ប៉ូលិស​ថៃ​រឹបអូស​បាន​សព្វាវុធ​នៅមុន​ជំនួប​កំពូល​អាស៊ាន​

2103
ចែករម្លែក

​ប៉ូលិស​ថៃ​បាន​រឹបអូស​បាន​កាំភ្លើង​៣៥​ដើម​និង​ចាប់ខ្លួន​មនុស្ស​៣០​នាក់​នៅក្នុង​ប្រតិបត្តិការ​សន្តិសុខ​មួយ​នៅ​សង្កាត់​ដន​មឿង​នៅ​មុន​ជំនួប​កំពូល​អាស៊ាន​លើក​ទី​៣៥​នៅ​ក្រុង​​បាងកក​នា​ដើម​ខែ​ក្រោយ​។​

​ប៉ូលិស​តំបន់​២​នៃ​ក្រុង​បាងកក​បានធ្វើការ​ឆ្មក់​ចូល​ឆែកឆេរ​នៅ​តាម​សហគមន៍​ចាប់ពី​ថ្ងៃ​០៦​ដល់​១៦​តុលា ហើយ​ចាប់​បាន​រកឃើញ​កាំភ្លើង​គ្មាន​លិខិតអនុញ្ញាត​និង​គ្រាប់កាំភ្លើង​៤៨៧​គ្រាប់​។​

មេ​ប៉ូលិស​ក្រុង និង​មន្ត្រី​របស់​គាត់​ពិនិត្យមើល​សព្វាវុធ​ខុសច្បាប់​៣៥​ដើម​ដែល​រឹបអូស​បាន​

​សូមបញ្ជាក់​ថា​ក្នុងអំឡុង​ជំនួប​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើ​ក​ទី​៥២​កាលពី​ខែ​សីហា ដែល​មាន​ការចូលរួម​ដោយ​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក មាន​ការផ្ទុះ​គ្រាប់បែក​តូចៗ​ជាច្រើន​​នៅ​ក្រុង​បាងកក​។​

​តែ​សំរាប់​ជំនួប​លើក​នេះ ប៉ូលិស​ថៃ​រឹតបន្តឹង​សន្តិសុខ​មែនទែន​នៅ​ទូ​ទាំង​ទីក្រុង ដើម្បី​ធានា​ថា​ជំនួប​ថ្ងៃ​២-៤​វិច្ឆិកា នឹង​ដំណើរការ​ទៅ​ដោយ​រលូន​។​មេ​រង​ប៉ូលិស​ជាតិ​ថៃ​បានអោយ​​ដឹង​ថា​ប៉ូលិស​១០.០០០​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​ដើម្បី​រក្សា​សន្តិសុខ​។​

​ដើម្បី​សម្រួល​ដល់​ការរៀបចំ​ជំនួប គណៈ​រដ្ឋមន្ត្រី​ថៃ​ក៏បាន​សំរេច​អោយ​មន្ត្រី​រាជការ​ថៃ​ឈប់សម្រាក​២​ថ្ងៃ​នៅ​ក្រុង​បាងកក​និង​ខេត្ត​ណុន​ថា​បុរី ក្នុងអំឡុង​ជំនួប​កំពូល​អាស៊ាន​និង​​ជំនួប​ពាក់ព័ន្ធ​ផ្សេងទៀត​។​

​ជំនួប​កំពូល​នា​ខែ​ក្រោយ​នេះ​សំខាន់ ដោយសារ​តែ​ថៃ​មិន​ត្រឹមតែ​ទទួល​មេដឹកនាំ​អាស៊ាន​ប៉ុណ្ណោះ​ទេ តែ​រួមមាន​ប្រធានាធិបតី​អាម៉េរិក​ផង បើ​លោក​សំរេចចិត្ត​មក​ចូលរួម​ជំនួប​​នេះ​ដោយ​ផ្ទាល់​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន ប្រធានាធិបតី​កូរ៉េខាងត្បូង និង​នាយករដ្ឋមន្ត្រី​ចិន ស្ថិត​ចំណោម​មេដឹកនាំ​ដែល​នឹង​មក​ចូលរួម​ជំនួប​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​០២​វិច្ឆិកា តែ​គេ​នៅ​មិនទាន់​ដឹងថា​តើ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ របស់​អាម៉េរិក នឹង​មក​ដែល​ឬ​អត់ នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ត្រី​ការបរទេស​ថៃ​៕​ដោយ​៖​វាសនា​