ប៉ូលិស​ចាប់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន Enarita រឿង​ឆបោក​លុយ​៨០​លាន​ដុល្លារ​

5961
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​
​ភ្នំពេញ​:
ប៉ូលិស​ចាប់ខ្លួន​លោក ឌី​ម សួន​ណាត អគ្គនាយក​ក្រុមហ៊ុន Enarita វិនិយោគ​លើ​ការ​ពុះ​ដី​ឡូ​តិ៍លក់​បណ្ដា​ខេត្ត​មួយចំនួន ពាក់ព័ន្ធ​ករណី​ឆបោក​ប្រជាពលរដ្ឋ​នៅ​កម្ពុជា និង​នៅ​ប្រទេស​កូរ៉េ តាមរយៈ​ការដាក់​ទុក​វិនិយោគ (​ការប្រាក់​ខ្ពស់​) ដែលមាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ជា ៨០​លាន​ដុល្លារ​។

​ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន របស់លោក​កែវ សុធា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា លោក ឌី​ម សួន​ណាត អគ្គនាយក​ក្រុមហ៊ុន Enarita បាន​បញ្ជូនទៅ​តុលាការ​ហើយ​។ ការចាប់ខ្លួន​លោក ឌី​ម សួន​ណាត ដោយសារ​តែមាន​ដីកា​ចំនួន​៤ និង​ទទួលបាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ចំនួន​១៦​ខេត្ត ពាក់ព័ន្ធ​ជាមួយ​លុយ ៨០​លាន​ដុល្លារ​។ ហើយ​តួលេខ​លុយ​២០០ ទៅ ៣០០​លាន​ដុល្លារ ប្រហែល​ជាមាន​ពាក្យបណ្តឹង​ជា​បន្តបន្ទាប់​ផ្សេងទៀត​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា អគ្គនាយក​ក្រុមហ៊ុន Enarita បាន​បោកប្រាស់​ពលករ នៅ​ប្រទេស​កូរ៉េ​ដោយ​ប្រើល្បិច ឆបោក ប្រាក់ តាមរយៈ​ដាក់ទុន​ជាមួយ​ក្រុមហ៊ុន​និង​ទទួលបាន​ការប្រាក់​ខ្ពស់ ចាប់ពី ២០​ភាគរយ ក្នុង​មួយខែ​។​

​ពលករ​នៅ​ប្រទេស​កូរ៉េ រាប់រយ​នាក់ បាន​ចាញ់បោក ក្រុមហ៊ុន​Enarita តាមរយៈ​ការដាក់​ទុក​វិនិយោគ ជាមួយនិង​ការប្រាក់​ខ្ពស់ គឺ ដាក់​លុយ ចាប់ពី​១​ម៉ឺន​ដុល្លារ និង​បានទទួល​ការប្រាក់ ២០​ភាគរយ បើ​ដាក់​ចាប់ពី ២ ឬ​៣ ម៉ឺន​ដុល្លារ​ឡើងទៅ អាច​ទទួលបាន​ការប្រាក់​ពី​២៥​ទៅ ៣០​ភាគរយ និយាយ​ទៅ​ដាក់​កាន់តែច្រើន ទទួលបាន​ការប្រាក់ កាន់តែ​ខ្ពស់​។​

​នៅមុន​ពេល ពួកគេ​ដាក់ ទុក ក្រុមហ៊ុន​គេ​បាន​ឲ្យ​ជួប​ជាមួយ​អ្នក​ទីផ្សា ដោយ​គេ​តម្រូវ​ឲ្យ ពលករ​នៅ​កូរ៉េ បង្កើតជា​ក្រុម ចាប់ពី​១០​នាក់​ឡើងទៅ ងាយស្រួល​ប្រមូល​លុយ​និង ដក លុយ​មកវិញ​។ នៅ​ប្រទេស​កូរ៉េ មាន​ពលករ រាប់រយ​នាក់ ទៅពាន់​នាក់​ដែល​បាន​ចាញ់បោក ក្រុមហ៊ុន Enarita៕ ល​