ប៉ូលិស​ចាប់ខ្លួន​មេក្លោង​ជួញដូរ​អាវុធ​ក្នុង​បំណង​បះបោរ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្តជាយដែន

1234
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ប៉ូលិស​បាន​ចាប់ខ្លួន​មេក្លោង​ជួញដូរ​អាវុធ​ក្នុង​បំណង​បះបោរ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២ ខែតុលា​២០១៨ នេះ​នៅ​ខេត្តព្រះវិហារ​។​មេក្លោង ដែល ចាប់ខ្លួន​ឈ្មោះ ប្តិ​ន្តិ៍ ថង​ឌី ហៅ រស់​សាម៉ុន​ហៅ​ក្រូច​។​នេះ​បើតាម​ការបញ្ជាក់​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​។​

មេក្លោង ដែល ចាប់ខ្លួន​ឈ្មោះ ប្តិ​ន្តិ៍ ថង​ឌី ហៅ រស់​សាម៉ុន​ហៅ​ក្រូច

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថា នៅ​រសៀល ថ្ងៃទី​២ ខែតុលា កម្លាំង​សមត្ថកិច្ច​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​បានធ្វើការ​ចាប់ខ្លួន​មេក្លោង​ក្រុម​ប្រដាប់ អាវុធ​អនាធិបតេយ្យ ឈ្មោះ ប្តិ​ន្តិ៍ ថង​ឌី ហៅ ដួង ហៅ ក្រូច ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​។​​វត្ថុតាង​រឹបអូស​បាន រួម​មានៈ​
-​អាវុធ​២​ដើម​(​ខ្លី​០១​ដើម វែង​០១​ដើម​)
-​គ្រឿងផ្ទុះ និង​សារធាតុ​ផ្សំ​គ្រឿងផ្ទុះ​មួយចំនួន​។ ជនសង្ស័យ និង​វត្ថុតាង កំពុង​ត្រូវបាន​បញ្ជូន​មកកាន់​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

មេក្លោង ដែល ចាប់ខ្លួន​ឈ្មោះ ប្តិ​ន្តិ៍ ថង​ឌី ហៅ រស់​សាម៉ុន​ហៅ​ក្រូច

​បើតាម​ឯកសារ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​នាពេល​កន្លងមក​បានបង្ហាញ​ថា ឈ្មោះ រស់ សាម៉ុន ហៅ​ក្រូច គឺជា​សមាជិក​របស់​ច​ល​នា​ក្បាល​ខ្លា ដែលមាន សោម ឯក ជា​មេដឹកនាំ​។ ចលនា​ក្បាល​ខ្លា បាន​កសាង​កង​កម្លាំង​ប្រដាប់អាវុធ​នៅក្នុង​ព្រៃ​ដើម្បី​ប្រឆាំង​និង​រដ្ឋាភិបាល ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប និង​ចាប់ខ្លួន​ឈ្មោះ សោម ឯក ដែលជា​មេក្លោង​ដាក់ពន្ធនាគារ​។ ចលនា​ក្បាល​ខ្លា របស់លោក​សោម ឯក បាន​ចង​សម្ព័ន្ធ​ភាព​ជាមួយ​ចលនា​រណសិរ្ស​រំដោះជាតិ របស់លោក​សម សេរី​។​

​គួររំលឹកថា​មនុស្ស​ចំនួន​ប្រាំ​បីនាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ថ្មីៗ​នេះ តុលាការ​បានសម្រេច​ចោទប្រកាន់​ពីបទ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ សន្និធិ​អាវុធ និង​គ្រឿងផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាតិ និង​ពីបទ​ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ តាម​មាត្រា​៤៨៥ មាត្រា ៤៨៦ និង​មាត្រា​៤៨៨ នៃ​ក្រមព្រហ្មទណ្ឌ និង​ឃុំខ្លួន​ដាក់ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨​។​
​មនុស្ស​ទាំង​ប្រាំ​បីនាក់​មានៈ ១.​ឈ្មោះ សៀង វណ្ណ​ឌឿ​ន​, ២.​ឈ្មោះ វ៉ន ឡេង​, ៣.​ឈ្មោះ វ៉ន សាវ​ណ្ណ ,៤.​ឈ្មោះ ថន សា​ម៉េ​ត​, ៥.​ឈ្មោះ ហេង ហៃ (​ស្រី​), ៦.​ឈ្មោះ ណុប វ៉ុ​ន ៧.​ឈ្មោះ សាន សៅ​រី និង​៨.​ឈ្មោះ ប៉ែន ប៊ុនធឿន។ពួកគេស្ថិតក្នុងបក្ខពួកជាមួយមេក្លោងដែលទើបចាប់ខ្លួនបានខាងលើ​៕​សរន​