ប៉ូលិស​ចរាចរណ៍​រាំ​ចាក់​ក្បាច់ “​មៃ​ឃើ​ល ជែក​សុន​” កំពុង​ល្បី​នៅ​ឥណ្ឌា​

425

​ប៉ូលិស​រូបនេះ​ផុសគំនិត​ចេញពី​ភាពយន្ត​បូលីវូដ និង​មាន​ពុកមាត់​ស្ទីល​តាម​តួអង្គ Freddie Mercury ប៉ុន្តែ​វា​ជាការ​រាំ​ចាក់​ក្បាច់​តាម ម៉ៃ​ឃើ​ល ជែក​សុន របស់​ប៉ូលិស​ចរាចរណ៍​ឈ្មោះ រាន់​ជី​ត ស៊ី​ង ទេ​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​នៅលើ​ដងផ្លូវ​ដ៏​រញ៉េរញ៉ៃ​របស់​ឥណ្ឌា​។​

​អ្នកបើកបរ​និង​អ្នកដំណើរ​បាន​ងាកមើល​លោក​ប៉ូលិស​រូបនេះ​គ្រប់គ្នា នៅពេល​ប៉ូលិស​អាយុ ៣៨ ឆ្នាំ​រូបនេះ​រាំ​ចាក់​ក្បាច់ “​ដើរ​លើ​ព្រះ​ចន្ទ​” នៅលើ​ផ្លូវ​ប្រសព្វ​ដ៏​មមាញឹក ដោយ​រាំ​គេច​ពី​ម៉ូតូ​ឡំ​ប្រា​តា និង ឡាន​ដឹកទំនិញ​នៅ​កណ្តាល​ក្រុង​អ៊ី​ឌ័​រ (Indore) ដែលមាន​មនុស្ស ២ លាន​នាក់​រស់នៅ​។​

​លោក​ស៊ី​ង​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP) ថា “​ខ្ញុំ​ជា​អ្នកគាំទ្រ​ម៉ៃ​ឃើ​ល ជែក​សុន ច្រើន​ឆ្នាំ​ហើយៗ​បាន​ចម្លង​ស្ទីល​រាំ​លើ​ព្រះ​ចន្ទ​របស់គាត់​ដើម្បី​បញ្ជា​ចរាចរណ៍ ១២ ឆ្នាំ​មកហើយ​។ ដំបូង​ឡើយ មនុស្ស​មានការ​ភ្ញាក់ផ្អើល ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​អស្ចារ្យ​ជាច្រើន​ឆ្នាំ ហើយ​បានទទួល​ប្រជាប្រិយភាព​យ៉ាងខ្លាំង​”​។

​លោក​ស៊ី​ង​បាន​បន្ថែមថា “​វា​ជា​ការងារ​ដ៏​លំបាក​ក្នុង​ការរក្សា​ចរាចរណ៍ ដោយមាន​ទាំង​សំឡេង​យានយន្ត​លាន់​ត្រ​ហឹ​ង និង​អ្នកបើកបរ​ធ្វេសប្រហែស ប៉ុន្តែ​ក្បាច់​រាំ​ដើរ​លើ​ព្រះ​ចន្ទ​ធ្វើឱ្យ​អ្នកបើកបរ​និង​អ្នកដំណើរ​សប្បាយរីករាយ​”​។​

​លោក​ស៊ី​ង​បានក្លាយ​ជន​ល្បី​លើ​បណ្តាញ​សង្គម​ដ៏​មិនគួរ​ឱ្យ​ជឿ ដោយមាន​អ្នកគាំទ្រ​ជិត ៥០.០០០ នាក់ តាមដាន​រាល់​សកម្មភាព​របស់គាត់​នៅលើ​ហ្វេ​ស​ប៊ុ​ក ខណៈ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​ចែកចាយ​វីដេអូ​របស់គាត់​បន្ត​នៅលើ​ផេ​ក​ជាច្រើន​របស់​ពួកគេ​ជា​រៀងរាល់ថ្ងៃ​៕ ដោយ៖ កញ្ញាដាលីស

លោក​ស៊ី​ង ប្រើ​ក្បាច់​ម៉ៃ​ឃើ​ល​ជែក​សុន​រាំ​លើ​ព្រះ​ចន្ទ​ដើម្បី​បញ្ជា​ចរាចរណ៍