ប៉ូលិសប្រើឧស្ម័នហៀរទឹកភ្នែកនិងទឹកបំបែកបាតុកម្មនៅស្នាក់ការសហភាពអឺរ៉ុប

680
ចែករម្លែក

មនុស្សរាប់ពាន់នាក់បានតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិមួយនៅក្រៅស្នាក់ការរបស់សហភាពអឺរ៉ុបនៅក្រុងព្រុចសែលកាលពីថ្ងៃអាទិត្យទី១៦ធ្នូ ខណៈប៉ូលិសបានប្រើឧស្ម័នហៀរទឹកភ្នែកនិងបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករ។

ប៉ូលិសបាននិយាយថា មនុស្សប្រមាណ៥.៥០០នាក់បានដើរដង្ហែនៅក្នុងការតវ៉ាប្រឆាំង ដែលដឹកនាំធ្វើដោយបណ្តាបក្សក្រុមស្តាំ នៅផ្នែកខ្លះនៃរដ្ឋធានីកន្លែងដែលបណ្តាស្ថាប័នរបស់សហភាពអឺរ៉ុបតាំងនៅ។

បាតុកម្មប្រឆាំងតបដាច់ដោយឡែកមួយដែលមានមនុស្សប្រមាណ១.០០០នាក់ ដឹកនាំដោយបណ្តាក្រុមនិយមឆ្វេងនិងអង្គការក្រៅរដ្ឋាភិបាល ក៏ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងនេះ។

គណបក្សស្តាំនិយមបែលហ្សិចN-VAដែលជាបក្សធំបំផុតក្នុងសភា បានដករដ្ឋមន្រ្តីរបស់ខ្លួនចេញពីរដ្ឋាភិបាលចំរុះកាលពីសប្តាហ៍មុន ក្រោយពីនាយករដ្ឋមន្រ្តី ឆាលមីសែល បដិសេធការទាមទាររបស់ខ្លួនកុំអោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តោប្រវេសន៍អង្គការសហប្រជាជាតិ។

កិច្ចព្រមព្រៀងនេះត្រូវបានព្រមព្រៀងដោយសមាជិកអង្គការសហប្រជាជាតិចំនួន១៩៣ប្រទេស លើកលែងតែអាមេរិក ទោះជាយ៉ាងណាមានតែប្រទេស១៦៤បានចុះហត្ថលេខានៅកិច្ចប្រជុំកាលពីថ្ងៃចន្ទមុន។វាបង្កការរិះគន់ពីពួកអ្នកនយោបាយអឺរ៉ុបដែលថាវាបង្កើនអន្តោប្រវេសន៍មកកាន់អឺរ៉ុបខណៈប្លុកនេះកាន់តែកំហិតការទទួលយកជនភៀសខ្លួននិងជនអន្តោប្រវេសន៍ ។

ខណៈកំពុងប្រឈមនឹងជនភៀសខ្លួនប្រមាណ២១,៣លាននាក់នៅទូទាំងពិភពលោក អង្គការសហប្រជាជាតិបានចាប់ផ្តើមបង្កើតកិច្ចព្រមព្រៀងនេះបន្ទាប់ពីមនុស្សជាង១លាននាក់បានមកដល់សហភាពអឺរ៉ុបនៅឆ្នាំ២០១៥ ដោយភាគច្រើនរត់គេចចេញពីសង្រ្គាមស៊ីវិលនៅស៊ីរីនិងភាពក្រីក្រនៅអាហ្វ្រិក៕ដោយៈវាសនា