ប៉ូលិសៈ ឧ​ត្ត​ម​សេនីយ៍​យោធា​ដែល​ចាប់ខ្លួន គឺជា​ឧ​ត្ត​ម​សេនីយ៍​ក្លែងក្លាយ ផ្ដើមចេញពី​ករណី​កាន់​អាវុធ​ខុសច្បាប់ និង​ប្រាក់​ដុល្លារ​ខ្មៅ​២​ដុំ​ធំ​

1928
ចែករម្លែក
  • 1.3K
    Shares

ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ មន្ត្រី​យោធា​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ នៃ​ក្រសួងការពារជាតិ និង​គូកន​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​ការកាន់កាប់​អាវុធ​ខុសច្បាប់ និង​ប្រាក់​ដុល្លារ​ខ្មៅ​២​ដុំ​ធំ (​ក្រដាសប្រាក់​១​ដុល្លារ ១​ដុំ​ធំ និង​ក្រដាសប្រាក់​១០០​ដុល្លារ ១​ដុំ​ធំ​) កាលពី​យប់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨ ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុមទី​៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ​។ ករណី​ចាប់ខ្លួន​នេះ ត្រូវ​លោក​អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ បាន​បញ្ជាក់ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា​ក្លែងក្លាយ​។​

​លោក ទៀង ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ បញ្ជាក់ប្រាប់​រស្មី​កម្ពុជា តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២៤ ខែមីនា នេះ​ថា ទាក់ទង​ករណី​ខាងលើនេះ គឺ​សមត្ថកិច្ច​កំពុងតែ​ចាត់ការ​វិធានការ​ជំនាញ​តាម​នីតិវិធី​។ ចំពោះ​ជនសង្ស័យ​ដែល​អះអាងថា ខ្លួន​ជា​ឧ​ត្ត​ម​សេនីយ៍ គឺជា​ឧ​ត្ត​ម​សេនីយ៍​ក្លែងក្លាយ ដោយបាន​ប្រើប្រាស់​ពីបទ​ក្លែង​ស្ថាប័ន​កងយោធពល​ខេមរភូមិន្ទ ចំពោះមុខ​សមត្ថកិច្ច​បន្ត​នីតិវិធី​បញ្ជូនទៅ​តុលាការ​។​

ការចាប់ខ្លួន​បុរស​ទាំងពីរ​នាក់​នេះ គឺ​ខណៈពេលដែល​កម្លាំង​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ឫស្សីកែវ ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ នៅ​ចំណុចកើតហេតុ​ខាងលើ ដោយ​យក​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ នៅពេល​កំពុងតែ​ត្រួតពិនិត្យ ស្រាប់តែ​ឃើញ​បុរស​២​នាក់ ជិះ​ម៉ូតូ​ធំ​មួយគ្រឿង ម៉ាក FZ ពណ៌​ក្រហម​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BW-8627 ជិះ​គ្នា​២​នាក់ អត់​មួកសុវត្ថិភាព អត់​កញ្ចក់​។ ដោយមាន​ការសង្ស័យ កម្លាំង​សមត្ថកិច្ច​បាន​ឆែកឆេរ​ទៅលើ​ខ្លួន​បុរស​ទាំងពីរ បាន​រកឃើញ​អាវុធខ្លី​មួយ​ដើម ប្រភេទ​ប្រើ​ហ្គាស រួច​សមត្ថកិច្ច​ឃាត់ខ្លួន​ពួកគេ រួមទាំង​ម៉ូតូ​១​គឿង លុយ​ដុល្លារ និង​លុយខ្មៅ​២​ដុំ​ធំ (​ក្រដាសប្រាក់​១​ដុល្លារ ១​ដុំ​ធំ និង​ក្រដាសប្រាក់​១០០​ដុល្លារ ១​ដុំ​ធំ​) នៅ​កន្លែងកើតហេតុ​តែម្ដង​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ខណ្ឌឫស្សីកែវ បាន​បង្ក្រាប​ជាក់ស្តែង​ករណី​កាន់កាប់​អាវុធ​ខុសច្បាប់ (​អាវុធ​ជ័រ​ប្រើ​ហ្គាស​) និង​ប្រាក់​ដុល្លារ​ខ្មៅ នៅ​ថ្ងៃទី​២៣ ខែមីនា វេលា​ម៉ោង​១១​និង​៣០​យប់ ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុមទី​៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ​ក្នុងពេល កម្លាំងចម្រុះ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ចុះ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ជនសង្ស័យ​ឈ្មោះ ឡូត ហេង ហៅ​ម៉េង អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ មុខរបរ​យោធា ឋានន្តរស័ក្ដិ​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ម្ចាស់​អាវុធ​និង​លុយ​ដុល្លារ​ខ្មៅ​) និង​ឈ្មោះ សន ប៊ុន​ថេ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល​ភូមិ​ឃ្លាំង សង្កាត់​ឫស្សីកែវ មុខរបរ​យោធា​(​ជា​អ្នក​កាន់​អាវុធ​)​។ សម្ភារៈ​ដកហូត​រួមមាន​: ១/​អាវុធខ្លី​ជ៍រ​ប្រើ​ហ្គាស​មួយ​ដើម​, ២/​ប្រាក់​ដុល្លារ​ខ្មៅ​ចំនួន​១៥​សន្លឹក​, ៣/​ប្រាក់​ដុល្លារ​ចំនួន​១០៨០​ដុល្លារ និង​ប្រាក់រៀល​ចំនួន​២៥០០០​រៀល​, ៤/​ម៉ូតូ​មួយគ្រឿង​ម៉ាក SZ ពណ៌​ស​-​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BW 8627, ៥/​អត្តសញ្ញាណប័ណ្ណ​យោធា​២​សន្លឹក​។​

​ជាការ​កត់សម្គាល់ ក្រៅ​អំពី​ការកាន់កាប់​អាវុធ​ខុសច្បាប់ និង​ប្រាក់​ដុល្លារ​ខ្មៅ​២​ដុំ មន្ត្រី​យោធា​រូបនោះ ហាក់​មាន​ភាពមិនប្រក្រតី​ត្រង់​មាន​រូបថត​ពាក់​ផ្កាយ​ពីរ (​ឧ​ត្ត​ម​សេនីយ៍​ទោ​) ប៉ុន្តែ​ប័ណ្ណ​យោធា​ដាក់ថា ផ្កាយ​មួយ ឬ​ឧ​ត្ត​ម​សេនីយ៍​ត្រី​៕L​