ប៉ូលិស​ចាប់ផ្តើម​ស៊ើបអង្កេត​បទឧក្រិដ្ឋ​ចំពោះ​ការតវ៉ា​ដ៏​ហិង្សា​នៅ​វៀតណាម

524

​មនុស្ស​១០៧​នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​ពីបទ​បំផ្លាញ​ការិយាល័យ​រដ្ឋាភិបាល​ជាច្រើន​និង​បាន​ដុតបំផ្លាញ​រថយន្ត​ជាច្រើន​គ្រឿង​នៅ​ខេត្ត Binh Thuan ប្រទេស​វៀតណាម​ ភាគ​កណ្តាល​។​

​ប៉ូលិស​នៅ​ខេត្ត​Binh Thuan បានប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា​ពួកគេ​កំពុងធ្វើការ​ស៊ើបអង្កេត​បទឧក្រិដ្ឋ​ចំពោះ ការតវ៉ា​មួយ​ដែល​បាន​កើតឡើង​នៅ​ខេត្ត​នេះ​កាលពី​ថ្ងៃអាទិត្យ​​សប្តាហ៍​មុននេះ​។​

​លោក​Dao Trong Nghia អនុប្រធាន​ប៉ូលីស នៅ​ខេត្ត Binh Thuan បាន​និយាយថា​ការតវ៉ា​នេះ​ដែល​បាន​ប្រែក្លាយជា​អំពើហិង្សា​នៅពេល​ក្រុមអ្នកតវ៉ា​បានចាប់ផ្តើម​បំ​​ផ្លាញ​ការិយាល័យ​រដ្ឋាភិបាល​ដុតបំផ្លាញ​រថយន្ត​និង វាយ​ក្រុមមន្ត្រី​អនុវត្ត​ច្បាប់​នោះ គឺ​ទំនងជា​បាន​រៀប​ផែនការ​ទុកជាមុន​។​

​លោក Dao Trong Nghia បាន​និយាយថា​” ប្រេង និង ដុំថ្ម ត្រូវបាន​យកមក​ដាក់​ទុកជាមុន​នៅ​កន្លែង​ដែល​ងាយស្រួល​ដើម្បីឱ្យ​ក្រុមអ្នកតវ៉ា​ប្រើប្រាស់​ប្រឆាំងនឹង​កង​​កម្លាំង​សន្តិសុខ​។ លោក​បាន​បន្ថែមថា​ការចោទប្រកាន់​បទឧក្រិដ្ឋ​នេះ​នឹងត្រូវ​បានធ្វើ​ឡើង នៅពេលដែល​ប៉ូលិស​អាច​កាត់បន្ថយ​ចេញ​ចំនួន​អ្នក​ដែល​មិនបាន​ប្រព្រឹត្ត​​អំពើហិង្សា​។​

​ក្រុម​អាជ្ញាធរខេត្ត​នេះ បាន​និយាយថា មន្ត្រីប៉ូលិស​ចំនួន​២៨​នាក់ បាន​រងរបួស​ខណៈដែល​ការពារ​សណ្តាប់ធ្នាប់​ចាប់តាំងពី​ការតវ៉ា​នេះ បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យ​។​ ពួក​អ្នក​តវ៉ា​នេះ បាន​បំផ្លាញ​អគារ​គណៈកម្មាធិការ​ខេត្ត​នេះ​និង​ដុតបំផ្លាញ​រថយន្ត​១២​គ្រឿង ព្រមទាំង​វាយបំផ្លាញ​រថយន្ត​២​គ្រឿង​។​

​ប៉ូលិស​បាន​និយាយថា ការតវ៉ា​នេះ បាន​ឈាន​ចូលដល់​ថ្ងៃ​ចន្ទ​ទី​១១​ខែមិថុនា ដោយ​ក្រុមអ្នកតវ៉ា​បាន​បិទផ្លូវ​និង​បង្ក​ការបំផ្លិចបំផ្លាញ​និង​ចូល​លួច​យក​របស់របរ​នៅ​ទី​​ស្នាក់ការ​ធំ​របស់​ប៉ូលិស​ពន្លត់​អគ្គិភ័យ​ក្នុង​តំបន់​។​

​ក្រុមអ្នកតវ៉ា បានធ្វើ​ការតវ៉ា​ដ៏​ខ្លាំង​ដើម្បី​ប្រឆាំង​ពង្រាងច្បាប់​របស់​វៀតណាម​អំពី​តំបន់​សេដ្ឋកិច្ច​ពិសេស​កាលពី​ចុង​សប្តាហ៍​មុន​។​

​ក្រៅពី​ខេត្ត Binh Thuan មានការ​តវ៉ា​ធំ​ផងដែរ នៅ​ទីក្រុង​ហូ​ជី​មី​ញ ទីក្រុង​ដា​ណាំង (Da Nang) ទីក្រុង​ហាណូយ​និង​នៅ​កន្លែង​ផ្សេង​មួយចំនួនទៀត​ដើម្បី​តវ៉ា​ប្រឆាំង​​ពង្រាងច្បាប់​អំពី​តំបន់​សេដ្ឋកិច្ច​ពិសេស​។​

​គេ​ជឿថា ពង្រាងច្បាប់​នេះ នឹង​អនុញ្ញាតឱ្យ​ក្រុម​អ្នកវិនិយោគ​បរទេស ជួល​ដីធ្លី​រយៈពេល​៩៩​ឆ្នាំ​ដែលជា​ហេតុនាំឱ្យ​មានការ​តវ៉ា​នេះ ។ ច្បាប់​ដីធ្លី​បច្ចុប្បន្ន​របស់​វៀត​​ណា​ម អនុញ្ញាតឱ្យ​ក្រុម​អ្នកវិនិយោគ​អាច​ជួល​ដីធ្លី​រយៈពេល​៧០​ឆ្នាំ​។ ការអនុម័ត​ពង្រាងច្បាប់​អំពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ត្រូវបាន​ពន្យារពេល​ដោយ​ភា​ជាតិ​ កាលពី​ថ្ងៃ​ចន្ទ តាម​ការស្នើរ​របស់រ​ដ្ឋា​ភិ​បាល​នេះ​៕ដោយ៖សុខា

រថយន្ត​ច្រើន​គ្រឿង​នៅ​ខាងក្រៅ​ការិយាល័យ​ប៉ូល​ពន្លត់​អគ្គិភ័យ​នៅ​ខេត្ត​Binh Thuan​ត្រូវបាន​ដុតបំផ្លាញ