ប៉ូលិស​ក្រុង​ឌូ​បៃ រកឃើញ​ពេជ្រ​ខៀវ​ដ៏​កម្រ​តម្លៃ ២០ លាន​ដុល្លារ​វិញ​

1253
ចែករម្លែក
  • 3
    Shares

​ប៉ូលិស​ក្រុង​ឌូ​បៃ នៃ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត បានប្រកាស​គួរឱ្យភ្ញាក់ផ្អើល​ថា ខ្លួន​បាន​រកឃើញ វិញ​ហើយ​នូវ​ត្បូង​ពេជ្រ​ខៀវ​ដ៏​កម្រ​មួយ​គ្រប់​តម្លៃ ២០​លាន​ដុល្លារ​ដែល​ចោរ​បាន​លួច​ពី​បន្ទប់ សម្ងាត់​របស់​ក្រុមហ៊ុន​មួយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​នេះ ហើយ​បាន​រត់ពន្ធ​ទៅ​ប្រទេស​ស្រីលង្កា ដោយ​លាក់​ក្នុង​ស្បែកជើង​កីឡា​ដែល​ច្រក​ក្នុង​ប្រអប់​ត្រឹមត្រូវ​។

​ប៉ូលិស​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែកក្កដា​ថា សន្តិសុខ​ម្នាក់​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​ផ្ទេរ ប្រាក់​ខាងលើ បាន​លួច​យក​ត្បូង​ពេជ្រ​ដ៏​មានតម្លៃ​នេះ​ចេញពី​បន្ទប់សម្ងាត់​កាលពី​ថ្ងៃទី​២៥ ខែឧសភា ហើយ​បាន​បញ្ជូន​វា​ទៅឱ្យ​សាច់ញាតិ​ម្នាក់​ដែល​បាន​រត់ពន្ធ​វា​ចេញ​ក្រៅប្រទេស​នេះ​។​

​បន្ទាប់ពី​ធ្វើការ​សាកសួរ​មនុស្ស​ជាង ១០០ នាក់ និង​ការត្រួតពិនិត្យ​រូបភាព​កាមេរ៉ា​សុវត្ថិភាព រាប់​ម៉ោង ប៉ូលិស​ក៏​រកឃើញ​ជនសង្ស័យ​។

​ប៉ូលិស​បញ្ជាក់ថា បុរស​ជា​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​ក្នុងប្រទេស​នេះ ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន លម្អិត​ផ្សេងទៀត​ទេ​។ ហើយ​ភ្លាមៗ​គេ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​ត្បូង​ពេជ្រ​នេះ​រកឃើញ​ពី ប្រទេស​ស្រីលង្កា ដោយ​វិធី​ណា​៕ ប្រែ​សម្រួល​: ខុម​