ប៉ូលិស​ចាប់​យក​វ៉ា​លី​ស​ប្រណិត​២៨៤ លុយ​និង​វត្ថុ​មាន​តំលៃ​៧២​បាវ​ពី​ផ្ទះ​របស់​គ្រួសារ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​

1370
ចែករម្លែក

ប៉ូលិសម៉ាឡេស៊ីកាលពីយប់ថ្ងៃព្រហស្បតិ៍ទី១៧ឧសភា បានឆ្មក់ចូលឆែកឆេរផ្ទះល្វែង៣នៅខុនដូក្នុងទីក្រុងកូឡាឡាំពួរមួយរបស់គ្រួសារនាយករដ្ឋមន្រ្តីធ្លាក់ពីតំណែងណាជីប រ៉ាហ្សាក់ ដោយបានរឹបអូសយកវ៉ាលីស២៨៤ ដែលដាក់កាបូបប្រណិត និងលុយ គ្រឿងអលង្ការ នាឡិកាព្រមទាំងវត្ថុមានតំលៃផ្សេងៗចំនួន៧២បាវ។

លោកអាម៉ា ស៊ីង នាយកប៉ូលិសស៊ើបអង្កេត បាននិយាយថា ប៉ូលិសបានឆែកឆេរផ្ទះចំនួន៦ចាប់តាំងពីថ្ងៃពុធមក រួមមានការិយាល័យអតីតនាយករដ្ឋមន្រ្តី គេហដ្ឋានរបស់លោកណាជីបនិងផ្ទះ៤ទៀតដែលជាប់ពាក់ព័ន្ធលោក។

នៅផ្ទះមួយក្នុងចំណោមផ្ទះទាំងនេះ ប៉ូលិសបានប្រមូលយកភស្តុតាងច្រើនបំផុត គឺកេះឡាំងរាប់រយ ដែលដាក់កាបូបម៉ាកHermes Birkin សរុបទៅ៥ឡានធំ។

លោកស៊ីងបាននិយាយទៅកាន់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃសុក្រនេះថា “ផ្ទះជារបស់ណាជីប។វត្ថុដែលត្រូវបានរឹបអូស គិតជាប្រាក់មិនទាន់អាចកំណត់បាននៅឡើយទេ។យើងនឹងរាប់ហើយដឹងនៅថ្ងៃស្អែក។ចំនួនគ្រឿងអលង្ការកាន់តែធំ”។

លោកស្រី រ៉ូសម៉ា ម៉ាន់ស័រ ភរិយារបស់លោកណាជីប ល្បីខាងនិយមចូលចិត្តប្រើកាបូបBirkin។កាបូបមួយៗថ្លៃពី១២.០០០ទៅ៣០០.០០០ដុល្លារអាមេរិក។លោកស្រីបានបង្កកំហឹងនៅពេលមានរបាយការណ៍ថា លោកស្រីបានទិញកាបូបBirkinថ្លៃ២០០.០០០ដុល្លារកាលពីឆ្នាំ២០១៥។ទោះជាយ៉ាងណាជំនួយការរបស់លោកស្រីបាន
បដិសេធរបាយការណ៍នេះ។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មានបណ្តឹងមួយទៅប៉ូលិសថា មានភស្តុតាងបង្ហាញអំពីការប៉ុនប៉ងលាក់កាបូបBirkin យ៉ាងតិច៥០ដែលអាចជារបស់លោកស្រី រ៉ូសម៉ា។វត្ថុក្នុងបណ្តឹងត្រូវបានឆែករកឃើញនិងរឹបអូសក្នុងពេលចូលឆែកឆេរនៅគេហដ្ឋានTaman Duta របស់ណាជីបកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ប៉ូលិសក៏បានខួងទូដែកមួយ
នៅក្នុងគេហដ្ឋាននេះ ដោយសារបើតាមការអះអាងរបស់មេធាវីរបស់ម្ចាស់ផ្ទះថាវាខូចសោរជាង២ទសវត្សរ៍មកហើយ។

ការឆ្មក់ចូលឆែកឆេរនេះ ត្រូវបានធ្វើឡើងជាផ្នែកនៃការស៊ើបអង្កេតមួយជុំវិញរឿងអាស្រូវបាត់លុយរាប់ពាន់លានដុល្លារនៅមូលនិធិរដ្ឋ1MDB។

លោកណាជីបនិងភរិយា បានប៉ុនប៉ងចាកចេញពីប្រទេសតែត្រូវហាមឃាត់ ដោយសារជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវហិរញ្ញវត្ថុនេះ។ក្រសួងយុត្តិធម៌អាមេរិកបានរកឃើញថាលោកស្រីរ៉ូសម៉ា បានទិញពេជ្រពណ៌ស៊ីជំពូរមួយគ្រាប់ថ្លៃ២៣លានដុល្លារដោយប្រើលុយ1MDB។

មូលនិធិ1MDB ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលមុន សំរាប់ជំរុញការវិនិយោគនិងអភិវឌ្ឍសេដ្ឋកិច្ច តែវាបានប្រែជាជាប់បំណុលកាន់តែគរឡើងភ្លាមៗ រហូតដល់៥០.០០០លានរីងហ្គីតនៅគ្រាមួយ។

លោកណាជីបបានបដិសេធថា លោកមិនបានធ្វើអ្វីខុសទេ៕ដោយ៖វាសនា

ប៉ូលិសនាំយកកេះឡាំងពីផ្ទះរបស់អតីតនាយករដ្ឋមន្រ្តីចូលឡានកាលពីព្រឹកថ្ងៃសុក្រទី១៨ឧសភា