ប៉ូលិស​ចាប់ខ្លួន​ប្តី​ទី​៣ បន្ទាប់ពី​ធ្វើ​ទារុណកម្ម​ប្រពន្ធ ទាល់តែ​ស្លាប់​

502
ចែករម្លែក

​ដោយ : ប​.​ជ័យ​/​បន្ទាយមានជ័យ : ប៉ូលិស​ព្រហ្មទណ្ឌ និង​សមត្ថកិច្ច​ពាក់ព័ន្ធ នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយ​មានជ័យ និង​ខេត្តពោធិ៍សាត់ បាន​សហការគ្នា​ចាប់ខ្លួន បុរស​ម្នាក់ នៅ​ខេត្តពោធិ៍សាត់​បន្ទាប់ពី​បុរស​ម្នាក់នេះ បានធ្វើ​ទារុណកម្ម​ប្រពន្ធ​របស់ខ្លួន ទាល់តែ​ស្លាប់ នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។​

​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ស្ត្រី​រងគ្រោះ ឈ្មោះ ឃ្ល​ក ថា​ញ់ អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ត្រ​សេក​ជ្រុំ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ។ ស្ត្រី​ម្នាក់នេះ មាន​ប្តី​រហូតដល់​ទៅ បីនាក់ ។ ប្តី​ទី​១ និង​ទី​២ លែង​គ្នា​យូរហើយ ហើយក៏​បាត់​ដំណឹង និង​គ្មាន​ទំនាក់ទំនង​គ្នា​។ ស្ត្រី​នេះ បាន​យកប្តី​ទី​៣ តែ​មិន​បាន​សុខ​សប្បាយ ដោយ​គ្មាន​សុភមង្គល​ឡើយ ។ ប្តី​ទី​៣ ដែល​យកគ្នា​បាន​ជាង ៣ ខែ​មកនេះ ចេះតែ​រករឿង​បង្ក​ហិង្សា ហើយ​ធ្វើ​ទារុណកម្ម​ប្រពន្ធ រហូតដល់​ស្លាប់ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា​នៅ​ភូមិ​ត្រ​សេក​ជ្រុំ ឃុំ​-​ស្រុក​ម៉ាឡៃ ហើយ​គេចខ្លួន​។​

​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ បានឱ្យដឹង​ទៀតថា នៅ​ថ្ងៃទី​២៩ ខែកញ្ញា កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ នៃ​ខេត្តពោធិ៍សាត់ និង​ខេត្តបន្ទាយមានជ័យ បាន​ចាប់ខ្លួន​ជនសង្ស័យ ឈ្មោះ ទុង ថា អាយុ​៤៧​ឆ្នាំ ជា​ប្តី​ទី​៣ នៃ​ស្ត្រី​រងគ្រោះ នៅ​ខេត្តពោធិ៍សាត់ ហើយ​បញ្ជូនទៅ​ខេត្តបន្ទាយមានជ័យ ជា​ម្ចាស់​ទីតាំង​កើត​អំពើ​ឃាតកម្ម​វិញ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ។​

​រឿង​សោកសង្រេង ជាង​ឃាតកម្ម​នោះ គឺ​កូនៗ ទាំង​បួន​នាក់ នៃ​ស្ត្រី​រងគ្រោះ រស់នៅ​កំព្រា និង​មាន​ជីវភាព​លំបាក​ក្រៃលែង ៕សរន