ប៉ូលិស​ថៃ​ចាប់ខ្លួន អ្នកធ្វើ​លិខិតឆ្លងដែន​ក្លែង​កា្ល​យ ដោយមាន​ការទាក់ទង​ជាមួយ​ក្រុម​អាយ​ស៊ី​ស​

199

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា អ្នកធ្វើ​លិខិតឆ្លងដែន​ក្លែងក្លាយ​ម្នាក់ ជា​ជនជាតិ​ប៉ា​គី​ស្ថាន ដែល​លិខិតឆ្លងដែន​ក្លែងក្លាយ​របស់គាត់​ត្រូវបាន​លក់​ឱ្យទៅ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម (​ក្រុម​អាយ​ស៊ី​ស​) នោះ ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​ថៃ​។​

​អ្នក​ក្លែងបន្លំ​លិខិតឆ្លងដែន​នេះ​ឈ្មោះ ម៉ូ​ហា​ម៉ាត់ អ៊ី​ក្បាល់ (Mohammad Iqbal) អាយុ​៥២​ឆ្នាំនេះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៤​ខែមករា​នៅ​ជាយក្រុង​បាងកក ដោយមាន​លិខិតឆ្លងដែន​សិង្ហ​បុរី​និង​ឥណ្ឌា​ក្លែងក្លាយ​ជាច្រើន​និង​សម្ភារៈ​ជាច្រើន​ទៀត សម្រាប់ធ្វើ​ទិដ្ឋាការ​ក្លែងក្លាយ សម្រាប់​ចូល​ប្រទេស​បារាំង អ៊ីតាលី និង​អេ​ស្ប៉ា​ញ​។​

​លោក ស៊ូ​តទី​ពង់ វង់​ពី​ន ប្រធាន​គ្រប់គ្រង​ការិយាល័យ​អន្តោប្រវេសន៍​ថៃ​បាន​និយាយប្រាប់​ក្រុមអ្នកកាសែត​នៅ​ទីក្រុង​បាងកក​ថា “​ម៉ូ​ហា​ម៉ាត់ អ៊ី​ក្បាល់ បានធ្វើ​លិខិត​ឯកសារ​ក្លែង​ក្លាយជា​យូរ​មក​ហើយដោយ​ប្រើប្រាស់​ប្រទេស​ថៃ​ជា​មូលដ្ឋាន​របស់គាត់​”​។​

​ម៉ូ​ហា​ម៉ាត់ អ៊ី​ក្បាល់ ដែល​ត្រូវបាន​គេ​ជឿថា​បានធ្វើ​ប្រតិបត្តិការ​នេះ​ពី​ប្រទេស​ថៃ​អស់​រយៈពេល​ជាង​១០ ឆ្នាំ​មកនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ​លិខិតឆ្លងដែន ទិដ្ឋាការ​ក្លែងក្លាយ និង ការលក់​លិខិតឆ្លងដែន​ក្លែងក្លាយ​។

​កាលពីដើម​សប្តាហ៍​នេះ រដ្ឋមន្ត្រី​ការពារជាតិ​ថៃ លោក ប្រា​វីត វង់​សុ​វ៉ាន់ បាន​ភ្ជាប់ ម៉ូ​ហា​ម៉ាត់ អ៊ី​ក្បាល់ ទៅនឹង​ក្រុម​លក់​លិខិតឆ្លងដែន​ឱ្យទៅ​ក្រុម​រដ្ឋ​អ៊ីស្លាម​។ លោក​បាន​និយាយថា ជនសង្ស័យ​នេះ បាន​ក្លែងបន្លំ​ទិដ្ឋាការ​និង​លិខិតឆ្លងដែន សម្រាប់​ក្រុម​អាយ​ស៊ី​ស​ដើម្បីឱ្យ​ពួកគេ​ធ្វើដំណើរ​ពី​មជ្ឈិមបូព៌ា​ចូល​ប្រទេស​ថៃ ប៉ុន្តែ​ការប៉ុនប៉ង​នេះ​មិនបាន​ជោគជ័យ​ទេ​៕ ដោយ៖ សុខា

ប៉ូលិស​ថៃ បង្ហាញ​លិខិតឆ្លងដែន​ក្លែង​កា្ល​យ​និង​សម្ភារៈ​សម្រាប់ធ្វើ​លិខិតឆ្លងដែន​ក្លែង​កា្ល​យ បន្ទាប់ពី​ចាប់ខ្លួន​ជនសង្ស័យ​នេះ