ប៉ូលិស​កម្ពុជា​ចាប់ខ្លួន​អតីត​នាយក​សាលា​ហ្សា​ម៉ាន់​ជាប់​ពាក់ព័ន្ធ​ករណី​ភេរវកម្ម​

384
ចែករម្លែក
​អតីត​នាយក​សាលា​ហ្សា​ម៉ាន់ លោក អូស្មាន់ កា​រា​ខា

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​អតីត​នាយក​សាលា​ហ្សា​ម៉ាន់ លោក អូស្មាន់ កា​រា​ខា (​ជនជាតិ​តួ​ក​គី​) បាន​រង​ការចាប់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​និង​អំពើ​ភេរវកម្ម​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា ក្នុង​រដ្ឋប្រហារ​មិនបាន​សម្រេច​មួយ​កាលពី​ឆ្នាំ​២០១៦​។​បន្ទាប់ពី​ចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​ប្រទេស​តួ​ក​គី​ដើម្បី​ទទួលទោស​។​


​ប្រភព​ដែល​ជឿទុកចិត្ត​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រលប់​ថ្ងៃទី​២១​ខែតុលា​ថា អតីត​នាយក​សាលា​ហ្សា​ម៉ាន់ លោក អូស្មាន់ កា​រា​ខា​ត្រូវបាន​រង​ការចាប់ខ្លួន​កាលពី​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៩​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​នៅ​តួ​ក​គី​កាលពី​ឆ្នាំ​២០១៦​ដែល​បង្កឡើង​ដោយ​ក្រុម​ចលនា របស់ លោក​ហ្វេ​ធូ​ឡា ហ្គូ​ឡិន​។
​ក្រុម​ហ្វេ​ធូ​ឡា ហ្គូ​ឡិន គឺជា​ក្រុម​ដែល​រដ្ឋាភិបាល​តួ​ក​គី បាន​ចោទថា ជា​ក្រុម​ភេរវកម្ម ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា ក្នុង​រដ្ឋប្រហារ​មិនបាន​សម្រេច​មួយ​កាលពី​ឆ្នាំ​២០១៦​។​


ទូរទស្សន៍ អាល់​ចា​ហ្សេ​រ៉ា​(Aljazeera) បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២០ ខែតុលា បាន​បញ្ជាក់ថា លោក អូស្មាន់ កា​រា​ខា ត្រូវបាន​នាំទៅ​ឃុំខ្លួន​នៅ​ប្រទេស​តួ​ក​គី ក្រោម​បទ​ចោទ បង្កើត​និង​រៀបចំ​ផែនការ​រដ្ឋប្រហារ​ជាមួយ​បណ្ដាញភេរវកម្ម​មួយ​ដឹកនាំ​ដោយ​លោក​ហ្វេ​ធូ​ឡា ហ្គូ​ឡិន ដែល​កំពុង​និរទេស​ខ្លួន​នៅ​សហរដ្ឋ​អាម៉េរិក​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​(រូបឯកសារ)


​ទាក់ទង​ករណីនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រលប់​ថ្ងៃទី​២១ ខែតុលា ថា “​តួ​ក​គី​បានបង្ហាញ​ភស្តុតាង​អំពី​ការចូលរួម​របស់លោក អូស្មាន់ កា​រា​ខា ដូច្នេះ​យើង​ត្រូវតែ​ឲ្យ​គាត់​ទៅ​ទទួលទោស​នៅ​ស្រុក​គាត់ ដោយ​ខាង​កម្ពុជា​បាន​ចាប់ខ្លួន ហើយ​បានប្រគល់​ឲ្យ​តួ​ក​គី​។ ជាគោលការណ៍​យើង​ចាប់ខ្លួន​គាត់​តាម​សំណើ​របស់​តួ​ក​គី ដែល​គេ​បានបង្ហាញ​ភស្តុតាង​ថា គាត់​មានការ​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​នៅ​ស្រុក​គាត់​មែន​”​។​


​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា កាលពី​ព្រលប់​ថ្ងៃទី​២១ ខែតុលា ថា លោក អូស្មាន់ កា​រា​ខា ត្រូវបាន​ចាប់​តាម​សំណើ​របស់​តួ​ក​គី កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ ពីបទ​ពាក់ព័ន្ធ​ភេរវកម្ម​។ ហើយ​បាន​បញ្ជូនទៅ​តួ​ក​គី​កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩​។​
​គួររំលឹកថា ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា និង​ក្រសួងមហាផ្ទៃ នៃ​ប្រទេស​តួ​ក​គី កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៩ បាន​ចុះ​កិច្ចព្រមព្រៀង​រវាង​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​រវាង​ប្រទេស​ទាំង​២​។ កិច្ចព្រមព្រៀង ទាំងនោះ​ត្រូវគេ​ពណ៌នា​ថា បាន​ដើរតួនាទី​ជា​មូលដ្ឋាន​យ៉ាងសំខាន់​ក្នុងការ​បង្កើត​នូវ​ក្របខណ្ឌ​រួម​សម្រាប់​ពង្រឹង កិច្ចសហប្រតិបត្តិការ​សន្តិសុខ​រវាង​ប្រទេស​ទាំងពីរ​ដោយ​ផ្តោតទៅលើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​និង​ឧក្រិដ្ឋកម្ម​មាន​អង្គការ​ចាត់តាំង ជាពិសេស​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​៕​សរន​