ប៉ូលិស​ខេត្ត​ព្រះសីហនុ និង​ភ្នំពេញ សហការគ្នា​ចាប់​ជន​ជួញដូរ​គ្រឿងញៀន តាម​ដីកា​តុលាការ​

901
ចែករម្លែក
ឈ្មោះ ឌួង លី​ណា ហៅ​ម៉ី​ង៉ា ដែលសមត្ថកិច្ចតាមចាប់ខ្លួនតាមដីកាបង្គាប់របស់សាលាដំបូងខេត្តព្រះសីហនុ (រូប៖ វណ្ណៈ)

ដោយ​: វណ្ណៈ / ព្រះសីហនុ​: លោក​វរសេនីយ៍ឯក ស៊ុន សុផាត ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​បាន ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​នគរបាល​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​រកឃើញ និង​ចាប់​ជនសង្ស័យ​ម្នាក់ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ពីបទ​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ប្រព្រឹត្ត នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ ដែលជា​មុខសញ្ញា​ចែក​ចាញ​គ្រឿងញៀន​ដ៏​សកម្ម មានឈ្មោះ ឌួង លី​ណា ហៅ​ម៉ី​ង៉ា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ទីលំនៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ​។​

​លោក​ស៊ុន សុផាត បាន​បញ្ជាក់ថា មុខសញ្ញា​ឈ្មោះ​ដួង លី​ណា ត្រូវបាន​ចៅក្រម​ស៊ើបសួរ ចោទប្រកាន់​ពីបទ​ជួញដូរ​ថ្នាំញៀន បានចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន តែ​មិនបាន​ចូលខ្លួន​ឡើយ​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៦​កន្លងទៅ តុលាការ​បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​តែម្តង​។ តែ​មុខសញ្ញា​បាន​គេចខ្លួនបាត់​មួយរយៈ លុះដល់​ថ្ងៃទី​៤​ខែឧសភា ម្សិលមិញ​នេះ ដោយមាន​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រកឃើញ និង​ចាប់ខ្លួនបាន​តែម្តង​។​

​គួរ​បញ្ជាក់ថា ឈ្មោះ ឌួង លី​ណា ហៅ​ម៉ី​ង៉ា មាន​ប្អូនប្រុស​ម្នាក់​ឈ្មោះ​ឌួង ង៉ឹ​ង ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្ត​ព្រះសីហនុ ចាប់ខ្លួនបាន​នៅ​ថ្ងៃទី​២៩​ខែមេសា កន្លងទៅនេះ​រួចហើយ​៕ ល​

ឈ្មោះ​ឌួង ង៉ឹ​ង ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន ត្រូវជាប្អូនរបស់ ឌួង លីណា ហៅ ម៉ីង៉ា