ប៉ូលិស​ថៃ​ចាប់​ក្រុម​ចាប់ជំរិត​តាម​ទូរស័ព្ទ​ជាង​៤០​នាក់​ជាមួយនឹង​លុយ​ជំរិត​៣​លាន​ដុល្លារ​

1022
ចែករម្លែក

​ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​២៤​ខែកក្កដា​ថា ពួកឧក្រិដ្ឋជន​មួយក្រុម​ដែលមាន​គ្នា​៤៤​នាក់​មកពី​ប្រទេស​ចិន​និង​កោះ​តៃវ៉ាន់ ត្រូវបាន​ចាប់ខ្លួន​នៅ​ថៃ ពីបទ​ធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​តាម​ទូរស័ព្ទ ដោយ​បោក​បញ្ឆោត​បាន​ប្រាក់​ចំនួន​៣​លាន​ដុល្លារ​ពី​ក្រុម​ជនរងគ្រោះ​ច្រើន​នាក់ ។​

​ការ​ឆ្មក់​ចូល​ឆែកឆេរ​នៅតាម​ផ្ទះមួយ​ចំនួន​នៅ​ទីក្រុង​បាងកក និង​ទីក្រុង​ប៉ាត់​តា​យ៉ា​បាន​ចាប់បាន​ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ ដែល​គោលដៅ​របស់​ពួកគេ​គឺ​សំដៅលើ​ក្រុម​ជនរងគ្រោះ​នៅ​ប្រទេស​ចិន​។​

​ប៉ូលិស​បាន​ចាប់​រឹបអូស​យក​ប្រព័ន្ធ​ទាក់ទង​ទូរស័ព្ទ​ដែល​ប្រើ​សម្រាប់​ហៅ​ទៅកាន់​ក្រុម​ជនរងគ្រោះ​ទាំងនោះ​។ មន្ត្រី​អន្តោប្រវេសន៍​ម្នាក់​បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា “​មាន​ជនរងគ្រោះ​ប្រហែល​១២០​នាក់​ក្នុង​អំពើ​បោក​បញ្ឆោត​នេះ ដោយ​គិត​ជា​លុយ​គឺ​២,៩​លាន​ដុល្លារ​”​។​

​ជនសង្ស័យ​ចំនួន​១៩​នាក់​មកពី​ប្រទេស​ចិន និង ជនសង្ស័យ​២៥​នាក់​ទៀត​មកពី​តៃវ៉ាន់​។​

​លោក ណា​ថា​ថន ព្រូ​ស៊ុន​តន មេ​ប៉ូលិសអន្តោប្រវេសន៍​ថៃ បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​ក​ក្កថា “​ពួក​អ្នកបោក​បញ្ឆោត​នេះ បាន​ប្រាប់​ក្រុម​ជនរងគ្រោះ​ថា គណនី​ធនាគារ​របស់​ពួកគេ​ត្រូវបាន​បង្កក​(​គឺ​មិនឱ្យ​ដក​ប្រាក់​) ដោយសារ​ជាប់ទាក់ទង​ទៅនឹង​សកម្មភាព​ឧក្រិដ្ឋ ដូចជា​ការជួញដូរ​គ្រឿង​ញៀន​ជាដើម ហើយ​ក្រោយមក​ពួកគេ​បាន​បញ្ចុះបញ្ចូល​ក្រុម​ជនរងគ្រោះ​ឱ្យ​ផេ្ទ​រ​លុយ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ប្រឌិត​ឡើង​នេះ តាមរយៈ​ក្រុមមន្ត្រី​ផ្សេងទៀត​ដែល​ធ្វើ​ការបោក​បញ្ឆោត​ជាមួយ​ក្រុម​ពួកឧក្រិដ្ឋជន​នេះ ដោយ​ក្លែង​ធ្វើជា​មន្ត្រី​ធនាគារ ឬ​ប៉ូលិស ក្នុង​គម្រោង​ការបោក​ប​ញ្ឆោ​ត​”៕ ដោយ៖ សុខា

​ប៉ូលិស​ថៃ