ប៉ូលិស​ក្រុង​ឌូ​បៃ​ចាប់ផ្តើម​ផ្តល់​ការហ្វឹកហាត់​ដល់​ក្រុមមន្ត្រី​អំពី​របៀប​បើក​ម៉ូតូ​ហោះ​តម្លៃ១៥០.០០០ ដុល្លារ​

1619
ចែករម្លែក

​មន្ត្រីប៉ូលិស​ក្រុង​ឌូ​បៃ​បានចាប់ផ្តើម​ហ្វឹកហាត់​របៀប​បើក​ម៉ូតូ​ហោះ​ដែលមាន​ស្លាបចក្រ​៤ ដើម្បី​ជួយ​ដល់​ពួកគេ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បទឧក្រិដ្ឋ​ពីលើ​មេឃ​។​

​ប៉ូលិស​ជឿថា ម៉ូតូ​ហោះ S3 2019 តម្លៃ ១៥០.០០០ ដុល្លារ ដែល​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​មួយ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា នឹង​ជួយ​ឱ្យ​ពួកគេ​អាច​ទៅដល់​តំបន់​ដែល​ពិបាក​ចូលទៅ​ដល់ នៅពេល​ពួកគេ​ឆ្លើយតប​ទៅនឹង​គ្រាអាសន្ន​។​

​វីដេអូ​មួយ​បានបង្ហាញ​មន្ដ្រី​ពាក់មួក​សុវត្ថិភាព​ម្នាក់​កំពុងបើក​ម៉ូតូ​ហោះ​ចេញពី​ទីលាន​បាល់ទាត់​នៅក្នុង​មេរៀន​ហោះហើរ​មួយ នៅ​ពីមុខ​អគារ​ខ្ពស់​របស់​ក្រុង​ឌូ​បៃ​។​

​ទូរទស្សន៍ CNN បាន​រាយការណ៍​ថា ម៉ូតូ​ហោះ​នេះ​នឹងធ្វើ​សកម្មភាព​ហោះហើរ​នៅត្រឹម​ឆ្នាំ ២០២០ ជាមួយ​ប៉ូលិស​២​នាក់​កំពុង​រៀន​ពី​របៀប​បើក​ម៉ូតូ​ហោះ​នេះ​។​

​លោក ខា​លី​ដ ណាស​ស័​រ អាល់​រ៉ា​ហ្ស៊ូ​គី មកពី​ប៉ូលិស​ក្រុង​ឌូ​បៃ​បាន​និយាយថា “​បច្ចុប្បន្ន​យើង​មាន​អ្នកបើកបរ​២​នាក់​ដែល​កំពុង​ហ្វឹកហាត់ ហើយ​យើង​កំពុង​បង្កើន​ចំនួន​អ្នកបើកបរ​”​។​

​ក្រុមហ៊ុន Designers Hoversurf បានបង្ហាញ​ម៉ូតូ​ហោះ​នេះ​ដល់​អាជ្ញាធរ​ក្រុង​ឌូ​បៃ​នៅ​ពិព័រណ៍ GITEX ដែលជា​ពិព័រណ៍​ពាណិជ្ជកម្ម​បច្ចេកវិជ្ជា​ប្រចាំឆ្នាំ​នៅ​ទីក្រុង​ឌូ​បៃ​។​

​ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា ពួកគេ​អាច​ផ្គត់ផ្គង់​ម៉ូតូ​ហោះ​ដល់​ក្រុង​ឌូ​បៃ​បាន ៣០ ឬ ៤០ គ្រឿង ប្រសិនបើ​ប៉ូលិស​ចាប់អារម្មណ៍ និង​និយាយថា សមត្ថកិច្ច​របស់​ក្រុង​នេះ​មាន​សិទ្ធិផ្តាច់មុខ​ក្នុង​ការបញ្ជាទិញ​ម៉ូតូ​ហោះ​ក្នុង​ចំនួន​ច្រើន​តាម​ដែល​ពួកគេ​ត្រូវការ​៕ ដោយ៖ កញ្ញាដាលីស

ម៉ូតូ​ហោះ S3 2019 តម្លៃ ១៥០.០០០ ដុល្លារ​នឹងធ្វើ​សកម្មភាព​ហោះហើរ​ជាក់ស្តែង​ចាប់ពី​ឆ្នាំ ២០២០
#