ប៉ូលិស​កា​ហ្សាក់​ស្ថាន​ចាប់ខ្លួនអ្នក​តវ៉ា​ជិត​៤.០០០​នាក់​

558
ចែករម្លែក

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កា​ហ្សាក់​ស្ថាន លោក Erlan Turgumbayev បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​មិថុនា​ថា ប៉ូលិស​នៅ​កា​ហ្សាក់​ស្ថានបាន​ចាប់ខ្លួន​មនុ​ស្ស​ជិត​៤.០០០​នាក់​នៅក្នុង​អំឡុងពេល​ធ្វើ​ការតវ៉ា​នៅ​មុន​និង​ក្រោយការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​៩​ខែមិថុនា ហើយ​មនុស្ស​៧០០​នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​។​

​ការតវ៉ា​បាន​ធ្វើឡើង​នៅ​ប្រទេស​កា​ហ្សាក់​ស្ថាន​នៅ​ថ្ងៃ​បោះឆ្នោត​និង​បាន​បន្ត​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ចំពោះ​អ្វី​ដែល​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​ចាត់ទុកថា​ជា​ការប្រគល់​អំណាច​​ដែល​រៀបចំ​ទុកជា​មុន​នៅ​ប្រទេស​អាស៊ី​កណ្តាល​នេះ​។ ប៉ូលិស​បំបែកហ្វូង​បាតុករ​ដោយ​ប្រើ​កម្លាំង​បង្ក្រាប​។​

​យ៉ាងតិចណាស់​អ្នកកាសែត​ចំនួន​៩​នាក់ បាន​ស្ថិត​នៅក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងនោះ​។​

​សម្ពន្ធមិត្ត​របស់​ប្រធានាធិបតី​កា​ហ្សាក់​ស្ថាន បាន​ឈ្នះ​ការបោះឆ្នោត​ដោយ​ទទួលបាន​សំឡេងគាំទ្រ​៧០​ភាគរយ​នៃ​សំឡេង​ឆ្នោត​ទាំងអស់​។ ប្រធានាធិបតី​លោក Nursultan Nazarbayev បាន​លាលែង​ពី​តំណែង​កាលពី​ខែ​មីនា​បន្ទាប់ពី​បាន​កាន់​តំណែង​អស់​រយៈពេល​ជាង​២៥​ឆ្នាំ​។​

​លោក Kassym-Jomart Tokayev ជា​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​នេះ​បាន​ធ្វើ​ជា​ប្រធានសភា​ជាន់ខ្ពស់​នៃ​ប្រទេស​នេះ នៅ​មុនពេល​លោក​បាន​ក្លាយជា​ប្រធានាធិបតី​ស្តីទី​​ក្រោយ​ការលាលែង​តំណែង​របស់​លោក​Nursultan Nazarbayev ។​

​នេះ​ជា​ការបង្ហាញ​អំពី​ការ​មិន​សប្បាយ​ចិត្ត​ជា​សាធារណៈ​ដែល​ទាក់ទង​នឹង​ការបោះឆ្នោត​នេះ​ ដែល​ជា​ព្រឹត្តិការណ៍​ដ៏​កម្រ​មួយ​សម្រាប់​ប្រទេស​កា​ហ្សាក់​ស្ថានដែលការតវ៉ា​ប្រឆាំង​ត្រូវបាន​រឹតត្បិត​។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក​Dauren Abayev​ដែល​ជា​មន្ត្រី​ម្នាក់​ក្នុងចំណោម​មន្ត្រី​ពីរ​បី​នាក់​ដែល​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​បាតុកម្ម​នេះ​បាន​និយាយ​កាលពី​សប្ដាហ៍​​មុន​ថា ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល បង្ហាញ​ថា​ពលរដ្ឋ​”​មិន​អាច​ព្រងើយកន្តើយ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​” ។​ប៉ុន្តែ លោក​បាន​និយាយ​ការពារ​ចំពោះ​ការចាប់ខ្លួន​ច្រើន​នាក់​នេះ​​ដោយ​និយាយថា ក្រុមអ្នកតវ៉ា​ត្រូវបាន​ចាប់ខ្លួន​ដើម្បី​ឲ្យការបោះឆ្នោត​អាច​ត្រូវបាន​រៀបចំ​ធ្វើ​នៅក្នុង​បរិយាកាស​ស្ងប់ស្ងាត់​៕ដោយ៖សុខា/sn/Ha

​ប៉ូលិស​កា​ហ្សាក់​ស្ថាន បាន​ចាប់ខ្លួន​មនុស្ស​ជិត​៤.០០០​នាក់​នៅ​អំឡុង​ធ្វើ​ការតវ៉ា​នៅ​មុន​និង​ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​៩​ខែមិថុនា​

លោក Kassym-Jomart Tokayev ជា​ប្រធានាធិបតី​កា​ហ្សាក់​ស្ថានជាប់ឆ្នោត​ថ្មី​និយាយ​ក្នុងអំឡុងពិធី​ឡើងកាន់​តំណែង​នៅ​ទីក្រុង​Nur-Sultan​កាលពី​ថ្ងៃទី​១២​ខែ​មិថុនា​ឆ្នាំ​២០១៩

#