ប៉ូលិស​ចរាចរណ៍​យន្ត​ចាប់ផ្តើម​ធ្វើការ​នៅ​ចិន​ភាគ​ខាងជើង​

384
ចែករម្លែក

ប៉ូលិស​យន្ត​ដំបូង​គេ​របស់​ចិន​ត្រូវបាន​ដាក់ឱ្យ​ធ្វើការ​នៅ​ទីក្រុង​ហាន់​ដាន់​ក្នុង​ខេត្ត​ហឺ​ប៉ី ប្រទេស​ចិន​។ ការិយាល័យ​សន្តិសុខ​សាធារណៈ​ក្រុង​ហាន់​ដាន់​បានប្រកាស​ប្រើ​ប៉ូលិស​ចរាចរណ៍​យន្ត ៣ ប្រភេទ​ក្នុង​ពិធី​មួយ ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​។​

​បំពាក់​ដោយ​កាមេរ៉ា​ឆ្លាត​វៃ ប៉ូលិស​យន្ត​អាច​មើលឃើញ​ការរំលោភ​ចរាចរណ៍ ផ្តល់​ការព្រមាន​ដោយ​ពាក្យសម្តី និង ថតរូប​អំពី​ឧបទ្ទវហេតុ​។ មនុស្ស​យន្ត​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើ​ទិន្នន័យ​ធំ បញ្ញា​សិប្បនិម្មិត (AI) Cloud Computing និង ការរុករក​ទិសដៅ​ដោយ​ផ្អែកលើ​ឡាស៊ែរ​។​

​ប៉ូលិស​យន្ត​ល្បាត​តាម​ដងផ្លូវ​ដែល​ស្លៀកពាក់​ប្រហាក់ប្រហែល​នឹង​មន្ត្រីនគរបាល​ចរាចរ​ណ៍ ដែលមាន​ឯកសណ្ឋាន​ពណ៌​លឿង​និង​មួក​ពណ៌​ស អាច​កំណត់​អត្តសញ្ញាណ​អ្នកបើកបរ​និង​ថតរូប​អាកប្បកិរិយា​ខុសច្បាប់​តាមរយៈ​ប្រព័ន្ធ​រុករក​ស្វ័យប្រវត្តិ​ក៏ដូចជា​ផ្តល់​ការព្រមាន​ដល់​អ្នក​ល្មើស​ភ្លើង​សញ្ញា​ចរាចរណ៍​។​

​ចំណែក​ប៉ូលិស​យន្ត​ផ្តល់​សេវាកម្ម​បម្រើ​អតិថិជន​វិញ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់ព័ត៌មាន​និង​ឆ្លើយ​សំណួរ​ពី​សាធារណជន​នៅឯ​មជ្ឈមណ្ឌល​ចុះឈ្មោះ​យានយន្ត​។ មនុស្ស​យន្ត​នេះ​រាយការណ៍​ពី​ហានិភ័យ​សុវត្ថិភាព​និង​ជនសង្ស័យ​ទៅ​ប៉ូលិស​ដោយ​ស្វ័យប្រវត្តិ​។​

​រីឯ​ប៉ូលិស​យន្ត​ចល័ត​ខ្នាតតូច​ដែល​បញ្ជា​ពី​ចម្ងាយ​អាចជួយ​គ្រប់គ្រង​កន្លែងកើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បាន ដោយ​បញ្ជា​ទិសដៅ​ដល់​អ្នកបើកបរ​ដែល​ឆ្លងកាត់​។​

​ប៉ូលិស​យន្ត​ទាំងបី​ប្រភេទ​នេះ​នឹងត្រូវ​ដំឡើង​កម្មវិធី​ជាច្រើន​ទៀត​ជាមួយ​មុខងារ​បន្ថែម​ដើម្បី​ជួយ​ដល់​ការគ្រប់គ្រង​យានយន្ត​និង​ការគ្រប់គ្រង​ចរាចរណ៍​ហើយនឹង​ត្រូវបំពេញ​កា​ត​ព្វ​កិច្ច ២៤​ម៉ោង​លើ​២៤​ម៉ោង រាល់ថ្ងៃ​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ការច្នៃប្រឌិត​ខាង​បច្ចេកវិជ្ជា​ត្រូវបាន​អនុវត្ត​កាន់តែខ្លាំង​ឡើង​នៅក្នុង​ការងារ​ប៉ូលិស​ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​ចិន​៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិស​ចរាចរណ៍​យន្ត​ចាប់ផ្តើម​ការងារ​នៅ​ទីក្រុង​ហាន់​ដាន់ ភាគ​ខាងជើង​ប្រទេស​ចិន
#