ប៉ូលិស​ចាប់បាន​ប្តី​ចុង ជា​ឃាតករ សម្លាប់​ប្រពន្ធ និង​កូន​ចំនួន​បីនាក់ នៅ​ស្រុក​ត្បូងឃ្មុំ​ហើយ​

1322
ចែករម្លែក

​ដោយ​: ទេព មង្គល​- សុខា​ /
​ត្បូងឃ្មុំ​: នគរបាល​ខេត្ត​ត្បូងឃ្មុំ នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​នគរបាល​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​សហការគ្នា តាម​ប្រមាញ់ និង​ឃាត់ខ្លួន​ជនសង្ស័យ ដែលជា​ប្តី​ចុង សម្លាប់​ប្រពន្ធ និង​កូន​ចំនួន​បីនាក់ នៅ​ស្រុក​ត្បូងឃ្មុំ​នោះ កាលពី​វេលា​ម៉ោង ៥:០៥ នាទី ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​ពោធិ​វង្ស សង្កាត់​បន្សាយ​រក្ស ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅមុន​ពេលដែល​ជនសង្ស័យ​នេះ បំរុង​គេចខ្លួន ទៅ​ប្រទេស​ថៃ​។ ការចាប់ខ្លួន ជនសង្ស័យ​បាន គឺមាន​មាន​រយៈពេល ៥ ថ្ងៃ​គត់ គិត​ចាប់​ពីថ្ងៃ​សម្លាប់​ប្រពន្ធ និង​កូន​មក​។​

​សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ ជា​ឃាតករ គឺជា​ប្តី​ចុង ឈ្មោះ ជ្រាំង ផូ អាយុ ៤៨ ឆ្នាំ ជា​ឪពុក​ទារក នៅក្នុង​ផ្ទៃ​ស្ត្រី​រងគ្រោះ ឃាង សុក​លាន ដែល​បាន​រៀបការ​នឹង​គ្នា កាលពី​ខែតុលា ឆ្នាំ​២០១៧​។ ឈ្មោះ ជ្រាំង ផូ មាន​ស្រុកកំណើត​នៅ​ភូមិ​អក​មូល ឃុំ​ម្រាម ស្រុក​រមាសហែក ខេត្តស្វាយរៀង មានមុខ​របរ ជាជាង​សំណង់​។ ចំណែក​ជនរងគ្រោះ ជា​ប្រពន្ធ ឃាង សុក​លាន មានមុខ​របរ ចងការ​ប្រាក់​។ ក្រោយពេល​ចាប់​ជនសង្ស័យ​នេះ​បាន សមត្ថកិច្ច បាន​រកឃើញ​ខ្សែក និង​ម៉ូតូ​របស់​ជនរងគ្រោះ​(​ជា​របស់​ប្រពន្ធ​) ។
​ ​
​បើតាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច​ថា ករណី​ឃាតកម្ម​មួយ​នេះ ផ្តើមចេញពី​ការ​ប្រច័ណ្ឌ និង​ទំនាស់​រឿង​ទ្រព្យសម្បត្តិ រហូត​ឈានដល់ ការកាប់សម្លាប់​មនុស្ស ចំនួន​បួន​នាក់​ម៉ែកូន (​កូន​ក្នុង​ផ្ទៃ​អាយុ​ជាង​ពីរ​ខែ​ម្នាក់ទៀត​) នៅក្នុង​ផ្ទះក្បឿង មួយកន្លែង ស្ថិតនៅ ភូមិ​ដូង ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៨ ។​
​ ​
​លោក​វរសេនីយ៍ តូ ឆៃ​លាង មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក​ត្បូងឃ្មុំ បានឱ្យ​រស្មី​កម្ពុជា ដឹង នៅ​រសៀល​ថ្ងៃទី​១ មេសា ពី​កន្លែងកើតហេតុ​ថា សព​ជនរងគ្រោះ ត្រូវបាន​ជនល្មើស កាប់​នឹង​កាំបិតផ្គាក់ ដោយ​កាប់​សំដៅ ក ស្លាប់​ទាំងបី​នាក់ នៅលើផ្ទះ​តែម្តង​។ ជនរងគ្រោះ​ទីមួយ ជា​ម្តាយ ឈ្មោះ ឃាង សុក​លាន អាយុ​៤២ ឆ្នាំ (​មានកូន​នៅក្នុង​ផ្ទៃ អាយុ​ជាង​ពីរ​ខែ​ម្នាក់ទៀត​), ទី​ពីរ​ជា​កូនដើម​ឈ្មោះ ធឿន វណ្ណ​: ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ទី​បី ធឿន ធា​រី ភេទ​ប្រុស អាយុ​១១​ឆ្នាំ​។​
​ ​
​លោក​មេបញ្ជាការ បាន​ឲ្យ​ដឹង​ទៀតថា តាម​ការពិនិត្យ​កន្លែង​សម្លាប់ គឺ​ជនដៃដល់​ទំនង ជា​ធ្វើ​សកម្មភាព នៅពេល​ជនរងគ្រោះ កំពុង​ដេក​លង់លក់ ដោយបាន​កាប់​សំដៅ ក ទាំងអស់​។ ករណីនេះ អាច​កើត នៅ​ចន្លោះ​ម៉ោង​ពីមួយ ទៅ​បី​យប់ ឈាន ចូល​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៨​។ ក្នុងនោះ ក្រៅពី​សម្លាប់​ជនរងគ្រោះ ជា​ម្ចាស់ផ្ទះ ជនសង្ស័យ បាន​ប្រមូលយក​ទ្រព្យសម្បត្តិ សរុប ជា​ទឹកប្រាក់​ប្រហែល ជាង​មួយ​ម៉ឺន​ដុល្លារ​។ ប៉ុន្តែ​សមត្ថ​ម​កិច្ច ទើប​ទទួលបាន​ព័ត៌មាន ឃាតកម្ម​ខាងលើនេះ នៅ​រសៀល​ថ្ងៃទី​១ ខែមេសា បន្ទាប់​ស្ត្រី​ជា​បង​របស់​ជនរងគ្រោះ ឃាង សុក​លាន បាន​ទៅ​រាយការណ៍ ប្រាប់​សមត្ថកិច្ច​នគរ​បាល​។​
​ ​
​តាម​ការស៊ើបអង្កេត​ប​ឋ​មរ​បស់ នគរបាល និង​កងរាជអាវុធហត្ថ បាន​សន្និដ្ឋានថា ការដែល​សមត្ថកិច្ច​ស​ង្ស័​យ លើ ជ្រាំង ផូ ជា​ឃាតក​សម្លាប់​ប្រពន្ធ និង​កូន​បែបនេះ គឺ​រយ​:​ពេល​ប៉ុន្មាន​ខែ នៃ​ការ​ចាប់ដៃគ្នា ជា​ប្តី​ប្រពន្ធ​មួយគូ​នេះ មានការ​ឈ្លោះទាស់ទែង​គ្នា ច្រើនលើក​មកហើយ​។ ក៍​ប៉ុន្តែ​ខាង ជ្រាំង ផូ ជា​ប្តី​បាន មកសុំ​អង្វរ​ជានា​គ្នា​វិញ​។ ពិសេស​គឺ ជនសង្ស័យ​ម្នាក់នេះ តែង​បាន​រករឿង​ប្រច័ណ្ឌ​ប្រពន្ធ ទៅលើ​កូនប្រុស​ដើម អាយុ ១៧​ឆ្នាំ ធឿន វណ្ណ​: ជា​ជនរងគ្រោះ​នោះ​។​

​បើ​ប្រភពពី​សមត្ថកិច្ច ដែល​ស្ថិតក្នុង​ប្រតិបត្តិការ​តាម​ចាប់ខ្លួន​ជនដៃដល់​ម្នាក់​នោះ បាន​បញ្ជាក់ថា ខណៈពេល​នេះ ជនសង្ស័យ បាន​នឹង​កំពុង​នាំខ្លួន មកកាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត​ត្បូងឃ្មុំ​ហើយ​។ ជនសង្ស័យ​នេះ អាច​ប្រឈមមុខ​នឹង​មាត្រា ២០០ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ហើយ​អាច​ជាប់គុក អស់​មួយជីវិត ៕V