ប៉ូលិស​ចិន​១២​ពាន់​នាក់​ចូលរួម​ការហ្វឹកហាត់​ប្រឆាំង​បាតុកម្ម​នៅ​ជិត​ហុងកុង​ (វីដេអូ)

591
ចែករម្លែក

​ប៉ូលិស​ចិន​សរុប​១២.០០០​នាក់​បាន​ចូលរួម​ក្នុង​លំ​ហាត់​ប្រឆាំង​បាតុកម្ម​-​កុបកម្ម​កាលពី​ថ្ងៃ​អង្គារ​ទី​៦​សីហា នៅ​ក្រុង​សិន​ចិន ជាប់​ព្រំដែន​ហុងកុង ចំ​ពេល​ការតវ៉ា​ប្រឆាំង​របស់​អ្នក​​ក្រុង​ហុងកុង​នៅ​បន្ត​និង​បង្ក​អំពើហិង្សា​ជាប់​គ្នា​នៅ​មួយ​រយៈកាល​ចុងក្រោយ​នេះ​។​

​ប៉ូលិស​ចិន​បាន​និយាយ​ក្នុង​សារព័ត៌មាន​Global Times​ថា ការហ្វឹកហាត់​នេះ​មានបំណង​រក្សា​ស្ថិរភាព​សង្គម លើកទឹកចិត្ត​ប៉ូលិស​និង​ត្រៀមកម្លាំង​។​

​វីដេអូ​ក្នុង​ទំព័រ​ទ្វី​ត​ធឺ​ផ្លូវការ​របស់​សារព័ត៌មាន​នេះ បង្ហាញ​ប៉ូលិស​ពាក់មួក​ការពារ​និង​កាន់​ខែល​ប៉ះ​ជាមួយ​មនុស្ស​ពាក់​ខ្មៅ​និង​មួក​សំណង់​ពណ៌​លឿង ដូចគ្នា​នឹង​បាតុករ​ដែល​កំពុង​​តវ៉ា​ប្រឆាំង​នៅ​ហុងកុង​។​

Global Times ក៏​បាន​ពោលថា ការហ្វឹកហាត់​នេះ​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ជាខ្លាំង​ពីព្រោះ​វា​សម្តែង​ដូចគ្នា​នឹង​អ្វី​ដែល​កំពុង​កើត​នៅ​ហុងកុង​។​

​ការបង្ហាញ​ការត្រៀម​កម្លាំង​នេះ​កើតឡើង​ចំពេល​ប្រធាន​ការិយាល័យ​កិច្ចការ​ហុងកុង​និង​ម៉ា​កាវ​របស់​ចិន បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​៧​សីហា​ថា​ហុងកុង​កំពុង​ប្រឈម​វិបត្តិ​អាក្រក់​បំផុត​ចាប់តាំងពី​វា​ត្រូវ​បាន​ប្រគល់​អោយ​ចិន​គ្រប់គ្រង​វិញ​កាលពី​ឆ្នាំ​១៩៩៧​។​

​សូមបញ្ជាក់​ថា ទីក្រុង​ហុងកុង​នៅ​រយៈពេល​ជាង​២​ខែ​មកនេះ​បាន​និង​កំពុង​ជួប​ការតវ៉ា​ប្រឆាំង ដែល​ពី​ដំបូង​ផ្តើមចេញពី​ការប្រឆាំង​នឹង​ការជំរុញ​អនុម័ត​ច្បាប់​បត្យាប័ន​ដែល​​នឹង​អនុញ្ញាត​អោយ​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពី​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិន​ដីគោក ។​តែ​បន្ទាប់​ពី​រដ្ឋាភិបាល​ហុង​កុង​ប្រកាស​ផ្អាក​ការអនុម័ត​ច្បាប់ ពួក​បាតុករ​បន្ត​ទាមទារ​​អោយ​លុបចោល​ច្បាប់​នេះ​ទាំងស្រុង ការលាឈប់​របស់​មេដឹកនាំ​ហុងកុង ការស៊ើបអង្កេត​ចំណាត់ការ​របស់​ប៉ូលិស​លើ​បាតុករ និង​កំណែ​ទំរង់​ប្រជាធិបតេយ្យ​ផ្សេងៗ​។​

​លោក​ចាង ស៊ា​វ​មិញ ដែល​ជា​មន្ត្រីជាន់ខ្ពស់​ចិន​មើល​ការខុសត្រូវ​កិច្ចការ​ហុងកុង បាន​និយាយថា​«​វិបត្តិ​ហុងកុង​…​បាន​បន្ត​អស់​៦០​ថ្ងៃ និង​កាន់តែ​អាក្រក់​ឡើងៗ​។​អំពើហិង្សា​កាន់​​តែ​កើន​សម្ទុះ និង​ផលប៉ះពាល់​លើ​សង្គម​ក៏​កាន់តែ​រាលដាល ។​អាច​និយាយថា ហុងកុង​ឥឡូវ​ប្រឈម​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​ចាប់តាំងពី​ទទួល​វាពី​អង់គ្លេស​»​។​

​សូមបញ្ជាក់​ថា កាលពី​សប្តាហ៍​មុន​អង្គភាព​យោធា​ចិន​ប្រចាំ​ហុងកុង ក៏​បាន​បញ្ចេញ​វីដេអូ​ឃោសនា​មួយ​បង្ហាញ​ការហ្វឹកហាត់​របស់​ទាហាន​ប្រដាប់អាវុធ​វាយ​បំបែកហ្វូង​បាតុកម្ម​​នៅ​ហុងកុង​។​

​រដ្ឋាភិបាល​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​៦​សីហា ក៏​បាន​ចេញ​ការរិះគន់​ខ្លាំងៗ​លើ​អ្នក​តវ៉ា​ប្រឆាំង ដោយ​បាន​ព្រមាន​ពួកគេ​ថា​«​កុំ​លេង​ជាមួយ​ភ្លើង​» និង​អំពាវនាវ​ប្រជាជន​ហុងកុង​​ការពារ​មាតុភូមិ​របស់​គេ​៕​ដោយ​៖​វាសនា​