧស្សាហកម្ម​សន្តិសុខ​សៀង​ហៃ​​

572
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឌី​វិជ្ជា​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​និង​តំណាង​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​និង​អនុប្រធាន​ប្រតិបត្តិ​នៃ​សមាគម​ឧស្សាហកម្ម​សន្តិសុខ​សៀង​ហៃ​បាន​អញ្ជើញ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ស្តីពី​ការគ្រប់គ្រង​ភ្នាក់ងារ​សន្តិសុខ​ឯកជន និង​សន្តិសុខ​ធនាគារ ដោយ​សមាគម​ឧស្សាហកម្ម​សន្តិសុខ សៀង​ហៃ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ នេះ នៅ​ក្រសួងមហាផ្ទៃ​។

​ជាមួយគ្នានេះ​សមាគម​ឧស្សាហកម្ម​សន្តិសុខ​សៀង​ហៃ​បានប្រគល់​រថយន្ត​មួយគ្រឿង​ដល់​នាយកដ្ឋាន​គ្រប់​គ្រង់​សន្តិសុខ​ឯកជន​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា បាន​ថ្លែងថា ដោយបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​ដើម្បី​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​និង​ប្រគល់​ទទួល​រថយន្ត​មួយគ្រឿង ពី​សមាគម​ឧស្សាហកម្ម​សន្តិសុខ សៀង​ហៃ ដល់​នាយកដ្ឋាន​គ្រប់​គ្រង់​សន្តិសុខ​ឯកជន​។ លោក​សូម​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​ទាំងអស់​ដែល​បាន​ឆ្លៀតឱកាស​ដ៏​មានតម្លៃ​មក​ធ្វើ​បទ​បង្កា​ញ​ស្តីពី​ការគ្រប់គ្រង​ផ្នែក​សន្តិសុខ និង​ចែករំលែក​បទពិសោធន៍​ដល់​មន្ត្រី​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន ដើម្បី​ទទួលបាន​បទពិសោធន៍​ថ្មី​បន្ថែមទៀត លើ​ការងារ​គ្រប់គ្រង​សន្តិសុខ​ឯកជន​។
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បញ្ជាក់ថា ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដោយមាន​ចំណង​សាមគ្គីភាព​យ៉ាង​ស្អិតរ​មួ​ត​តវាង​ប្រទេស​កម្ពុជា​និង​ចិន​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ​ជាពិសេស​លើ​ការអភិវឌ្ឍ​លើ​វិស័យ​អគារ​ខ្ពស់ៗ​ជាច្រើន​ក្រោម​វត្តមាន​របស់​អ្នកវិនិយោគ​ចិន​។ ទន្ទឹមនឹង​នេះដែរ​វិស័យ​សន្តិសុខ​ឯកជន​ក៏បាន​រួមចំណែក​មួយ​ក្នុង​ការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​​បាន​បន្តទៀតថា​តាងនាម​ឲ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក៏ដូចជា​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន សូម​ថ្លែងអំណរគុណ​ដល់​សមាគម​ឧស្សាហកម្ម​សន្តិសុខ សៀង​ហៃ ដែល​បានប្រគល់​រថយន្ត​មួយគ្រឿង​ជូន​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន ដើម្បី​ជួយ​ដល់​ការងា​៤​គ្រប់គ្រង​សន្តិសុខ​ឯកជន ក្នុងការ​ចូលរួមចំណែក​ថែរក្សា សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​របស់​ប្រទេស​កម្ពុជា​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ក៏បាន​សំណូមពរ​ដល់​សមាគម​ឧស្សាហកម្ម​សន្តិសុខ សៀង​ហៃ បន្ត​ជួយ​បណ្តុះបណ្តាល​គ្រូ​បង្គោល​សម្រាប់​មន្ត្រី នៃ​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​បន្ថែមទៀត​៕​សរន​