ប៉ូលិស​ចិន​ឥឡូវ​បំពាក់​សុទ្ធតែ​វ៉ែនតា​ឌីជីថល​មាន​កាមេរ៉ា​ចាប់​ជនសង្ស័យ​

283

ប៉ូលិស​ចិន​កំពុង​ត្រូវបាន​បំពាក់​ជាមួយ​វ៉ែនតា​បច្ចេកវិជ្ជា​ខ្ពស់​ដែល​អាច​ចាប់​ដាន​ជនសង្ស័យ​នៅក្នុង​ស្ថានីយ​រថភ្លើង​ដ៏​កកកុញ​។ នេះ​ជាការ​ប្រើ​បច្ចេកវិជ្ជា​ថ្មី​បំផុត​នៃ​ការ​សម្គាល់​ផ្ទៃមុខ ដែល​បង្ក​ការព្រួយបារម្ភ​ជាខ្លាំង​ក្នុងចំណោម​អង្គការ​ការពារ​សិទ្ធិមនុស្ស​។​

​ដោយ​មើលទៅ​ស្រដៀង​នឹង​រឿង​ភាគ​បែប​វិទ្យាសាស្ត្រ “Black Mirror” មន្ដ្រី​នៅ​ទីក្រុង​ចេង​ចូ​វ​កំពុង​នាំគ្នា​ពាក់​វ៉ែនតា​ឌីជីថល ចំ​ពេលដែល​អ្នកធ្វើដំណើ​រ​ដ៏​ច្រើន​សម្បើម​កំពុង​វិលត្រឡប់​ទៅផ្ទះ​វិញ​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ចិន ដែលជា​ពេលវេលា​ដ៏​មមាញឹក​បំផុត​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​របស់​ប្រទេស​ចិន​។​

​យោងតាម​កាសែត People’s Daily ដែល​ដកស្រង់​សម្តី​ប៉ូលិស​ទីក្រុង​បាន​និយាយថា រហូតមកដល់​ពេលនេះ​បច្ចេកវិជ្ជា​នេះ​បានអនុញ្ញាត​ឱ្យ​ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ ៧ នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​ផ្សេងៗ​ចាប់ពី​ការជួញដូរ​មនុស្ស​រហូត​ដល់​បើក​បុក​ហើយ​រត់ ព្រមទាំង​មនុស្ស ២៦ នាក់​ផ្សេងទៀត​ដែល​ប្រើ​អត្តសញ្ញាណ​បណ្ណ​ក្លែងក្លាយ​។​

​ប្រព័ន្ធ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ចិន​ក្នុងការ​បង្កើត​ប្រព័ន្ធ​ឃ្លាំមើល​ឌីជីថល​ដែល​អាច​ប្រើប្រាស់​ទិន្នន័យ​ជីវមាត្រ​ផ្សេងៗ​គ្នា ចាប់ពី​រូបថត​និង​ការ​ស្កែ​ន​តាម​ប្រព័ន្ធ​អាយ​រី​ស (Iris) រហូតដល់​ស្នាម​ក្រយៅដៃ ដើម្បី​រក្សា​ការតាមដាន​បំលាស់​ទី​របស់​ប្រជាជន​ចិន​ទាំងអស់​៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិស​នៅ​ក្រុង​ចេង​ចូ​វ​ពាក់​វ៉ែនតា​ឌីជីថល​ភ្ជាប់​ជាមួយ​កាមេរ៉ា​ពិសេស​អាច​ចាប់​ជនសង្ស័យ​បាន