ប៉ូលិស​ចាប់ខ្លួន​សន្តិសុខ​ខណ្ឌដូនពេញ​ពីរ​នាក់ រឿង​ប្រើ​ហិង្សា​លើ​លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត​

3380
ចែករម្លែក
  • 2.6K
    Shares
យុវជន ភាជ គឹមហាក់ អតីតប្រជាការពារខណ្ឌដូនពេញ (រូប៖ ហ្វេសប៊ុក)

(​ភ្នំពេញ​)៖ កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​សន្តិសុខ​ខណ្ឌដូនពេញ ចំនួន​០២​នាក់ កាលពី​យប់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ ក្នុង​រឿង​ព្រួត​គ្នា​ប្រើ​ហិង្សា​លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត បង្រៀន​នៅ​សាកលវិទ្យាល័យ​កម្ពុជា កាលពី​ថ្ងៃទី​១១ ខែមីនា កន្លងមកនេះ នៅក្រោយ​ពេទ្យ​លោកសង្ឃ​។

​មន្ត្រីប៉ូលិស​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​ឲ្យ​ដឹងថា សន្តិសុខ​ខណ្ឌដូនពេញ​ចំនួន​០២​នាក់ ដែល​ចាប់ខ្លួន​មានឈ្មោះ ភា​ជ គឹម​ហាក់ ជា​សន្តិសុខ​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ និង​ម្នាក់ទៀត​ជា​ប្រជា​ការពារ​នៅ​សង្កាត់​ស្រះចក​។

​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំងពីរ​នាក់​នេះ គឺជា​ជនដៃដល់​ដំបូង​ដែល​បាន​បើក​ការវាយប្រហារ​ដោយ​ហិង្សា​ទៅលើ​លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត​។ ហើយ​សមត្ថកិច្ច​កំពុងតែ​តាម​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ជា​បន្តទៀត ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​សូមបញ្ជាក់ថា តាមរយៈ​មេធាវី ឈី សម្បត្តិ នៅ​រសៀល​ថ្ងៃទី​១៣ ខែមីនា បណ្តឹង​បណ្ឌិត ស៊ុយ សារ៉េត បានដាក់​ចូលដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយដោយ​ប្តឹង​ជន​ពាក់ព័ន្ធ​ទាំងអស់​ដែល​ប្រព្រឹត្ត​អំពើហិង្សា​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​។​

​ក្នុង​បណ្តឹង​នេះ បណ្ឌិត ស៊ុយ សារ៉េត ស្នើ​សមត្ថកិច្ច​ស្វែងរក​ជន​ពាក់ព័ន្ធ​ទាំងអស់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន មួយ​ពាន់​ពីរ​រយ​លាន​រៀល​។​

​សូម​រម្លឹកថា កាលពី​រសៀល​ថ្ងៃទី​១១ ខែមីនា ប្រជាពលរដ្ឋ​តាម​ដេញ​វាយ​ប៉ុនប៉ង​សម្លាប់​អ្នកបើកបរ និង​វាយកម្ទេច​រថយន្ត​ទំនើប​មួយគ្រឿង ដែល​ពួកគេ​អះអាងថា បាន​បើក​បុក​រះ​តាមផ្លូវ​ពី​ម្តុំ​ទួល​សង្កែ ខណ្ឌ​ទួល​សង្កែ បើក​រត់គេច​រហូតដល់​ម្តុំ​ពេទ្យ​លោកសង្ឃ ខណ្ឌទួលគោក​៕L ដោយ​៖ មុនី​រ័ត្ន​

#