ប៉ូលិស​ថៃ​១៦​នាក់​ឆ្លងកូវី​ដ​១៩ នៅ​ពេល​ថៃ​បន្ថែម​អ្នក​ឆ្លង​៥០​នាក់​ទៀត​

144
ចែករម្លែក

​ប៉ូលិស​ថៃ​ចំនួន​១៦​នាក់​បាន​ឆ្លង​វីរុស​កូរ៉ូ​ណាកូ​វីដ​១៩ និង​ប៉ូលិស​២២០​នាក់​ទៀត​នឹង​ត្រូវ​ដាក់​នៅ​ដាច់​ពី​គេ​១៤​ថ្ងៃ​ដើម្បី​បង្ការ​កុំអោយ​មាន​ការចម្លង​ទៅកាន់​​អ្នកដទៃ នេះ​បើ​តាម​ការបញ្ជាក់​ពី​មេ​ប៉ូលិស​រង​ថៃ លោក​ឧត្តមសេនីយ៍ ពី​យ៉ា អ៊ូ​ថា​យ៉ូ​។​

​ក្នុងចំណោម​ប៉ូលិស​ដែល​ឆ្លង ១០​នាក់​មក​ពី​ការិយាល័យ​ប៉ូលិស​ក្រុង ម្នាក់​នៅ​ប៉ូលិស​ល្បាត​ព្រំដែន ម្នាក់​នៅ​មន្ទីរពេទ្យ​ប៉ូលិស ម្នាក់​នៅ​ការិយាល័យ​ពិសេស ម្នាក់​​ជា​ប៉ូលិស​តំបន់​និង​ម្នាក់​ទៀត​នៅ​ការិយាល័យ​បង្ក្រាប​ថ្នាំញៀន​។​ពួកគេ​មិន​ស្ថិតក្នុង​ស្ថានភាព​ជម្ងឺ​ធ្ងន់ធ្ងរ​ទេ​។​

​ថៃ​កាលពី​ថ្ងៃ​សុក្រ​ទី​២០​មីនា ក៏​បាន​រាយការណ៍​ការ​ឆ្លង​៥០​ករណី​បន្ថែម នាំ​អោយ​អ្នក​ឆ្លងកូវី​ដ​១៩​នៅក្នុង​ប្រទេស​សរុប​ឡើងដល់​៣២២​នាក់​។​

​អគ្គនាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជម្ងឺ​របស់​ក្រសួង​សុខាភិបាល បាន​និយាយថា​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​មាន​៤១​នាក់ ឆ្លង​ក្នុង​សង្វៀន​ប្រដាល់​និង​កន្លែង​កម្សាន្ត​​នានា​។​

​ក្រុម​ឆ្លង​ចុងក្រោយ​នេះ​រួមមាន​ក្មេង​អាយុ​៦​ខែ និង​មនុស្សពេញវ័យ​៦​នាក់​នៅ​ភាគខាងត្បូង​ថៃ​ដែល​បាន​ទៅ​ចូលរួម​ពិធី​សាសនា​មួយ​នៅ​ម៉ាឡេស៊ី​។​សរុប អ្នក​ឆ្លង​​ថ្មី​៧២​នាក់​មាន​ប្រភព​ចេញ​ពី​សង្វៀន​ប្រដាល់​និង​៦២​នាក់​ចេញពី​កន្លែង​កម្សាន្ត​។​

​លោក​អគ្គនាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជម្ងឺ​របស់​ក្រសួង​សុខាភិបាល​បាន​អះអាងថា អ្នក​ឆ្លង​ថ្មី​៧៦,៧​ភាគរយ​ស្ថិតនៅ​ក្រុង​បាងកក និង​ភាគច្រើ​ជា​បុរស​ដែល​​នាំអោយ​មាន​ការព្រួយបារម្ភ​ថា ពួកគេ​អាច​ចម្លង​ទៅ​អ្នកដទៃ​៕​ប្រែ​សម្រួល​៖​វាសនា​

មេ​ប៉ូលិស​ថៃ​ធ្វើ​សន្និសីទ​កាសែត​ស្តីពី​ប៉ូលិស​ឆ្លង​វីរុស​