ប៉ូលិស​ចិន​បោក​ផ្តួល​ស្រី​និង​កូន​នៅលើ​ផ្លូវ ហើយ​សង្កត់ក ខណៈដែល​កូនតូច​ខ្ទាត​ឆ្ងាយ ដោយសារ​ជម្លោះ​ចត​ឡាន​

529

​វីដេអូ​មួយ​ដែល​បង្ហាញ​ម​ន្រី្ត​ប៉ូលិស​ម្នា​ក់នៅ​ទីក្រុង​សៀ​ហៃ ប្រទេស​ចិន ដែល​បោក​ផ្តួល​ស្រី​ម្នាក់ និង​កូនតូច​របស់​នាង ទៅលើ​ដី​ថ្ម ផ្លូវ​មួយ​នោះ បាន​នាំឱ្យមាន​ប្រតិកម្ម​ចម្រុះ​នៅ​ប្រទេស​ចិន អំពី​ក្រុម​អាជ្ញាធរ​ប្រើ​កម្លាំង​ជ្រុល​ហួស​ក្នុងការ​ប្រឆាំង​ពលរដ្ឋ​។​

​តាម​សេចក្តីរាយការណ៍​ថា មន្ត្រីប៉ូលិស​ម្នាក់ បាន​កំពុងធ្វើការ​ត្រួតពិនិត្យ​មើល​ចំពោះ​ការចត​រថយន្ត​ខុសច្បាប់​នៅតាម​ផ្លូវ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​១​ខៃ​កញ្ញា នៅពេលដែល​ស្ត្រី​ម្នាក់​បានចាប់ផ្តើម​ឈ្លោះប្រកែក​ជាមួយ​គាត់ (​មន្ត្រីប៉ូលិស​នោះ​) អំពី​ការពិន័យ​ប្រាក់​ពី​ការចត​រថយន្ត​។​

​ក្នុង​វីដេអូ​នេះ គេ​ឃើញ ស្ត្រី ដែលមាន​ពកូន​តូច​ផងដែរ​នោះ បាន​និយាយ​តវ៉ា​ជាមួយ​មន្ត្រីប៉ូលិស​នោះ​ដោយ​រុញច្រាន​ប៉ូលិស​នោះ ចំ​ទ្រូង ជាច្រើនលើក ស្រាប់តែ ប៉ូលិស​ម្នាក់ទៀត បាន​ស្ទុះ​ចេញពី​រថយន្ត​ប៉ូលិស​នៅ​មុនពេល​មន្ត្រីប៉ូលិស​ទីមួយ​នោះបាន​ចាប់​បោក​ផ្តួល​ស្រី្ត​នោះ​ទៅ​លើដី​ជាមួយនឹង​កូន​របស់​នាង​ដោយ​កូនតូច​នេះ ខ្ទាត​ចេញពី​ដៃ​របស់​នាង ដោយ​បោក​ក្បាល​ទៅនឹង​ដី​ថ្ម ទាំង​ម្តាយ​និង​កូន ហើយ​ពួក​អ្នកដំណើរ​ដែល​ដើរកាត់​ទីនោះ បាន​ចូលទៅ​លើក​ក្មេង​តូច​នោះ​ឡើង ដោយ​វា​បាន​យំ​ស្រែក​យ៉ាងខ្លាំង​។​

​យោងតាម​ព័ត៌មាន​ពី​កាសែត New York Times បានឱ្យដឹងថា អ្នកប្រើប្រាស់​ទំនាក់ទំនង​សង្គម Weibo
​បានបង្ហាញ​ប្រតិកម្ម​របស់​ពួកគេ​ចំពោះ​ឃ្លី​ប​វីដេអូ ដែលមាន​រយៈពេល​២២​វិនាទី​នេះ ដែល​ត្រូវបាន​ចែក​ផ្សាយ​និង​ចូល​មើល​ដោយ​មនុស្ស​រាប់លាន​នាក់​។​

​មនុស្ស​មួយចំនួន បាន​ថ្កោលទោស​ចំពោះ​ការប្រើ​កម្លាំង​បែបនេះ​ទៅលើ​កូនក្មេង​នោះ ដោយ​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ម្នាក់​និយាយថា “​តើ​វា​ពិតជា​គំរាម​ហែង​ខ្លាំង​ប៉ុនណា​ទៅ​ចំពោះ​សុវត្ថិភាព​ចំពោះ​មន្ត្រីប៉ូលិស​ពី​ស្ត្រី​ម្នាក់ ដែលមាន​ពកូន​ម្នាក់​បែបនេះ​នោះ​… ទោះបី​ជាមាន​បញ្ហា​ឬ​មាន​ជម្លោះ​ក៏ដោយ​… រឿង​នោះ មិនត្រូវ​មាន​ហេតុផល​រហូតដល់​ប្រើ​កម្លាំង​ខ្លាំង​ជ្រុល​ដែល​ធ្វើឱ្យ​ក្មេង​តូច​នោះ​ធ្លាក់​ទៅលើ​ដី​បែបនេះ​ទេ​”​។​

​ប៉ុន្តែ មនុស្ស​មួយចំនួនទៀត បាន​ស្តីបន្ទោស​ស្ត្រី​នេះ ដោយ​និ​យ​យា​ថា នាង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការឈ្លោះប្រកែក​នេះ​។

​អ្នក​ប្រើ​បណ្តាញ​ទំនាក់ទំនង​សង្គម​Weibo ម្នាក់​ផ្សេងទៀត​និយាយថា “​នេះ​ជា​លទ្ធផល​នៃ​ច្បាប់​អន់ថយ ។ អ្នកបង្ក​បញ្ហា​នេះ ជឿថា​ប៉ូលិស មិន​ហ៊ាន​ធ្វើ​អី​ខ្លាំង​ចំពោះ​នាង ហើយ​បាន​ចត​រថយន្ត​ចោល​គ្មាន​សណ្តាប់ធ្នាប់​”​។​

​កាសែត​ចិត People’s Daily បាន​រាយការណ៍​ថា ការិយាល័យ​ប៉ូលិស​ក្នុង​តំបន់ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ដដែល​នោះ ដោយ​និយាយថា​មន្ត្រីប៉ូលិស​នោះ ត្រូវបាន​ផ្អាក​ពី​ការងារ ខណៈដែល​ការស៊ើបអង្កេត​បន្ថែមទៀត ត្រូវបាន​ធ្វើឡើង​៕ ដោយ៖ សុខា

រូបភាព​បង្ហាញ​ប៉ូលិស​ចិន​បោក​ផ្តួល​ស្រី​និង​កូនតូច​នៅលើ​ផ្លូវ ហើយ សង្កត់ក ខណៈដែល​កូនតូច​ខ្ទាត​ឆ្ងាយ ដោយសារ​ជម្លោះ​ចត​ឡាន