ប៉ូលិស​កំពង់ឆ្នាំង​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​១៦​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

216
ចែករម្លែក

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: នៅ​រសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​១៦​នាក់ ដែលមាន​ការពាក់ព័ន្ធ​នឹង​ការជួញដូរ ចែកចាយ រួមគំនិត និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ទីតាំង​ហាង​ប​ខារ៉ាអូខេ​គ្រួសារ ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែល​ជនសង្ស័យ​ទាំងនេះ ភាគច្រើន​ជា​សិស្សសាលា​មក​ចូល​ច្រៀង ហើយ​យក​ទីតាំង​ចូល​ខារ៉ាអូខេ​នេះ ដើម្បី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​។​

​ប្រតិបត្តិ​ការណ៍​នេះ ធ្វើឡើង​ដោយមាន​ការបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត និង មានការ​សម្របសម្រួល​ផ្ទាល់​ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ប្រើ​រយៈពេល​៤​ថ្ងៃ ឈានដល់​ការបង្ក្រាប​ទាំង​អ្នកជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​សរុប​ចំនួន ១៦​នាក់ ដោយ​ក្នុងនោះ​អ្នកជួញដូរ ចែកចាយ រួមទាំង​អ្នកផ្សំគំនិត​ចំនួន ១១​នាក់ និង​អ្នកប្រើប្រាស់​ចំនួន​៥​នាក់​។​

​ក្នុង​ប្រតិបត្តិ​ការណ៍​បង្ក្រាប​គ្រឿង​ញៀន​នេះដែរ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​មួយចំនួន​រួមមាន​៖ ថ្នាំញៀន​៥២​កញ្ចប់ ជញ្ជីង​ថ្លឹង​៣​គ្រឿង ម៉ូតូ​៩​គ្រឿង កាំភ្លើង​ខ្យល់​១ កាំភ្លើង​បាញ់​ហ្គាស​១ ទូរស័ព្ទដៃ​៩​គ្រឿង ឧបករណ៍​វេច​ខ្ចប់ និង​ឧបករណ៍​ជក់​ថ្នាំញៀន​មួយចំនួនទៀត​។​

​ប៉ូលិស​បាន​ឲ្យ​ដឹងថា អ្នក​ចែកចាយ​និង អ្នកសមគំនិត​ចំនួន​១១​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​តាម​នីតិវិធី​ច្បាប់ ចំណែក​អ្នកប្រើប្រាស់​ចំនួន​៥​នាក់ ត្រូវអនុវត្ត​តាម​នីតិ​វិធី នៃ​ការធ្វើ​កិច្ចសន្យា អប់រំ ណែនាំ លើក​ទី​១ ហើយ​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​៕ ល​