ប៉ូលិស​ចាប់​អ្នក​រៀបចំ​បាតុកម្ម​នៅ​ហុងកុង ក្រោយ​ការជួបជុំ​ប្រែជា​ហិង្សា​

105
ចែករម្លែក

​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​លេចធ្លោ​ម្នាក់​នៅ​ហុងកុង ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​បន្ទាប់ពី​ការតវ៉ា​ប្រឆាំង​មួយ​ដែល​ជននេះ​បាន​ជួយ​រៀបចំ​ធ្វើ​កាលពី​ថ្ងៃ​​អាទិត្យ បាន​ប្រែជា​ហិង្សា​ដោយ​ទាំង​ប៉ូលិស​និង​បាតុករ​បាន​បែកក្បាល​ចេញ​ឈាម​ហើយ​ប៉ូលិស​បាញ់​គ្រាប់​បែកផ្សែង​ដាក់​ហ្វូង​បាតុកម្ម​។​

​ប៉ូលិស​ក៏​បាន​ចាប់ខ្លួន​មនុស្ស​មួយចំនួន រួម​មាន​បាតុករ​ម្នាក់​ដែលរ​បួស​ឈាម​ក្បាល​។​

​ក្រុម​រៀបចំ​បាតុកម្ម​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​មករា​ថា វេន​ទូ​ស ឡាវ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ចំពោះ​ការចោទប្រកាន់​ថា​រារាំង​ការងារ​ប៉ូលិស​និង​រំ​​លោភ​លក្ខខណ្ឌ​ធ្វើបាតុកម្ម​។​

​ពួក​អ្នក​រៀបចំ​បាន​សុំ​ធ្វើបាតុកម្ម និង​អាជ្ញាធរ​អោយ​ធ្វើ​តែ​នៅ​ឧទ្យាន​មួយ​នៅ​កណ្តាល​ក្រុង តែ​ការប្រឆាំង​តវ៉ា​បាន​រាលដាល​ទៅ​កាន់​វិថី​ជុំវិញ​នោះ ដោយ​បាតុករ​​ខ្លះ​បាន​បិទផ្លូវ​។​

​ប៉ូលិស​បាន​ចូល​អន្តរាគមន៍ និង​បាញ់​គ្រាប់​បែកផ្សែង​បំបែកហ្វូង​បាតុកម្ម​។​ប៉ូលិស​២​នាក់ ក៏​បាន​រង​ការវាយដំ​ដល់​ចេញឈាម​ពី​សំណាក់​បាតុករ​កាលពី​ថ្ងៃអាទិត្យ​។​

​បញ្ហា​បាន​កើតឡើង​នៅ​ពេល​ប៉ូលិស​បញ្ជា​អោយ​បំបែក​ការជួបជុំ ក្រោយ​ប៉ូលិស​បាន​ធ្វើ​ការឃាត់ខ្លួន​មនុស្ស​និង​ឆែកឆេរ​នៅ​ផ្លូវ​ជិតៗ​នោះ ហើយ​រង​ការ​គប់​ដប​​ទឹក​និង​ថ្នាំលាប​មកលើ​។​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​មួយ​ក្រុម​បាន​ព្យាយាម​និយាយ​ជាមួយ​អ្នករៀបចំ​ការជួបជុំ​តែ​ត្រូវ​ពួក​អ្នក​ប្រឆាំង​តវ៉ា​ពាក់​ម៉ា​សមុខ វាយ​មកលើ​​ពួកគេ​រហូត​បែកក្បាល​។​

​ក្រោយមក​សហការី​របស់​គេ​បាន​ចូល​ឃាត់​និង​នាំ​ពួកគេ​ចេញទៅ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​លើ​ហ្វេ​សប៊ុក កងកម្លាំង​ប៉ូលិស​ហុងកុង​បាន​និយាយថា​«​អំពើ​ដូច្នេះ មិន​ត្រូវ​អត់ឱន​អោយ​ឡើយ​»​។​

​ការប្រឆាំង​តវ៉ា​នៅ​ហុងកុង​បាន​បន្ត​អស់​ពេល​៧​ខែ​មក​ហើយ​ដោយ​ដំបូង​វា​បង្ក​ឡើង​ពី​ការប្រឆាំង​នឹង​ពង្រាង​ច្បាប់​បត្យាប័ន​មួយ​តែ​ទោះជា​វា​ត្រូវបាន​អាជ្ញាធរ​ហុងកុង​លុបចោល ចលនា​ប្រឆាំង​តវ៉ា​មិន​បាន​បញ្ឈប់​ហើយ​ពួក​អ្នក​ប្រឆាំង​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព​ធំ​ឡើង​។​

​ក្នុង​បាតុកម្ម​កាលពី​ថ្ងៃអាទិត្យ មនុស្ស​រាប់ពាន់​នាក់​បាន​ជួបជុំ​នៅ​កណ្តាល​សង្កាត់​ពាណិជ្ជកម្ម​របស់​ទីក្រុង​ដោយ​ពួកគេ​ស្រែក​ពាក្យស្លោក​ដូចជា​«​សាមគ្គី​ជាមួយ​​ហុងកុង ប្រយុទ្ធ​ដើម្បី​សេរីភាព​»​។​បាតុករ​ខ្លះ គ្រវី​ទង់​អាម៉េរិក អង់គ្លេស​និង​ទង់​ឯករាជ្យ​ហុងកុង​។​

​ពួក​អ្នក​រៀបចំ​និយាយថា មនុស្ស​១៥០.០០០​នាក់​បាន​ចូលរួម​បាតុកម្ម​កាលពី​ថ្ងៃអាទិត្យ តែ​ប៉ូលិស​ថា​មាន​ប្រមាណ​១១.០០០​នាក់​ប៉ុណ្ណោះ​៕ដោយ៖វាសនា

ប៉ូលិស​និង​បាតុករ​ប្រឈមមុខគ្នា ក្នុង​បាតុកម្ម​នៅ​កណ្តាល​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​១៩​មករា​