ប៉ូលិស​ខណ្ឌ​ព្រែក​ព្នៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​

363

(​ភ្នំពេញ​)៖​ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌ​ព្រែក​ព្នៅ​ល្បាត​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៧ នៅត្រង់ចំណុច​ផ្លូវ​លេខ​១៥១ ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​នោះ មានឈ្មោះ អ៊ុន ចាន់នី ហៅ​នី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជួញដូរ និង​ចែកចាយ​គ្រៀង​ញៀន​) ស្នាក់នៅ​ភូមិ​ពោធិ៍​រ៉ា ឃុំ​ភ្នំ​បាទ ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ប្រភព​ដដែល​បន្តថា នៅ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​និង​ប៉ុស្តិ៍​ព្រែក​ព្នៅ​បានធ្វើការ​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន ខណៈពេល​កំពុងតែ​ជិះ​ល្បាត ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​សង់ សេរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ​1CI 6197 ដោយមាន​ការសង្ស័យ ទើប​កម្លាំង​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​សួរនាំ និង​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ចំនួន​៥​ហ៊ុន​ជា​ប្រភេទ​ម៉ា​ទឹកកក​។

​ក្រោយមក​កម្លាំង​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន យកមក​ប៉ុស្តិ៍នគរបាល​ព្រែក​ព្នៅ ដើម្បី​ធ្វើការ​សាកសួរ​។​

ក្រោយពី​សាកសួរ​ជនសង្ស័យ​ខាងលើ​រួចមក រូបគេ​បាន​សារភាពថា ខ្លួន​បាន​ទៅ​ទិញ​ថ្នាំញៀន​នោះ នៅក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយ​ទិញ​ក្នុង​មួយកញ្ចប់​នេះ​ចំនួន ៥​ហ៊ុន​ក្នុងតម្លៃ​៥០$ ដើម្បី​យកទៅ​ចែកចាយ​បន្ត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុតាង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕L ដោយ​: ម៉េង​សែ​