ប៉ូលិស​ក្រសួងមហាផ្ទៃ បង្ក្រាប​បារី ៥៥៥ ក្លែងក្លាយ ជាង ១.០០០ សុង ក្នុង​ខណ្ឌដូនពេញ​

1231
ចែករម្លែក

ដោយ​: គ​ន្ធា​ / ភ្នំពេញ: នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​ស​នី​យ៍​ទោ មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាន ទទួលបន្ទុក​ការិយាល័យ ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល នីតិវិធី ពី​លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ករណី លក់​ចែកចាយ បារី ៥៥៥ ក្លែងក្លាយ ជាង ១.០០០ សុង នៅក្នុង​ផ្សារ​ធំថ្មី និង​ផ្ទះ​លេខ​២៨Eo ផ្លូវ​១២៨ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​។

​ប្រតិបត្តិការ​នេះ ធ្វើឡើង ដោយ​យោងតាម​ពាក្យបណ្តឹង របស់​ក្រុមហ៊ុន British American Tobacco ដែលជា​ក្រុមហ៊ុន ចែកចាយ​ផ្តាច់មុខ​លើ បារី ៥៥៥ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សមត្ថកិច្ច ក៏បាន​ស្រាវជ្រាវ រហូត​ឈានដល់​ការបង្ក្រាប នៅវេលា​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨​។

​លោក​វរសេនីយ៍ឯក ម៉ាត់ យូ​សុះ នាយការិយាល័យ ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា បាន​ប្រាប់​ឱ្យដឹងថា​៖ សមត្ថកិច្ច បាន​ចុះ​ត្រួតពិនិត្យ លើ​បី​ទីតាំង ក្នុងនោះ តូប​លក់​បារី​លេខ ០០១+០០២ និង តូប​គ្មាន​លេខ​ជាប់​គ្នា ក្នុង​ផ្សារ​ធំថ្មី ។ ដើម្បី​រក្សា​នូវ​សណ្តាប់ធ្នាប់​ក្នុង​ផ្សារ សមត្ថកិច្ច សម្រេច​ឲ្យ​ម្ចាស់​តូប ទាំងពីរ​ខាងលើ ស្ម័គ្រចិត្ត​ប្រមូល​នូវ​បារី​ក្លែងក្លាយ ដែល​ពួកគាត់​មាន យកមក​ប្រគល់ជូន​សមត្ថកិច្ច នៅក្នុង​ទីស្នាក់ការ នៃ​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី ដែលជា​លទ្ធផល សមត្ថកិច្ច ដកហូត​បាន​បារី ៥៥៥ ក្លែងក្លាយ សរុប​ចំនួន ៣២ សុង ។
​ ​
​បន្ទាប់មក សមត្ថកិច្ច បាន​បន្តទៅ​ឆែកឆេរ ផ្ទះ​លេខ​២៨Eo ផ្លូវ​១២៨ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ដែលមាន​ម្ចាស់ ឈ្មោះ ឈួន ឆេង ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ (​ជា​ម្ចាស់​តែមួយ ជាមួយ​តូប​លេខ ០០១+០០២) ។ សមត្ថកិច្ច បាន​រកឃើញ​បារី ៥៥៥ ក្លែងក្លាយ សរុប​ចំនួន ២០ ប៊ិច និង ២៤ សុង (​ស្មើនឹង ១.០២៤ សុង​) និង​បាន​ដកហូត​វត្ថុតាង​ទាំងអស់ យកទៅ​រក្សាទុក ជា​បណ្តោះអាសន្ន ហើយ​តម្រូវឱ្យ​ម្ចាស់​ទីតាំង ចូលខ្លួន​ទៅ​បំភ្លឺ នៅ​នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិវិធី ។

​លោក​វរសេនីយ៍ឯក ម៉ាត់ យូ​សុះ បាន​បញ្ជាក់ថា ក្នុង​រយៈពេល​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​នៃ​នាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច បាន​បង្ក្រាប​ករណី​ចែកចាយ បារី​ខុសច្បាប់​ជាច្រើន លើក​រួចមកហើយ ប៉ុន្តែ​នៅតែ​សង្កេតឃើញ​មាន ការដាក់​តាំង​លក់ និង​ចែកចាយ​នូវ បារី​ខុសច្បាប់​ច្រើន​ប្រភេទ នៅតាម​បណ្តា​ទីផ្សារ ជាច្រើន​ដដែល ទាំង​បារី​ក្លែងក្លាយ បារី​ពុំមាន​សារ​ព្រមាន សុខភាព​ត្រឹមត្រូវ ក៍​ដូចជា បារី​ដែល​គ្មាន​តែមប្រិ៍​ពន្ធ ផងដែរ​។ ដូចនេះ សមត្ថកិច្ច​សូម​ទទូច​ដល់ បងប្អូន​អាជីវករ សូម​ទទួល​លក់​តែ​បារី ដែលមាន​តែមប្រិ៍​ពន្ធ និង​សារ​ព្រមាន​សុខភាព ជា​រូបភាព និង​អក្សរ​ខ្មែរ​ត្រឹមត្រូវ ដើម្បី​ចៀសវាង ការ​ប្រឈម​ណាមួយ ចំពោះ​ផ្លូវច្បាប់ ។

​លោក​ក៏បាន​បញ្ជាក់ដែរថា លក្ខណៈ​សំគាល់​របស់​បារី ៥៥៥ ក្លែងក្លាយ គឺ​ប្រើប្រាស់​សារ​ព្រមាន សុខ​ភាពជា​ភាសា​អង់គ្លេស ដែល​បន្លំ​ជាមួយ​បារី ដែល​លក់​នៅក្នុង​ផ្សារ Duty Free៕

#