ប៉ូលិស​ថៃ​ប្រគល់​ជនសង្ស័យ​ឃាតករ​ពីរ​នាក់​ឲ្យ​ប៉ូលិស​កម្ពុជា​

1011
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សមត្ថកិច្ច​ថៃ​បាន​នាំខ្លួន​ជនសង្ស័យ​ឃាតករ​បាញ់សម្លាប់​មនុស្ស​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខេត្តបាត់ដំបង​នៅ​ម៉ោង​ជិត​៨​យប់​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៨​នេះ​នៅ​ចំណុច​ច្រកទ្វារ​អន្តរជាតិ​ខ្លង​លឹក ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ​។​ជនជាប់សង្ស័យ​បាន​បាញ់សម្លាប់​មនុស្ស​រួច​បា​ន​រត់គេចខ្លួន​ចូលទៅ​ប្រទេស​ថៃ​។​

​ជនសង្ស័យ​ទាំងពីរ​នាក់​ឈ្មោះ ១. ឈ្មោះ ប៊ុន ពន្លក អាយុ​២១​ឆ្នាំ ជា​និស្សិត​ពេទ្យ និង​ទី​២. ឈ្មោះ ហួន វាសនា អាយុ​២២​ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត​។ ឃាតករ​ទាំងពីរ​ដែល​ប៉ូលិស​ថៃ​ចាប់ គឺពាក់ព័ន្ធ​ករណី​ឃាតកម្ម កាលពី​វ​ម៉ោង​១០:១០​យប់ ថ្ងៃទី​៥ ខែសីហា នៅ​ចំណុច​ផ្លូវ ១៥៧០ វាល​អន្ទង់ស​ភូមិ​ក្រពើ​ជើង​ឃុំ​ភ្នំ​សំពៅ​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​ជនល្មើស​បាន​ជិះ​រថយន្ត​មួយគ្រឿង​បើក​កៀរ​រថយន្ត​ដឹក​ទឹកកក​ជនរង​គ្រោះ​ហើយ​បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​បាញ់​ជាច្រើន​គ្រាប់​លើ​ជនរងគ្រោះ​ឈ្មោះ ពេជ្រ ភី​សា ភេទ ប្រុស អាយុ​២៥​ឆ្នាំ បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូនទៅ​ពេទ្យ​។​

​លោក ម៉ី ឆេង​លី នាយប៉ុស្តិ៍​ឃុំ​ភ្នំ​សំពៅ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ ពេជ្រ ភី​សា អាយុ ២៣ ឆ្នាំ មុខរបរ បើករថយន្ត ដឹក​ទឹកកក​លក់ ។ ចំណែក​ព្រូឡាន​ពីរ​នាក់​ទៀត​រត់​រួច មាន ឈ្មោះ ហេង ចិ​ត្ត្រា ហៅ លិច អាយុ ១៩ ឆ្នាំ និង​ឈ្មោះ ប៊ូ ចាន់​ធី អាយុ​២៧ ឆ្នាំ​។ យុវជន​រងគ្រោះ ទាំងបី​នាក់ រស់នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ ជាមួយគ្នា​។ ដោយឡែក ជនសង្ស័យ មិន​ស្គាល់មុខ​និង​ចំនួន​ប៉ុន្មាន​នាក់ ជិះ​រថយន្ត​មួយ​គ្រឿង ម៉ាក​តូយ៉ូតា ហាយ​លែ​ន​ឌ័​រ ។​

​លោក​វរសេនីយ៍ឯក ប៉ាង វ៉ាន់​នី អធិការនគរបាល ស្រុក​បាណន់ តាម​ទូរស័ព្ទ បាន​បញ្ជាក់ថា ករណី​បាញ់​សម្លាប់​មនុស្ស​នេះ មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់ នៅឡើយ​ទេ​។ នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 3A-3095 មាន​គ្នា​បីនាក់ បាន​បើក​ទៅដល់​ចំណុច​វាល​អន្ទង់ស ស្ថិតក្នុង​ភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ជាប់​ព្រំប្រទល់​ភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ម៉ាក​តូយ៉ូតា ហាយ​លែ​ន​ឌ័​រ បើក​ទៅ​ពីក្រោយ រួច​កាក់​ពីមុខ​រថយន្ត​ដឹក​ទឹកកក ឲ្យ​ឈប់ ដោយ​ចោទថា រថយន្ត​ដឹក​ទឹកកក បើក​កៀ​រថយន្ត​របស់គេ ឲ្យ​ខូច​ត្រូវតែ​សង​។ ប៉ុន្តែ​ភាគី​រថយន្ត​ដឹក​ទឹកកក ទាំងបី​នាក់ ឆ្លើយ​បដិសេធថា មិនមាន​ប៉ះ​ទេ​។ ភាគី​ទាំងពីរ ជជែក​គ្នា​យ៉ាង​តឹង​ស​សៃ ក ។

បន្ទាប់មក តៃកុង​រថយន្ត​ហាយ​លែ​ន​ឌ័​រ បើករថយន្ត​ត្រឡប់ ក្រោយ ពេលមកដល់​កៀក​តៃកុង​រថយន្ត ដឹក​ទឹកកក ក៏​ឲ្យ​បក្ខពួក​ខ្លួន ដក​កាំភ្លើង​ប្រា​ហា បាញ់​ចំនួន​មួយ​គ្រាប់ ចំក្បាល ហើយ​ព្រូ​ពីរ​នាក់​ទៀត ចុះ​ពីលើ​ឡាន រត់គេចខ្លួន​សិន​។ បន្ទាប់មក​រថយន្ត ហាយ​លែ​ន​ឌ័​រ បើក​ទៅ​បាត់ ទើប​ពួកគេ ដឹក​អ្នករបួសធ្ងន់ ទៅ​មន្ទីរពេទ្យ​ខេត្ត តែ​បាន​ស្លាប់​តាមផ្លូវ ក៏​ដឹកយក​ទៅផ្ទះ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ លុះ​ជិត​ភ្លឺ ទើប​រាយការណ៍ ប្រាប់​សមត្ថកិច្ច ចុះទៅពិនិត្យ​។​

​លោក​អធិការ​ស្រុក​បាណន់ បាន​បញ្ជាក់ថា នៅ​កន្លែងកើតហេតុ សមត្ថកិច្ច រកឃើញ​សំបក​គ្រាប់ ប្រា​ហា បាញ់​រួច​មួយ​គ្រាប់ និង​ពីរ​គ្រាប់​ទៀត មិនទាន់​បាញ់​ជ្រុះ នៅ​កន្លែងកើតហេតុ ហើយ​រើស​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​៕​សរន