ប៉ូលិស​ចាប់​ជនដៃដល់​ម្នាក់​ដែល​កាប់​ប្អូនស្រី​និង​ម្តាយមីង​

930
ចែករម្លែក

(​បាត់ដំបង​): ជនសង្ស័យ​ដែល​សុំ​លុយ​ទិញ​ស្រា​ផឹក​មិនបាន​កាប់​ម្តាយមីង និង​ប្អូនស្រី បណ្តាល​ឲ្យ​របួស​ទាំងពីរ​នាក់ ហើយ​រត់គេចខ្លួន​ត្រូវ​ប៉ូលិស​អធិការនគរបាល​ស្រុក​ថ្មគោល​ចាប់បាន​ហើយ នៅ​រសៀល​ថ្ងៃទី​២៤ ខែសីហា​ឆ្នាំ​២០១៧ នៅ​ចំណុច​វត្ត​ត្រាង ភូមិ​ត្រាង ឃុំ​អូរ​តា​គី​។​

​លោក​វរសេនីយ៍ទោ ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ កាយ ចន្ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ភូមិក​គោ ឃុំ​ជ្រៃ ស្រុក​ថ្មគោល​។ ពីបទ​ហិង្សា​ដោយ​ចេតនា​ធ្វើ​ឲ្យ​រងរបួស​ចំនួន​២​នាក់​។​

​គួរ​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ មាន​ករណី​ហិង្សា​ដោយ​ចេតនា​បង្កដោយ​ជនសង្ស័យ​ឈ្មោះ កាយ ចន្ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិក​គោ ឃុំ​ជ្រៃ ស្រុក​ថ្មគោល បាន​ប្រើប្រាស់​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ​ចំនួន​២​នាក់ ឈ្មោះ ជិន សុភា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​(​ម្ដាយមីង​) និង​ឈ្មោះ ទឹម ង៉ា ភេទ​ស្រី អាយុ​១៥​ឆ្នាំ (​ប្អូនស្រី​) នៅ​ភូមិក​គោ ឃុំ​ជ្រៃ ស្រុក​ថ្មគោល បណ្ដាល​ឲ្យ​រងរបួស​ទាំង​២​នាក់​។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ ដោយ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​តា​គី រហូត​ឈានដល់​ការចាប់ខ្លួន​ជនដៃដល់ នៅ​រសៀល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​វត្ត​ត្រាង ភូមិ​ត្រាង ឃុំ​អូរ​តា​គី ហើយ​នាំទៅ​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា មូលហេតុ​គឺ​បណ្តាលមកពី​ខ្លួន​សុំ​ប្រាក់​ម្តាយមីង​ទិញ​ស្រា​ផឹក​មិនបាន ទើប​យក​ពូថៅ​កាប់​ទៅលើ​ម្តាយមីង​របស់ខ្លួន ហើយ​ប្អូនស្រី​ចូលមក​ជួយ​ក៏​កាប់​ទាំង​ប្អូនស្រី​ម្នាក់ទៀត បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​ទាំងពីរ​នាក់ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕L ដោយ​៖ គ្រញូង​

#