ប៉ូលិស​ចាប់​ថ្នាំញៀន​៣៩​គីឡូក្រាម​លាក់​ក្នុង​រថយន្ត​នៅ​វៀតណាម​

310
ចែករម្លែក

​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន​ជាង​៣៩​គីឡូក្រាម ត្រូវបាន​រឹបអូស​បាន​ពី​រថយន្ត​មួយ​នៅក្នុង​ខេត្ត ថា​យ ង្វៀន នៅ​វៀតណាម​ខាងជើង កាល​ថ្ងៃ​ពុធ​ទី​៧​សីហា​។​បុរស​៣​នាក់ រួម​មាន​ជនជាតិ​​ឡាវ​ម្នាក់ និង​វៀតណាម​២​នាក់ ក៏​ត្រូវបាន​ចាប់ខ្លួន​ជាមួយនឹង​ថ្នាំញៀន​នេះ​។​

​ប៉ូលិស​បាន​ស្ទាក់​ឃាត់​រថយន្ត​និង​បាន​រកឃើញ​ថ្នាំ​ញៀន​ដែល​លាក់​ក្នុង​ទ្វារ​និង​បាត​រថយន្ត​។​

​ការស៊ើបអង្កេត​បាន​នាំ​ដល់​ការចាប់ខ្លួន​មនុស្ស​២​នាក់​ទៀត និង​កំពុង​ស្វែងរក​សមាជិក​ក្រុម​នេះ​បន្ថែម​។​

​សូមបញ្ជាក់​ថា​ ​ការជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន​កំពុង​រីកសាយ​នៅ​វៀតណាម​ទោះជា​មានច្បាប់​ប្រឆាំង​ថ្នាំញៀន​ដ៏​តឹងរឹង​បំផុត​មួយ​នៅក្នុង​លោក​។​ជន​ណា​ដែល​ត្រូវបាន​កាត់ទោស​ចំពោះ​ការ​មាន​ឬ​លួច​ដឹក​ជញ្ជូន​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន​លើ​០,៦​គីឡូក្រាម ឬ​ថ្នាំ​មេតំ​ហ្វេ​តា​មីនលើ​២,៥​គីឡូក្រាម ប្រឈម​ការប្រហារជីវិត​។​ការផលិត​ឬ​លក់​ហេ​រ៉ូ​អ៊ីន​១០០​ក្រាម​ឡើង ឬ​ថ្នាំ​​ញៀន​ខុសច្បាប់​ផ្សេងៗ​៣០០​ក្រាម​ឡើង​ក៏​ទទួល​ទោស​ប្រហារជីវិត​ដែរ​។​

​វៀតណាម​ឥឡូវ​ក្លាយ​ជា​មណ្ឌល​ជួញដូរ​ថ្នាំញៀន​ដ៏​សំខាន់​មួយ​មក​ពី​តំបន់​ត្រីកោណមាស​៕​ដោយ​៖​វាសនា​

​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន ត្រូវបាន​ចាប់​នៅក្នុង​រថយន្ត​នៅលើ​ផ្លូវ​ហាយវ៉េ​មួយ​នៅ​វៀតណាម​ខាងជើង​